Saturday, April 20, 2024
Homeព័ត៌មានជាតិនៅផ្សារទឹកថ្លា អ្នកណាក៏ស្គាល់គាត់ដែរ... ពុំគួរណាឲ្យគេខកចិត្តបែបនេះទេ

នៅផ្សារទឹកថ្លា អ្នកណាក៏ស្គាល់គាត់ដែរ… ពុំគួរណាឲ្យគេខកចិត្តបែបនេះទេ

ភ្នំពេញ ៖ មេតុងទីនប្រចាំផ្សារទឹកថ្លា ដែលបានប្រមូលប្រាក់កូនតុងទីនជាង២០ម៉ឺនដុល្លារ រត់គេចខ្លួនបាត់មួយរយៈ ហើយកូនតុងទីននាំគ្នារកមុខនិងដាក់ពាក្យបណ្តឹងនោះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូង ដើម្បីធ្វើការសាកសួរ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបញ្ជូនមកតុលាការនេះ ឈ្មោះប៉ាន មុន្នីរ័ត្ន ភេទស្រី អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិគ្រិះមង្គលមុនីសិរី ផ្លូវលំភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ទឹកប្រាក់ដែលឈ្មោះប៉ាន មុនីរ័ត្ន និងប្តីឈ្មោះសុផា តុល  បានប្រមូលពីកូនតុងទីនយកទៅមានចំនួន២០៨១០០ដុល្លារ ដែលចំនួននេះ គឺមានដើមបណ្តឹងមានតែ៥នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យប្តឹង។ ចំណែកកូនតុងទីនរាប់សិបនាក់ទៀត មិនទាន់ឃើញដាក់ពាក្យប្តឹងនៅឡើយទេ។

ប្រភពដដែលបានឱ្យដឹងដែរថា សំណុំរឿងឆបោកក្រោមរូបភាពលេងតុងទីននេះ ស្ថិតនៅក្នុងការសាកសួរពីសំណាក់លោកព្រះរាជអាជ្ញារង សំ ប្ញទ្ធីវាសនា។ ពាក់ព័ន្ធនឹងសំណុំរឿងតុងទីននេះ គឺចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះប៉ាន មុនីរ័ត្ន និងប្តី សុផា តុល បានធ្វើជាមេតុងទីន មានក្បាល៥០ដុល្លារក្បាល ១០០ដុល្លារ ក្បាល២០០ដុល្លារ មានដេញប្រចាំថ្ងៃ ដេញប្រចាំសប្តាហ៍ និងដេញប្រចាំខែ ដោយក្បាលខ្លះមានកូនតុងទីនចាប់ពី៧០នាក់ រហូតដល់១៣០នាក់ ដែលភាគច្រើនជាអាជីវករដែលលក់ដូរក្នុងផ្សារទឹកថ្លា និងអ្នកភូមិ។

ប្រភពបន្តថា តុងទីននេះដំណើរការរហូតមកដល់ចុងឆ្នាំ២០១៩ ដោយកូនៗបង់លុយរហូតមក។ លុះមកដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ជាថ្ងៃដែលមានកូនតុងទីន៥នាក់ ត្រូវប្រមូលប្រាក់មកវិញ ស្រាប់តែមេតុងទីនឈ្មោះប៉ាន មុន្នីរ័ត្ន និងប្តី សុផា តុល បានគេចខ្លួនបាត់រហូតមក ទើបម្ចាស់លុយសម្រេចដាក់ពាក្យប្តឹង។

បន្ទាប់ពីមានពាក្យបណ្តឹងលោកព្រះរាជអាជ្ញា ដែលទើបឡើងកាន់តំណែងថ្មី ច្រឹង ខ្មៅ បានសម្រេចបង្គាប់ឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតស្វែងរកចាប់ខ្លួនឈ្មោះប៉ាន មុន្នីរ័ត្ន បញ្ជូនមកតុលាការ ដើម្បី ចាត់ការតាមច្បាប់៕

RELATED ARTICLES