Saturday, March 30, 2024
Homeតារាខ្មែរពេជ្រ សោភា មិនចេញបទចម្រៀងបុណ្យភ្ជុំបិណ្ឌ សូម្បីតែ១បទ... ចង់ចាកចេញ?

ពេជ្រ សោភា មិនចេញបទចម្រៀងបុណ្យភ្ជុំបិណ្ឌ សូម្បីតែ១បទ… ចង់ចាកចេញ?

ពេជ្រ សោភា ជាតារាចម្រៀងឆ្នើមម្នាក់របស់ផលិតកម្មរស្មីហង្សមាស នោះ មិនបានចេញចម្រៀងមួយបទណាទេ ទាក់ទងរដូវបុណ្យភ្ជុំបិណ្ឌ កន្លងទៅថ្មីៗនេះ គឺឃើញតែខេមរៈ សិរីមន្ដ បុកគ្នាជាមួយអតីតតារាហង្សមាស លោកព្រាប សុវត្ថិ ប៉ុណ្ណោះ ពេញ១ភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ។

ការដែលថ្នាក់ដឹកនាំហង្សមាស​ មើលរំលងពេជ្រ សោភា បែបនេះហើយ​ទើបធ្វើឲ្យមានការលេចឮថា ភាគរយកាន់តែខ្ពស់ចំពោះពេជ្រ សោភា ក្នុងការដើរចេញពីហង្សមាស ទៅតាមលោកព្រាប សុវត្ថិ នៅ Galaxy អាចនឹងលេចជារូបរាងជាមិនខានឡើយ ព្រោះតែសោភា មិនសប្បាយចិត្ត គ្មានបទចម្រៀងចេញបុណ្យភ្ជុំ ដូចគេ។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ ពេជ្រ សោភា ថា នាងគ្មានការអាកអន់ស្រពន់ចិត្តបន្ដិចឡើយ​ចំពោះការមិនបានចេញបទចម្រៀងនៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ នាងថា ថ្នាក់ដឹកនាំហង្សមាស បានសួរនាងដែរថា មានចង់ចេញបទចម្រៀងភ្ជុំហ្នឹងទេ នាងឆ្លើយថា អត់ចង់ចេញទេ អីចឹងតើនាងទៅអន់ចិត្តអី ដូចគេចេះតែគិតនោះទៅ?

សោភា បន្តថា បើនាងចង់ចេញ គឺចេញបានទៅហើយ មិនចាំបាច់អន់ចិត្តនៅក្រោយខ្នងធ្វើអី តែឆ្នាំនេះ នាងមិនចង់ចេញ បានជាអត់ឃើញបទចម្រៀងថ្មីៗរបស់នាងទាក់ទងរដូវភ្ជុំបិណ្ឌឆ្នាំនេះ។

តារាចម្រៀងរូបនេះ បន្ថែមថា នៅមានបទចម្រៀងសម័យមួយចំនួនទៀត ក្នុងដៃដែលនាងបានធ្វើអស់ទៅហើយ ប៉ុន្តែមិនទាន់ហ៊ានចេញ ព្រោះខ្លាចចេញទៅ ខុសពេលវេលា ទើបនាងផ្អឹបទុកសិន ដោយសារពេលនេះកូវីដ-១៩ នៅមិនទាន់ស្ងាត់ទេ។

សោភា បញ្ជាក់ថា ប្រញ៉ាប់ចេញទៅណា បើគេនៅតែបារម្ភកូវីដអីចឹង ចេញទៅខុសសម័យកាលហើយ។ នាងបានបង្ហើបផងដែរថា បទចម្រៀងដែលនាងត្រៀមចេញនាពេលខាងមុខនេះ មានទាំងរ៉េប ជាមួយគ្រូភេ្លង លោកមាស សុគន្ធ ហៅគ្រូអ៊ួយ ផងដែរ។

ពេជ្រ សោភា ជាអ្នកចម្រៀងចាស់វស្សារបស់ផលិតកម្មរស្មីហង្សមាស ដែលគិតមកដល់ឆ្នាំ២០២០នេះ នាងជ្រកនៅទ្រនំធំនេះ រយៈពេលជាង១៥ឆ្នាំហើយ។

សោភា តែងតែនិយាយថា នាងបានល្បីប៉ុណ្ណេះ ក៍៏ជាចំណែកមួយនៃការតោងកាលីពលោកព្រាប សុវត្ថិ ផងដែរ អំឡុងពេលដែលនាងធ្លាប់ច្រៀងដៃគូជាមួយលោកស្នាយ។ ដោយសារតែការសរសើរព្រាប សុវត្ថិ ពេញៗមាត់បែបនេះហើយ ទើបធ្វើឲ្យគេសង្ស័យថា សោភា នឹងស្ពាយបង្វេចទៅតាមព្រាប សុវត្ថិ នៅផលិតកម្ម Galaxy Navatra ជាមិនខានឡើយ ដើម្បីទៅចាប់ដៃគូគ្នាសារជាថ្មីម្ដងទៀត។

ប៉ុន្ដែសោភា ថា នាងនៅតែមិនទាន់ដល់ពេលចែកផ្លូវជាមួយហង្សមាស ទេ តែនាពេលខាងមុខ មានរឿងអ្វីកើតឡើង គ្មាននណាម្នាក់ដឹងមុនទេ។ នាងថា ការប្រឡូកសិល្បៈរបស់នាងមានពេលវេលាកំណត់ នាងមិនអាចបន្ដច្រៀងរហូតដល់ចាស់កោងខ្នងបាននោះទេ។

សោភា បន្ថែមថា បានត្រៀមចិត្តកាយរួចជាស្រេចទៅហើយ ក្នុងការទទួលយក ប្រសិនបើនាងធ្លាក់ការគាំទ្រនៅពេលណានោះ គឺមានប្អូនៗជាទំពាំងឬស្សី នឹងចេញមក។

សោភា និយាយទៀតថា ពេលនេះនាងក៏មិនពឹងទៅលើអាជីពចម្រៀងទាំងស្រុងដូចមុនដែរ ព្រោះនាងចេះរកស៊ី និងមានមុខរបរក្រៅពីសិល្បៈផងដែរ។

ដោយឡែកទាក់ទងរឿងស្នេហាវិញ សោភា ដែលធ្លាក់ខ្លួនមេម៉ាយជាង៤ឆ្នាំទៅហើយនោះ នៅតែអះអាងថា នាងមិនទាន់មានគម្រោងរៀបការជាលើកទី២ ជាមួយប្រុសរូបសង្ហា ឆឹម សក្កដា ឡើយ។ ប៉ុន្តែនាងថា ចំណងស្នេហានេះចាស់ទុំទាំងសងខាងបានដឹងឮអស់ហើយ ប៉ុន្ដែនាងនិងសង្សារ មិនបានរួមរស់ក្រោមដំបូលតែមួយដូចគេសង្ស័យនោះទេ​គឺដេកផ្ទះរៀងៗខ្លួន៕                                      ហ៊ឹម វិចិត្រ

RELATED ARTICLES