Friday, March 29, 2024
Homeព័ត៌មានជាតិឡាយព័ត៌មានឆេះផ្ទះ សមត្ថកិច្ចហៅមកស្នងការរាជធានីភ្នំពេញ

ឡាយព័ត៌មានឆេះផ្ទះ សមត្ថកិច្ចហៅមកស្នងការរាជធានីភ្នំពេញ

ភ្នំពេញ ៖ បុរសម្នាក់នៅសុខៗចង់ល្បីខ្លាំងពេក ក៏បែកគំនិតយកព័ត៌មានចាស់ (គ្រោះអគ្គិភ័យតាំងពីខែមិថុនា) មកឡាយឡើងវិញ ក្នុងបំណងចង់ឱ្យគេចូលមើលផេករបស់ខ្លួនឱ្យបានច្រើនឆាប់ល្បី តែបែរជាធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេស បង្កឱ្យមានចលាចលក្នុងសង្គម រហូតត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឱ្យចូលខ្លួនបំភ្លឺ ទីបំផុតក៏សម្រេចធ្វើការសុំទោសជាសាធារណៈចំពោះកំហុសឆ្គងរបស់ខ្លួន។

បុរសខាងលើ មានឈ្មោះសំ កុម្ភៈ ជាម្ចាស់គណនីហ្វេសប៊ុកផេក TCB អលចនទ្រព្យកម្ពុជា ដែលបានយករូបភាពករណីឆេះផ្ទះប្រជាពលរដ្ឋ ដែលបានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន យកមកធ្វើការបង្ហោះឡាយជាវីដេអូ (Live Steam) កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទីរសៀល នៅរាជធានីភ្នំពេញ ក្នុងគោលបំណងចង់ឱ្យមានភាពទាក់ទាញខ្លាំងមកលើផេករបស់គាត់ ដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ ជាពិសេស អាចបង្កឱ្យមានភាពចលាចលក្នុងសង្គមផងដែរ។

បុរសម្នាក់នេះត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ កោះហៅឱ្យចូលខ្លួនមកធ្វើការបំភ្លឺលើករណីនេះ។

បុរសម្នាក់នេះបានសារភាពកំហុស ធ្វើកិច្ចសន្យា និងថតជាវីដេអូសុំទោសជាសាធារណៈចំពោះទង្វើដែលខ្លួនបានធ្វើ ដោយយកព័ត៌មានចាស់ ករណីអគ្គិភ័យតាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ មកឡាយ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។

សូមចូលរួមសហការផ្សព្វផ្សាយតែព័ត៌មានពិត និងជួយទប់ស្កាត់ឱ្យបានរាល់ព័ត៌មានមិនពិត ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កភាពវឹកវរចលាចលក្នុងសង្គម។ ល។

ជាមួយនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន ជាពិសេស បណ្តាញទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម រិះគន់ក្នុងន័យស្ថាបនា និងទទួល យកជាមូលដ្ឋាន ធ្វើការកែលម្អ ហើយក៏សូមអំពាវនាវដល់សាធារណជន និងបណ្តាញសង្គម ចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសាររូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឱ្យមានភាពវឹកវរបំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន ផងដែរ៕

RELATED ARTICLES