ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធី ”ប្រគល់រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

0
94

កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធី “ប្រគល់រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” ជូនទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុង​ ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា។

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហ​កម្ម​ ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយ ដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត Ford នេះលេចចេញជារូបរាងឡើង។ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដ នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌាបានធ្វើការឧបត្ថម្ភក្នុងការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវម៉ាស៊ីនត្រជាក់ សម្ភារៈបច្ចេកទេសសំរាប់ជួសជុលរថយន្ត គ្រឿងបរិក្ខាសម្រាប់សិក្សា គ្រឿងតុបតែងលំអរ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។