Thursday, April 25, 2024
Homeព័ត៌មានជាតិស្ត្រីអាជីវកររូបនេះ ប៊ិះអស់២០០០ដុល្លារ ដោយសារប្រុសឆាតតាមហ្វេសប៊ុក

ស្ត្រីអាជីវកររូបនេះ ប៊ិះអស់២០០០ដុល្លារ ដោយសារប្រុសឆាតតាមហ្វេសប៊ុក

ភ្នំពេញ ៖ ស្ត្រីជាអាជីវករលក់គ្រឿងអគ្គិសនីម្នាក់ត្រូវបានជនសង្ស័យមិនស្គាល់មុខម្នាក់ បានឆាតតាមហ្វេសប៊ុក មកទិញគ្រឿងអគ្គិសនីរបស់ខ្លួនក្នុងម្លៃជិត២ពាន់ដុល្លារ រួចក៏ឱ្យរថយន្ត១គ្រឿងមកដឹក ទាំងមិនទាន់ទូទាត់ប្រាក់ឱ្យនៅឡើយ លុះស្ត្រីជាអ្នកលក់សង្ស័យក៏បានឱ្យកម្មករជិះតាមឃ្លាំមើលរថយន្ត១គ្រឿងនោះ ស្រាប់តែពេលរថយន្តដឹកគ្រឿងអគ្គិសនីចេញផុត ឆាតទៅទារលុយលែងចូល ក៏រាយការណ៍ប្តឹងសមត្ថកិច្ចឱ្យជួយស្ទាក់ចាប់រថយន្ត១គ្រឿងនោះមកវិញតែម្តង។

ករណីឆបោកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមសម្តីស្ត្រីរងគ្រោះជាម្ចាស់ហាងលក់គ្រឿងអគ្គិសនី បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ប្រើគណនីហ្វេសប៊ុក ឈ្មោះរតនៈ បានឆាតមកកុម្មង់ទិញកង្ហានិងខ្សែភ្លើងពីហាងរបស់គាត់ ដែលមានតម្លៃសរុបចំនួនជិត២ពាន់ដុល្លារ។ បន្ទាប់មក អ្នកទិញរូបនោះក៏បានបង្គាប់ឱ្យដាក់ឈ្មោះអ្នកទទួល ឈ្មោះយូ នៅឯខេត្តព្រៃវែង។

បន្ទាប់មក គាត់ក៏បានប្រើឱ្យបុគ្គលិកប្រុសៗ២នាក់ ដឹកគ្រឿងអគ្គិសនី ពីហាងរបស់គាត់ម្តុំវត្តកោះ តាមរ៉ឺម៉កម៉ូតូយកទៅឱ្យរថយន្តទេសចរណ៍មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-7459 ដែលឈប់នៅរង់ចាំ ម្តុំផ្លូវ២០០៤។

ប្រភពដដែលបន្តថា ពេលដែលគាត់ប្រើបុគ្គលិកដឹកយកទៅ និងលើកអីវ៉ាន់ដាក់លើរថយន្តអស់ហើយ រូបគាត់ក៏បានឆាតទៅសួរនាំ ឈ្មោះរតនៈ ឱ្យវេរលុយមកឱ្យជាច្រើនលើកច្រើនសារ ក៏ស្រាប់ទាក់ទងលែងចូល។ ហើយនៅពេលលើកដាក់ឥវ៉ាន់ចូលរថយន្តខាងលើនោះ ដោយសារមិនទាន់បានគិតលុយដាច់ស្រេច ទើបបុគ្គលិករបស់គាត់ម្នាក់បានឡើងជិះនៅក្នុងរថយន្តជាមួយ ចំណែកម្នាក់ទៀតចេះតែបើករ៉ឺម៉កម៉ូតូតាមពីក្រោយជាប់ ចំណែកអ្នកបើកបររថយន្តនោះចេះតែបើកចុះឡើង បន្តិចទៅនេះ បន្តិចទៅទីនោះ ដោយមានការសង្ស័យ រូបគាត់ក៏បានប្តឹងកម្លាំងមានសម្ថកិច្ចឱ្យជួយឃាត់រថយន្តខាងលើតែម្តង។

តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើភ្លាម កម្លាំងសមត្ថកិច្ចក៏បានចេញអន្តរាគមន៍ស្ទាក់ឃាត់រថយន្តខាងលើបាន នៅត្រង់ចំណុចផ្លូវព្រះសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ លុះពេលសួរនាំបុរសជាអ្នកបើកបររថយន្តខាងលើ បាននិយាយប្រាប់ថា “រូបគាត់ត្រូវបានបុរសម្នាក់ឈ្មោះយូ ជាអ្នកលក់គ្រឿងអគ្គិសនីនៅផ្សារស្នេហ៍ ម្តុំភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង មានផ្ទះក្បែរគ្នា ជួលឱ្យដឹកគ្រឿងអគ្គិសនីយកទៅឱ្យក្នុងតម្លៃ៣០ដុល្លារ និងបានប្រាប់ថា រូបគាត់បានវេរលុយទៅឱ្យឈ្មោះរតនៈ រួចហើយ”។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ សមត្ថកិច្ចសង្ស័យថា ទំនងជាស្ត្រីរងគ្រោះជាអ្នកលក់គ្រឿងអគ្គិសនីចាញ់បោកបុរសម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះរតនៈ ធ្វើជាកុម្មង់ទិញកង្ហានិងខ្សែភ្លើង រួចហើយយកទៅលក់បន្តឱ្យបុរសម្នាក់ឈ្មោះយូ តែក្រោយពីយកលុយរបស់គេ អស់ហើយ ក៏បិទគណនីហ្វេសប៊ុកចោលតែម្តង។

ក្រោយពេលកើតហេតុ ដោយសារតែទីតាំងហាងលក់គ្រឿងអគ្គិសនីខាងលើ មានទីតាំងស្ថិតនៅម្តុំវត្តកោះ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ជាកន្លែងកើតហេតុនោះ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ក៏បានប្រគល់ទាំងរថយន្តគ្រឿងអគ្គិសនីនៅក្នុងរថយន្ត និងបុរសអ្នកបើកបរទៅឱ្យនគរបាលប៉ុស្តិ៍បឹងរាំងធ្វើការសាកសួរជាបន្តទៀត៕

RELATED ARTICLES