រពឹសដៃពេក… គេស្គាល់មុខច្បាស់ បានត្រឹមតែ១យប់ សមត្ថកិច្ចចាប់ខ្លួន

0
84

ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ដើររកត្រីពេលយប់សុខៗ ស្រាប់តែរពឹសដៃលួចទូរស័ព្ទគេដែលដាក់ក្នុងស្រោមខ្នើយ កើយស្តាប់ចម្រៀង លុះម្ចាស់ទូរស័ព្ទភ្ញាក់ដឹងខ្លួនទាន់ ក៏ត្រូវជនសង្ស័យឆក់យកទាំងខ្នើយនិងទូរស័ព្ទ រត់គេចខ្លួនបាត់ តែដោយសារជនរងគ្រោះ ស្គាល់មុខច្បាស់ ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ។

ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងរោងចិញ្ចឹមទា ក្រោយភូមិចម្ការដូង ឃុំលើកដែក ស្រុកកោះធំ។

ជនរងគ្រោះមានឈ្មោះចាន់ ម៉េងហួ ហៅហ៊ួង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករឃ្វាលទា មានលំនៅក្នុងភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះរស់ ពៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិទួលស្វាយ ឃុំកំពង់កុង ស្រុកកោះធំ។ សម្ភារបាត់បង់ ទូរស័ព្ទដៃ ចំនួន ១គ្រឿង ម៉ាក Realme ពណ៌ក្រហម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះឈ្មោះចាន់ ម៉េងហួ បានមកធ្វើជាកម្មករឃ្វាលទាឱ្យគេដែលមានរោងចិញ្ចឹមទានៅខាងក្រោយភូមិចំការដូង ឃុំកំពង់កុង ស្រុកកោះធំ ជាច្រើនខែមកហើយ ដោយមានមិត្តភក្កិ១នាក់ទៀតជាកម្មករដូចគ្នា ឈ្មោះឃិត យ៉ា។ លុះនៅយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោយពីពួកគេទាំង២នាក់ នាំគ្នាកៀងសត្វទាឱ្យចូលទ្រុងរួចរាល់ហើយ ក៏បាននាំគ្នាចូលដេកក្នុងរោង ដោយជនរងគ្រោះបានដាក់ទូរស័ព្ទនៅក្នុងស្រោមខ្នើយកើយ រួចក៏ដេកលង់លក់ទៅ។

រហូតដល់ពេលកើតហេតុខាងលើ ខណៈដែលជនសង្ស័យដែលបានមកពីដើររកត្រីនៅមាត់ស្ទឹងវិញ ហើយកាត់តាមរោងចិញ្ចឹមទាខាងលើ ក៏បានឮសំឡេងចម្រៀងក្នុងទូរស័ព្ទដៃនៅក្នុងស្រោមខ្នើយដែលជនរងគ្រោះកើយ ពេលនោះជនសង្ស័យបានមានគំនិតនឹងលួចយកទូរស័ព្ទដៃនោះ បន្ទាប់មកក៏បានចូលទាញយកខ្នើយចេញពីក្បាលជនរងគ្រោះ តែភ្លាមនោះជនរងគ្រោះបានភ្ញាក់ដឹងខ្លួន ធ្វើឱ្យជនសង្ស័យទាញយកខ្នើយដែលមានទូរស័ព្ទក្នុងនោះបាន រត់គេចខ្លួនទៅ ហើយ ជនរងគ្រោះក៏បានដេញតាមដែរ តែពុំទាន់ ។

យ៉ាងណា ជនរងគ្រោះបានស្គាល់ច្បាស់ថា ឈ្មោះរស់ ពៅ ភេទប្រុស គឺជាអ្នកលួចយកទូរស័ព្ទដៃរបស់ខ្លួន។ លុះស្អែកឡើង ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលលើកដែក តែម្តង។

ប្រភពដដែល បន្តថា រហូតដល់ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ ពៅ មកកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីសាកសួរ និងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ តែម្តង។

នៅចំពោះមុខនគរបាល ជនសង្ស័យខាងលើ បានសារភាពថា រូបគេពិតជាបានលួចយកទូរស័ព្ទដៃ ០១គ្រឿង របស់ឈ្មោះចាន់ ម៉េងហួ ហៅហ៊ួង ប្រាកដមែន ដោយបានយកទូរស័ព្ទដៃនោះ ទៅប្តូរយកគ្រឿងញៀន ពីអ្នកលក់ថ្នាំញៀនម្នាក់ ភេទប្រុស ពុំស្គាល់ឈ្មោះបាន ចំនួន ១កញ្ចប់តូច មកសម្ងំជក់តែម្នាក់ឯង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕