Saturday, April 20, 2024
Homeព័ត៌មានជាតិថៅកែគុយទាវមិនព្រម ទីបំផុត លោកប៉ូលិសអស់តំណែង

ថៅកែគុយទាវមិនព្រម ទីបំផុត លោកប៉ូលិសអស់តំណែង

ភ្នំពេញ ៖ មន្ត្រីប៉ូលិស ដែលមានតួនាទីជាប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ដែលបានដកកាំភ្លើងភ្ជង់ប្តីប្រពន្ធថៅកែហាងគុយទាវ អង្គរជុំ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នោះ នៅបេលនេះត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចអនុវត្តវិន័យកងកម្លាំង ដោយដកបញ្ឈរជើង ព្យួរការងារពីប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឱ្យអនុវត្តវិន័យកងកម្លាំង និងដកកាំភ្លើងទុក។ ក្រោយមក ថ្នាក់ដឹកនាំបានណែនាំឱ្យមានការសម្របសម្រួលជំហានដំបូង ប៉ុន្តែភាគីជនរងគ្រោះមិនព្រមទទួលការសម្របសម្រួលបញ្ចប់រឿងជាមួយភាគីជនបង្កហេតុដែលជាប្រធានការិយាល័យប្រឆាំងភេរវកម្មនោះទេ ទើបអគ្គស្នងការនគរបាលជាតិ បានទុកជូនតុលាការ ចាត់វិធានការតាមច្បាប់ និងម៉្យាងជនរងគ្រោះក៏បានដាក់ពាក្យទៅកាន់ស្ថាប័នតុលាការ ផងដែរ។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រោយភាគីជនរងគ្រោះមិនទទួលយកនូវការសម្របសម្រួល អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានសម្រេចប្រគល់ជនបង្កហេតុ ឈ្មោះថ្លាង ភិនរ៉ា ជូនស្ថាប័នតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា ហេតុការណ៍ជម្លោះពាក្យសម្តី រហូតឈានដល់ការដកកាំភ្លើងអាម៉េគំរាមបាញ់សម្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងហាងគុយទាវអង្គរជុំ ស្ថិតនៅផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ភាគីជនរងគ្រោះ និងជាដើមបណ្តឹង មានឈ្មោះជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរថៅកែហាងគុយទាវ អង្គរជុំ សព្វថ្ងៃស្នាក់នៅផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ ចំណែកភាគីបង្កហេតុ ជាចុងបណ្តឹង មានឈ្មោះថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាល តួនាទីជាប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា លោកជុយ សុខហេង ម្ចាស់ហាងគុយទាវ អង្គរជុំ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានដាក់ពាក្យប្តឹងលោកថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ទៅកាន់ស្ថាប័នចំនួន៣ រួមមាន ប្តឹងទៅកាន់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមន្ត្រីនគរបាល ឈ្មោះថ្លាង ភិនរ៉ា បានជេរប្រមាថ និងគំរាមបាញ់សម្លាប់រូបលោកនិងភរិយា ដោយដកកាំភ្លើងពីចង្កេះ អាមេបញ្ចូលគ្រាប់តម្រង់ទៅលើពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ជាជនរងគ្រោះ ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាងគុយទាវ អង្គរជុំ។

នៅក្នុងពាក្យបណ្តឹងខាងលើ ជនរងគ្រោះដែលជាថៅកែហាងគុយទាវ អង្គរជុំ បានទាមទារសំណងជំងឺចិត្ត ចំនួន ១០ម៉ឺនដុល្លារ និងបានស្នើសុំឱ្យច្បាប់ ផ្តន្ទាទោសមន្ត្រីនគរបាលនោះឲ្យធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបានឡើយ៕

RELATED ARTICLES