Thursday, April 25, 2024
Homeព័ត៌មានជាតិនាយករដ្ឋមន្រ្តីកម្ពុជា នឹងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ កញ្ញា

នាយករដ្ឋមន្រ្តីកម្ពុជា នឹងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ កញ្ញា

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៥ ហើយក្នុងឱកាសនោះ សម្តេចហ៊ុន​សែន នឹងថ្លែងសុន្ទរកថាក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២០ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា ​​សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប.) លើកទី៧៥  ក្រោមមូលបទ «អនាគតដែលយើងទាំងអស់គ្នាចង់បាន សហប្រជាជាតិដែលយើងត្រូវការ ៖ ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម ​- ប្រឈមនឹងជំងឺកូវីដ-១៩ តាមរយៈសកម្មភាពពហុភាគី ដែលមានប្រសិទ្ធភាព» នឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។

​​សេចក្តីប្រកាសព័ត៌មានដដែល បន្តថា នៅមុនមហាសន្និបាត អ.ស.ប. លើកទី៧៥ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​សែន បានថ្លែងសុន្ទរកថា​ នៅក្នុងកិច្ចប្រជុំជាន់ខ្ពស់ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃ អ.ស.ប. នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២០ ដែលផ្តោតលើសារសំខាន់នៃពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល ក្នុងអំឡុងពេលនៃផលប៉ះពាល់សង្គម-សេដ្ឋកិច្ច ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន ដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ-១៩ នយោបាយវូបនីយកម្ម បញ្ហាសិទ្ធិមនុស្សតាមបៀបវារៈភូមិសាស្ត្រនយោបាយ និងការ ប្រកួតប្រជែងរវាងមហាអំណាច ដែលបន្តធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពក្នុងការការពារសិទ្ធិមនុស្សជាមូលដ្ឋាន និងការធ្វើឲ្យសម្រេចគោលដៅនៃរបៀបវារៈឆ្នាំ២០៣០ នៃប្រទេសកំពុងអភិវឌ្ឍន៍ និងសារសំខាន់នៃការគោរពធម្មនុញ្ញសហប្រជាជាតិ។

​​សេចក្តីប្រកាសព័ត៌មានដដែល បន្តទៀតថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងថ្លែងសុន្ទរកថាក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត អ.ស.ប. ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន ៖ ផលប៉ះពាល់ នៃជំងឺកូវីដ-១៩ លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងការរិះរកវិធីនិងមធ្យោបាយសម្រាប់ស្តារសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺរាតត្បាតនេះ សារសំខាន់នៃពហុភាគីនិយមសម្រាប់សន្តិភាព និងវិបុលភាពពិភពលោក ការកើនឡើងនូវទណ្ឌកម្មឯកតោភាគីដែលគំរាមកំហែងដល់ច្បាប់អន្តរជាតិ ការប្រែប្រួលអាកាសធាតុ និងបញ្ហាភេរវកម្ម និងសមិទ្ធផលរបស់កម្ពុជានៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់និងថែរក្សាសន្តិភាព និងអធិបតេយ្យជាតិ៕

RELATED ARTICLES