Saturday, April 20, 2024
Homeព័ត៌មានជាតិស្នេហ៍មិនចូលដល់ម៉ែឪ! អ្នកគ្រូពេទ្យក្រមុំប្រកែក ប្រុសធ្វើសកម្មភាព...

ស្នេហ៍មិនចូលដល់ម៉ែឪ! អ្នកគ្រូពេទ្យក្រមុំប្រកែក ប្រុសធ្វើសកម្មភាព…

ខេត្តស្វាយរៀង ៖ បុរសរោគចិត្តម្នាក់បានលបលួចកួចចិត្តស្រលាញ់អ្នកគ្រូពេទ្យក្រមុំរូបស្អាតម្នាក់ជាយូរមកហើយ លុះឃើញអ្នកគ្រូពេទ្យរូបស្អាតជិះម៉ូតូតាមផ្លូវ ក៏ដាច់ចិត្តជិះម៉ូតូតាមសុំស្នេហ៍ តែត្រូវខាងស្រីប្រកែក ជាហេតុធ្វើឱ្យចិត្តស្នេហ៍ប្រែជាកំហឹងរហូតដល់ខាងប្រុសទប់ចិត្តមិនបាន ក៏ស្ទាក់វាយ១ដៃ រួចជិះម៉ូតូដេញបំបុកឱ្យដួល បន្ទាប់មកក៏ចាប់ច្របាច់កអូសទៅចិញ្ចើមថ្នល់ ដាល់ចូលផ្ទៃមុខជាច្រើនដៃបណ្តាលឱ្យអ្នកគ្រូពេទ្យក្រមុំជាំប៉ោងមុខ រងរបួសយ៉ាងដំណំ។

ករណីអំពើហិង្សាដោយចេតនា ខឹងស្រីប្រកែកស្នេហ៍ បែរជាប្រុសស្ទាក់វ៉ៃច្របាច់កខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។

ជនសង្ស័យរោគចិត្តដែលខឹងសុំស្រលាញ់ស្រីអត់បាន បែរជាវាយដំនាងយ៉ាងចាស់ដៃ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើនេះ មានឈ្មោះព្រាប  ភារម្យ អាយុ២៩ឆ្នាំ រស់នៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក។ ចំណែកនារីរងគ្រោះមានឈ្មោះម៉ី សេរី អាយុ២៨ឆ្នាំ មុខរបរគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក និងមានលំនៅក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងទើបនឹងចប់ម៉ោងការងារនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ហើយបានជិះម៉ូតូចេញពីកន្លែងធ្វើការ គោលបំណងត្រឡប់ទៅផ្ទះវិញដូចសព្វដង។ លុះពេលនាងកំពុងជិះម៉ូតូតែម្នាក់ឯងនៅតាមផ្លូវ មកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែលេចមុខជនសង្ស័យដែលជាអ្នករស់នៅក្នុងភូមិឃុំជាមួយគ្នា បានតាមមកសុំស្នេហ៍ពីនាង ប៉ុន្តែត្រូវរូបនាងបដិសេធមិនព្រមស្រឡាញ់ឡើយ។

នារីរងគ្រោះបន្តថា បន្ទាប់មកនាងក៏មិនបានចាប់អារម្មណ៍អ្វីឡើយ ដោយនៅតែជិះ ម៉ូតូបន្តដំណើរទៅមុខទៀត ស្រាប់តែត្រូវជនសង្ស័យបានជិះម៉ូតូតាមមកអែបក្បែរនាង រួចស្ទុះវាយនាង១ដៃ និងបំបុកផ្តួលម៉ូតូរបស់នាង បណ្តាលឱ្យដួលរលាត់ដៃជើង។ រំពេចនោះ ស្រាប់តែជនសង្ស័យរោគចិត្តរូបនោះបានស្ទុះមកចាប់ច្របាច់កនាង រួចអូសទៅខាងត្បូងថ្នល់ ដាល់នាងចូលផ្ទៃមុខជាច្រើនដៃរហូតដល់នាងឈឺខ្លាំងពេក ក៏លើកដៃសំពះអង្វរ ទើបជនសង្ស័យព្រមឈប់វាយនាង រួចជិះម៉ូតូគេចខ្លួនបាត់។

នារីរងគ្រោះបានឱ្យដឹងទៀតថា ភ្លាមៗនោះ នាងក៏ប្រញាប់ជិះម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ទាំងផ្ទៃមុខជាំហើមពោរឈឺទាំងកាយ ឈឺទាំងចិត្ត និងស្នើឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យរោគចិត្តខាងលើ នាំយកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះព្រាប ភារម្យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើហិង្សាទៅលើនារីរងគ្រោះប្រាកដមែន មូលហេតុដោយសារតែខ្លួនខឹងនឹងនារីរងគ្រោះ ដែលមិនព្រមស្រលាញ់ខ្លួន ព្រោះខ្លួនបានលួចស្រលាញ់នាងជាយូរមកហើយ និងថែមទាំងដាច់ចិត្តជិះម៉ូតូទៅសុំស្នេហ៍នាងត្រង់ៗទៀតផង បែរជានាងប្រកែកមិនព្រមទទួលយកទឹកចិត្តរបស់ខ្លួន ទើបធ្វើឱ្យចិត្តស្នេហ៍ប្រែជាកំហឹងទប់មិនជាប់ ក៏ប្រើអំពើហិង្សាដាក់នាងតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមច្បាប់។ ចំណែកនារីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសផងដែរ៕

RELATED ARTICLES