Thursday, April 25, 2024
Homeព័ត៌មានជាតិកណ្តាលអាធ្រាត្រ ឡើងទូងស្គរ ផ្អើលលោកពេញវត្ត ស្រាប់តែ...

កណ្តាលអាធ្រាត្រ ឡើងទូងស្គរ ផ្អើលលោកពេញវត្ត ស្រាប់តែ…

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោក ដល់ពាក់កណ្តាលអធ្រាត្រ មិនព្រមរកកន្លែងដេកពួន បែរជារត់ទៅក្នុងវត្តឡើងទៅទូងស្គរផ្អើលអស់ព្រះសង្ឃគង់នៅក្នុងវត្ត ដេញចាប់ ស្រាប់តែត្រូវបុរសរូបនេះ ទាញស្នាបាញ់ត្រូវទ្រូងភិក្ខុ ១អង្គ រងរបួសធ្ងន់  និងត្រូវសមត្ថកិច្ចចាប់ជនសង្ស័យជាប់ នាំយកទៅចាត់ការតាមច្បាប់។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចបរិវេណវត្តពន្លាជ័យ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក។

ជនសង្ស័យដែលបង្កការអុកឡុកពេញវត្តទាំងកណ្តាលអធ្រាត្រ និងយកស្នាបាញ់ព្រះសង្ឃ១អង្គ ឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភឹម វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក។ ចំណែកព្រះសង្ឃរងគ្រោះ ព្រះនាម ចំរើន ព្រះជន្ម ៣៩វស្សា គង់នៅវត្តពន្លាជ័យ ភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះភឹម វាសនា បានផឹកស្រារហូតដល់ស្រវឹងជោក នៅក្នុងភូមិ ជាប់របងវត្ត ដោយថែមទាំងមានស្នា ១ដើម (បាញ់គ្រាប់ព្រួញ) និងមានកាំបិតខ្វែវ ដងវែង មួយ ដាក់ក្បែរខ្លួន នៅពេលកំពុងផឹកស៊ីទៀតផង។ លុះមកដល់វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យរូបនេះ មិនព្រមរកកន្លែងដេកពួននោះទេ បែរជារត់ចូលទៅក្នុងវត្តពន្លាជ័យ ហើយឡើងលើកុដិធំ ចាប់យកដំបងវាយទូងស្គរ ហាក់ដូចជាប្រកាសអាសន្នថាមានរឿងអ្វីមួយកើតឡើងអ៊ីចឹង ជាហេតុធ្វើឱ្យផ្អើលអស់ព្រះសង្ឃដែលកំពុងតែសិង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ព្រះសង្ឃក្នុងវត្ត និមន្តចេញមកមើល លុះឃើញមានមនុស្សកំពុងអុកឡុកពេញវត្ត ក៏ចូលទៅឃាត់ និងចាប់ជនសង្ស័យចេញវិញ ស្រាប់តែត្រូវជនសង្ស័យ ប្រើស្នាបាញ់គ្រាប់ព្រួញ ត្រូវចំដើមទ្រូងភិក្ខុសង្ឃព្រះនាម ចំរើន បណ្តាលរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ព្រះសង្ឃរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមង្គលបុរីភ្លាមៗ។ ចំណែកជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួច បានគេចខ្លួនទៅសំងំនៅលើកុដិមួយ ដោយមិនឱ្យអ្នកណាចូលជិតឡើយ ទើបមានការរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមក ជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកភ្នំស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពន្លៃ បានចុះទៅបង្ក្រាប និងធ្វើការហ៊ុមព័ទ្ធកន្លែងកើតហេតុ រហូតដល់ម៉ោង​ ៤ទៀបភ្លឺ ថ្ងៃដដែល ទើបចាប់ខ្លួនជនសង្ស័យខាងលើបាន និងនាំទៅសាកសួរ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES