Tuesday, April 23, 2024
Homeព័ត៌មានជាតិ"នី រតនា"... វិលវិញមកអូន ប្តីនៅរង់ចាំ

“នី រតនា”… វិលវិញមកអូន ប្តីនៅរង់ចាំ

ខេត្តកណ្តាល ៖ ប្ត្តីប្រពន្ធមួយគូបានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែភាគីស្ត្រីជាប្រពន្ធបានទាញម៉ូតូជិះចេញពីផ្ទះបាត់ ដោយមិនដឹងថាទៅណា មិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញសោះ ធ្វើឱ្យបុរសជាប្តីខំស្វែងរកអស់រយៈពេល៤ថ្ងៃមកហើយ នៅតែគ្មានដំណឹង ទើបមានការព្រួយបារម្ភយ៉ាងខ្លាំង បានប្រកាសអង្វរហៅប្រពន្ធ វិលវិញមកអូន។

ស្ត្រីដែលបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល ៤ថ្ងៃមកហើយនេះ មានឈ្មោះនី រតនា អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

តាមសម្តីបុរសឈ្មោះប៊ុន ហេង ជាប្តីរបស់ស្ត្រីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ កាលពី៤ថ្ងៃមុន ប្តីប្រពន្ធពួកគាត់បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច។ លុះពេលទាស់សម្តីគ្នារួច ស្ត្រីជាប្រពន្ធបានទាញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GU-5079 ជិះចេញពីផ្ទះឯភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ បាត់ឈឹងតែម្តង មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ។

បុរសជាប្តីបន្តថា ក្រោយពេលស្ត្រីជាប្រពន្ធចេញពីផ្ទះបាត់ទៅ គាត់ជាប្តី រួមនិងសាច់ញាតិ បាននាំគ្នាចែកផ្លូវគ្នាតាមស្វែងរកប្រពន្ធសព្វកន្លែង ប៉ុន្តែមិនទាន់ទទួលបានតម្រុយបន្តិចណាសោះ គិតមកដល់ថ្ងៃនេះ មានរយៈពេល៤ថ្ងៃមកហើយ ជាហេតុធ្វើឱ្យគាត់ជាប្តី កំពុងមានការព្រួយបារម្ភពីសុវត្ថិភាពប្រពន្ធយ៉ាងខ្លាំង។

ជាមួយនេះ បុរសជាប្តី បានប្រកាសអង្វរហៅប្រពន្ធឱ្យវិលត្រឡប់មកផ្ទះវិញ ហើយមានរឿងអ្វី ចាំដោះស្រាយគ្នាតាមក្រោយ សំខាន់ឱ្យតែប្រពន្ធវិលមកវិញដោយសុវត្ថិភាព។

បុរសជាប្តី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញស្ត្រីជាប្រពន្ធរបស់គាត់ដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹង តាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០១០,០១២ និង ០៦០ ២៣ ១០ ១០ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES