ត្រឡប់មកពីចិនវិញ ២នាក់ឪកូន លេងមួយក្បាច់ អស់លុយជិត២មុឺនដុល្លារ

0
131

ខេត្តកណ្តាល ៖ ជនជាតិចិន២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីអំពើលួចជ័រប៉ូលីកាណាត កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

ជនរងគ្រោះមានឈ្មោះ XU JIANRUI ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិនដីគោក មុខរបរប្រធានក្រុមហ៊ុន ខាយយាន ស្នាក់នៅបុរីពិភពថ្មី ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែន លេខ E24871533 ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៣។

ចំណែកជនសង្ស័យមានចំនួន២នាក់ (ឪពុកនិងកូន) រួមមាន ទី១ ឈ្មោះGUAN WEIZHONG ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិចិនដីគោក មុខរបរអ្នកគ្រប់គ្រងឃ្លាំងក្រុមហ៊ុនខាយយាន ស្នាក់នៅបុរីពិភពថ្មី ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ ED6502847 ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ (ឃាត់ខ្លួន)។ និងទី២ ឈ្មោះ GUAN JUN ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិនដីគោក មុខរបរបុគ្គលិកក្រុមហ៊ុនខាយយាន ស្នាក់នៅបុរីពិភពថ្មី ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ EE5714000 ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ (គេចខ្លួន)។

រីឯសម្ភារបាត់បង់ ជ័រប៉ូលីកាណាត ចំនួន២០រ៉ូល គិតជាទឹកប្រាក់ចំនួន១៨៤១០ដុល្លារ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា  មុនពេលកើតហេតុ ជនរងគ្រោះជាថៅកែក្រុមហ៊ុន បានទៅលេងស្រុកកំណើតនៅប្រទេសចិន ដោយទុកក្រុមហ៊ុនឱ្យជនសង្ស័យ និងកូនជនសង្ស័យនៅមើលការខុសត្រូវ។

តាមការបំភ្លឺរបស់សាក្សី ឈ្មោះមាស សុភី បានប្រាប់ឱ្យដឹងថា ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ មានអតិថិជនរបស់ក្រុមហ៊ុន បានឆាតមកប្រាប់ថា ឃើញជនសង្ស័យយកអីវ៉ាន់ទៅលក់ឱ្យកន្លែងផ្សេង ពេលនោះខ្លួនក៏ប្រាប់ទៅជនរងគ្រោះ ហើយជនរងគ្រោះបានប្រើឱ្យខ្លួនទៅក្រុមហ៊ុនដើម្បីយកកូនសោទ្វារឃ្លាំងនៅក្នុងក្រុមហ៊ុន មកទុកឱ្យអស់។

ពេលយកកូនសោទុកអស់ហើយ ស្រាប់តែឃើញជនសង្ស័យនៅមានកូនសោមួយចង្កោមផ្សេងទៀតបានចាក់ចូលឃ្លាំងដើម្បីយកអីវ៉ាន់ បន្ទាប់មកខ្លួនក៏យកសោមួយចង្កោមនោះបានទៀត ចាប់ពីពេលនោះមក ជនសង្ស័យគ្មានសោចូលឃ្លាំងទៀតទេ។ លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ទើបមានអ្នកទិញអីវ៉ាន់ពីជនសង្ស័យបានមកប្រាប់ថា ជនសង្ស័យបានយកលុយចំនួន៨៤០ដុល្លារមុន តែមិនឃើញដឹកអីវ៉ាន់ឱ្យសោះ ហើយជនសង្ស័យបានយកជ័រប៉ូលីកាណាតនោះលក់ឱ្យកន្លែងគាត់ ប្រហែល២០រ៉ូលហើយ។

លុះដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ទើបជនរងគ្រោះត្រឡប់មកពីប្រទេសចិន វិញ ដល់ក្រុមហ៊ុន ក៏ឃើញមានបាត់អីវ៉ាន់ជ័រប៉ូលីកាណាត ចំនួន២០រ៉ូល គិតជាទឹកប្រាក់សរុបចំនួន១៨៤១០ដុល្លារ ក៏ដាក់ពាក្យបណ្តឹងតែម្តង។

ចំពោះករណីនេះកម្លាំងជំនាញ បានចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត នាំយកមកចាត់ការតាមច្បាប់ ផងដែរ៕