Saturday, April 20, 2024
Homeព័ត៌មានជាតិរៀបការបាន៤ខែ ស្នេហ៍កំពុងផ្អែមស្អិត ប្រពន្ធស្លាប់ឥតបានលា ប្តីរងាទួញយំឱបសព

រៀបការបាន៤ខែ ស្នេហ៍កំពុងផ្អែមស្អិត ប្រពន្ធស្លាប់ឥតបានលា ប្តីរងាទួញយំឱបសព

ខេត្តបាត់ដំបង ៖ គួរឱ្យសង្វេគអាណិតខ្លោចចិត្តខ្លាំងណាស់ដែលប្តីប្រពន្ធវ័យក្មេងមួយគូទើបតែរៀបការបាន៤ខែ ស្នេហាកំពុងផ្អែមស្អិត ស្រាប់តែស្ត្រីជាប្រពន្ធឈឺស្លាប់ដោយឥតបានលាមួយម៉ាត់ ធ្វើឱ្យបុរសជាប្តីទួញយំឱបសពរៀបរាប់ថា “ប្រពន្ធសំណព្វរបស់បង អូនទៅដោយគ្មានលាមួយម៉ាត់ អូនគេងបានសុខហើយ លាជារៀងរហូតប្រពន្ធសម្លាញ់!”។

ប្តីប្រពន្ធដែលរៀបការបាន៤ខែ ព្រាត់ស្លាប់នេះ បុរសជាប្តីមានឈ្មោះសែន ចំរើន អាយុ២៨ឆ្នាំ ចំណែកនារីជាប្រពន្ធមានឈ្មោះភ័ណ្ឌ ភារី អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ អ្នកទាំងពីរបានរៀបការកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។

តាមប្រភពមិត្តភក្តិបុរសស្ត្រីជាប្តីប្រពន្ធខាងលើ បានឱ្យដឹងថា អ្នកទាំងពីរបានស្រឡាញ់គ្នានិងបានធ្វើពិធីភ្ជាប់ពាក្យដោយកំណត់ថ្ងៃរៀបការនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ទើបនៅថ្ងៃរៀបការនោះ គ្រួសារនិងសាមីខ្លួនទាំងសងខាងបានឯកភាពគ្នារៀបចំពិធីតូចមួយ មានតែចាស់ទុំ សាច់ញាតិទាំងសងខាងចូលរួមដឹងឮ ដើម្បីបង្គ្រប់កិច្ចដោយមិន បានធ្វើពិធីជប់លៀងទទួលភ្ញៀវធំដុំនោះទេ។

ប្រភពដដែលបានឱ្យដឹងបន្តថា ក្រោយពីរៀបការហើយ ប្តីប្រពន្ធវ័យក្មេងនេះស្រឡាញ់គ្នាណាស់ ទៅណាមកណាទាំងគូដូចលលកញីឈ្មោល ប៉ុន្តែមច្ចុរាជមិនប្រណីបានឆក់យកជីវិតស្ត្រីជាប្រពន្ធ ឱ្យស្លាប់ចោលប្តីទាំងវ័យក្មេងដោយសារជំងឺរលាកស្រោមខួរក្បាល កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ទុកឱ្យបុរសជាប្តីយំសោកបោកខ្លួនឱបសពប្រពន្ធ ដោយក្តីស្តាយស្រណោះអាឡោះអាល័យកាយស្រីដែលធ្លាប់ឱបបីបមថ្នមប្រលែង ពេលនេះស្រីទៅចោលគ្មានថ្ងៃវិលត្រឡប់។

បុរសជាប្តីបានបង្ហោះរូបភាពយំឱបសពប្រពន្ធ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នា២០២០ ជាមួយសំណេរថា “មិនគួរឱ្យជឿទេអូន ប្រពន្ធសម្លាញ់របស់បង… ប្រពន្ធសំណព្វរបស់បង សូម្បីតែពាក្យលាមួយម៉ាត់ក៏មិនប្រាប់បងដែរ អូនចិត្តដាច់ណាស់… បងអរគុណគ្រប់យ៉ាងដែលអូនផ្តល់ឱ្យបង អូនគេងបានសុខហើយ លាជារៀងរហូត ប្រពន្ធសម្លាញ់…”។

បន្ទាប់ពីបានឃើញរូបភាពប្តីយំឱបសពប្រពន្ធខាងលើនេះ មានអ្នកចូលរួម Commnet សម្តែងការសោកស្តាយនិងជួយរំលែកទុក្ខចំពោះបុរសជាប្តីនិងក្រុមគ្រួសារនៃសព ព្រមទាំងបួងសួងឱ្យវិញ្ញាណក្ខន្ធសពនារីវ័យក្មេង បានទៅកាន់សុគតិភព និងលើកទឹកចិត្តបុរសជាប្តីឱ្យព្យាយាមកាត់ចិត្តទៅ ព្រោះអ្នកទៅបានសុខហើយ នៅឡើយតែអ្នកនៅដែលនៅមានទុក្ខ ដូចពុទ្ធភាសិតថា “រូបំ ទុក្ខំ អនិច្ចំ អនត្តា” (មានរូបមានទុក្ខ អ្វីៗមិនទៀង ខ្លួនមិនមែនជារបស់ខ្លួន)៕

RELATED ARTICLES