Thursday, April 25, 2024
Homeព័ត៌មានជាតិជិត១ឆ្នាំ គាត់ដើរផឹកស៊ីសប្បាយ... ភ្លេចគិតថា នឹងមានថ្ងៃនេះ

ជិត១ឆ្នាំ គាត់ដើរផឹកស៊ីសប្បាយ… ភ្លេចគិតថា នឹងមានថ្ងៃនេះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចវ៉ៃខ្នោះ ករណីរំលោភទំនុកចិត្ត បន្ទាប់ពីជនសង្ស័យរូបនេះខ្ចីម៉ូតូគេជិះមួយភ្លែត តែបែរជាយកទៅបញ្ចាំ ទីបំផុតម្ចាស់ម៉ូតូឃើញក៏ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចរោងធ្វើស្រែឯបឹងចន្លុះ ស្ថិតនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យឈ្នោះសេង សឿន (ហៅពៅ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងម្ជូរតាមរទេះ មានលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះមុំ កាក់ ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទីល្ងាច ជនសង្ស័យឈ្មោះសេង សឿន (ហៅ ពៅ) បានទៅជួបជនរងគ្រោះឈ្មោះមុំ កាក់ នៅរោងធ្វើស្រែចំណុចបឹងចន្លុះ ស្ថិតនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល រួចក៏បានខ្ចីម៉ូតូពីជនរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ដោយថា ខ្ចីជិះមួយភ្លែត រួចក៏ជិះទៅបាត់តែម្តង ដោយ មិនឃើញវិលត្រឡប់មកវិញ។ លុះកន្លងផុត១ថ្ងៃ ដោយមិនឃើញជនសង្ស័យយកម៉ូតូមកសងខ្លួនវិញ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ ដើម្បីចាត់ការតាមច្បាប់។

ប្រភពឱ្យដឹងថា លុះដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យឈ្មោះសេង សឿន ក៏បាននាំគ្នាដេញចាប់ រួចនាំខ្លួនមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះសេង សឿន បានសារភាពថា ខ្លួនបានខ្ចីម៉ូតូឈ្មោះមុំ កាក់ រួចយកទៅដាក់បញ្ចាំឱ្យគេនៅក្រុងតាខ្មៅ យកលុយស៊ីចាយពិតប្រាកដមែន។ ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង អនុវត្តតាមនីតិវិធី៕

RELATED ARTICLES