Thursday, April 25, 2024
Homeព័ត៌មានជាតិបើកូនស្រីព្រមស្តាប់ឪពុក ប្រហែលមិនមានរឿងបែបនេះទេ

បើកូនស្រីព្រមស្តាប់ឪពុក ប្រហែលមិនមានរឿងបែបនេះទេ

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់បានបើកម៉ូតូដឹកប្អូនស្រីតូច ទៅរកប្តីរបស់នាង ស្រាប់តែឪពុកបាត់កូនទាំង២នាក់ មិនដឹងទៅណា ក៏តាមទៅរក លុះទៅដល់ហៅឱ្យកូនស្រីត្រឡប់ទៅផ្ទះវិញ តែកូនស្រីមិនព្រមទៅ ទើបធ្វើឱ្យបុរសជាឪពុកផ្ទុះកំហឹងក្លាយជាហិង្សាទាញខ្សែក្រវាត់វាយកូនស្រី បណ្តាលឱ្យរងរបួសស្នាមបែកឈាមតែម្តង។

ករណីអំពើហិង្សាក្នុងគ្រួសារ ឪពុកបង្កើតវាយកូនស្រីនឹងខ្សែក្រវាត់ បណ្តាលឱ្យរងរបួសបែកឈាមខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ។

នារីរងគ្រោះដែលត្រូវឪពុកបង្កើតវាយនឹងខ្សែក្រវាត់នោះ  មានឈ្មោះ ខា លក្ខិណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរលក់នំ មានលំនៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ។ ចំណែកជនបង្កហេតុជាឪពុកបង្កើត មានឈ្មោះគឹម ខា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាកូនស្រី បានទៅរកទិញបាយហូប លុះត្រឡប់មកផ្ទះវិញបោកខោអាវរួច ក៏ទាញម៉ូតូម៉ាក Icon ពណ៌ក្រហមលាយខ្មៅ ដឹកប្អូនស្រីឈ្មោះខា ស្រីនុត អាយុ៣ឆ្នាំ ទៅរកប្តីរបស់នាងនៅម្តុំដីក្រហម កន្លែងតង់ខៀវ ស្ថិតក្នុងភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ។

ក្នុងពេលនោះ ជនសង្ស័យឈ្មោះខឹម ខា ជាឪពុក បានដើររកនារីរងគ្រោះជាកូនបង្កើត ហើយបានឃើញកូនស្រីកំពុងពប្អូនឈ្មោះខា ស្រីនុត អាយុ៣ឆ្នាំ នៅម្តុំកែងផ្លូវបេតុង ចូលភូមិស្រះពោធិ៍ ឃុំភ្នំបាត (កន្លែងកើតហេតុ) ទើបជនសង្ស័យបានដេញកូនស្រី (ជនរងគ្រោះ) ឲ្យពប្អូន និងយកម៉ូតូទៅផ្ទះវិញ ប៉ុន្តែជនរងគ្រោះមិនព្រមទៅ ជាហេតុធ្វើឱ្យជនសង្ស័យជាឪពុកផ្ទុះកំហឹង ក៏បានហូតខ្សែក្រវាត់ពីចង្កេះវាយទៅលើជនរងគ្រោះ ត្រូវចំកែងដៃខាងស្តាំ១ខ្សែក្រវាត់ និងចំកំភួនជើងខាងឆ្វេង ១ខ្សែក្រវាត់ បណ្តាលឱ្យមានរបួសស្នាមបែកឈាមតែម្តង។

ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងផ្នែកជំនាញបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យឈ្មោះគឹម ខា មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ។

ជនសង្ស័យជាឪពុក ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES