ហេតុអីឱក សុគន្ធកញ្ញា មិនខ្លាំងដូចមុន?

0
269

ឱក សុគន្ធកញ្ញា សម្រាលកូនបាន១ហើយ ដែលពេលនេះនាងរឹងដៃរឹងជើងបន្ដិចហើយ ប៉ុន្ដែបើក្រឡេកមើលបទចម្រៀងរបស់នាងនៅលើទីផ្សារ ហាក់មិនទាន់មានបទណាមួយល្បីខ្លាំងដូចកាលនាងនៅក្រមុំទេ ទើបធ្វើឲ្យតំណែងជាតារាស្រីឈានមុខគេនៅហង្សមាស ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ បើទោះជាពេលនេះនាងជាតារាមានឥទ្ធិពលជាងគេនៅផលិតកម្មមួយនេះ និងត្រូវបានគេចាត់ទុកដូចជាថៅកែផលិតកម្មក្ដី។

ប៉ុន្ដែអ្នកជំនាញសិល្បៈនៅតែយល់ថា ហង្សមាស នឹងមិនឲ្យតារាណាម្នាក់ល្បីជាងឱក សុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅនោះឡើយ ហើយការមិនទាន់ឡើងខ្លាំងដូចមុនពេលនេះ អាចជាយុទ្ធសាស្រ្ដរបស់ហង្សមាស​ ចង់ឲ្យនាងនៅទំនេរសម្រាកពីការសម្រាលកូនសិន។

លោកម៉ិញ សុធីវណ្ណ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា សូមកុំឲ្យអ្នកគាំទ្រឱក សុគន្ធកញ្ញា បារម្ភថា នាងចុះខ្សោយ ឬធ្លាក់កូដអី គឺលោកសូមធានាតែម្ដងថា ១០០% ហង្សមាស នឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ជាដាច់ខាត ពិសេសគឺក្រោយពេលនាងមានប្ដីនិងកូន ដែលជាសាច់ញាតរបស់ថៅកែហង្សមាស នេះ លោកយល់ថា សុគន្ធកញ្ញា នឹងកាន់តែខ្លាំងថែមទៀត។

ដោយឡែក អ្នកធ្វើភ្លេង (Music Composer) នៅហង្សមាស ម្នាក់សុំមិនឲ្យដាក់ឈ្មោះ បានឲ្យដឹងថា មូលហេតុដែលឱក សុគន្ធកញ្ញា រាងស្ងប់ស្ងាត់ និងមិនទាន់មានបទល្បីដូចមុន មានកត្តា២យ៉ាង គឺទី១. កូវីដ១៩ មិនទាន់ស្ងាត់ ហង្សមាសមិ នទាន់បញ្ចេញបទចម្រៀងថ្មីៗរបស់នាងទេ និងទី២. នាងមិនទាន់រឹងដៃរឹងជើងនៅឡើយ ក្រោយសម្រាលកូន អីចឹងអាចសម្រាកបន្ដិចទៀតសិន ហើយពេលវិលមកវិញ គឺបញ្ចេញឲ្យអស់បុកលើទីផ្សារចម្រៀងតែម្ដង។

អ្នកធ្វើភ្លេងរូបនោះបានយល់ស្របចំពោះលោកម៉ិញ សុធីវណ្ណ ដែលថា ហង្សមាស មិនឲ្យតារាស្រីណានៅលើឱក សុគន្ធកញ្ញា នោះ ដោយលោកថា ដោយសារតែនាងជាប្អូនថ្លៃថៅកែ ទើបគ្រប់គ្នាចេះតែយល់ឃើញបែបនេះ។

ទោះជាមិនទាន់មានសន្ទុះខ្លាំងដូចកាលនៅក្រមុំក្ដី ប៉ុន្ដែនៅរដូវបុណ្យភ្ជុំបិណ្ឌនេះ ឱក សុគន្ធកញ្ញា បានចាប់ដៃជាមួយតារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ តាមរយៈបទ​”ភ្ជុំបិណ្ឌដល់ហើយ” ធ្វើឲ្យទស្សនិកជនយល់ថា ក្រោយព្រាប សុវត្ថិ ដើរចេញទៅផលិតកម្មមួយនេះ និងលើកសុគន្ធកញ្ញា និងសិរីមន្ដ ធ្វើជាតួឯកតែម្ដង។

ទោះជាយ៉ាងណា ឱក សុគន្ធកញ្ញា មានខ្នងបង្អែកធំមួយទៀត ដែលធ្វើឲ្យនាងមិនភ័យខ្លាចធ្លាក់កូដនោះ គឺស្វាមីរបស់នាង លោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សនន៍ហង្សមាស ហើយលោកសុខលី បានឲ្យតំណែងធំទៅភរិយារបស់លោក ដល់ទៅ៤ផ្សេងគ្នា ដែលគ្មានតារាស្រីណានៅហង្សមាស អាចធ្វើបាននោះ គឺធ្វើជាគ្រូបង្វឹកនិងគណៈកម្មការ “The Voice Cambodia” , “The Voice Kids Cambodia” , “Cambodian Idol” និង “X Factor Cambodia”។

តំណែងធំទាំង៤នេះ ស្ទើរតែអាចធានាបានទៅហើយថា ទោះជាសុគន្ធកញ្ញា មិនសូវមានបទល្បី ក៏នាងមានសុវត្ថិភាពខ្ពស់ក្នុងការឈរនៅជួរមុខ ធ្វើជាតារាហង្សមាស ជាបន្ដទៀតដែរ។

គួរបញ្ជាក់ថា ឱក សុគន្ធកញ្ញា បានរៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ជាមួយប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ហើយនាងបានសម្រាលកូនថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ឱក សុគន្ធកញ្ញា ជាតារាស្រីតែម្នាក់គត់ ដែលត្រូវគេចាត់ទុកថា ជោគជ័យអាជីពចម្រៀងនិងស្នេហាព្រមគ្នាតែម្ដង នៅឆ្នាំ២០១៩-២០២០ ខណៈដែលតារាស្រីមិនក្រោម៧ដួងផ្សេងទៀត បានខ្ទាតចេញពីតំណែងចង់ធ្វើភរិយា លោកអ៊ឹង សុខលី ៕ ហ៊ឹម វិចិត្រ