Friday, April 19, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ឬ ហង្សមាស ប្រឈមខាតលុយធំ?

ព្រាប សុវត្ថិ ឬ ហង្សមាស ប្រឈមខាតលុយធំ?

ការចាកចេញពីហង្សមាស របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ត្រូវបានមហាជនភាគច្រើនយល់ថា តារាចម្រៀងដែលអស់និស្ស័យជាមួយហង្សមាស ក្រោយរួមរស់បាន២៣ឆ្នាំនេះ អាចនឹងប្រឈមខាតលុយធំនៅពេលបណ្ដាឆាកតន្ត្រីធំៗទាំងឡាយ បើកឲ្យដំណើរការឡើងវិញនាពេលខាងមុខនេះ។

ការអះអាងបែបនេះ ព្រោះតែមនុស្សភាគច្រើនយល់ថា ការប្រគំតន្រ្ដីទាំងនោះ ភាគច្រើនគឺនៅក្នុងកណ្ដាប់ដៃហង្សមាស ហើយនៅពេលដែលព្រាប សុវត្ថិ ក្លាយទៅជាតារាចម្រៀង Galaxy Navatra នោះ មិនត្រឹមតែបាត់បង់តំណែងធំជាគ្រូបង្វឹក និងគណៈកម្មាការទាំង៣កម្មវិធី រួមមាន Cambodian idol , The Voice Kids Cambodia និង Cambodian Idol Junior ដោយស្វ័យប្រវត្តិនោះទេ ប៉ុន្ដែការប្រគំតន្រ្ដីទេសចរណ៍របស់កម្មវិធីទាំងនេះ ធ្វើឲ្យព្រាប សុវត្ថិ ខាតលុយរាប់ម៉ឺនដុល្លារជាមិនខាន នៅពេលដែលលោកអស់សិទ្ធិក្នុងការក្ដាប់ទាំងតួនាទី និងជាតារាចម្រៀងពីការច្រៀងរាំកម្មវិធីខាងលើ។

ប៉ុន្ដែអ្នកជំនាញសិល្បៈបែរជាយល់ឃើញផ្ទុយពីការគិតរបស់ទស្សនិកជនមួយចំនួននេះទៅវិញ ដោយបញ្ជាក់ថា ហង្សមាស ទេ ដែលប្រឈមខាតលុយធំជាងព្រាប សុវត្ថិ ទៅទៀត។

អ្នកដឹកនាំកម្មវិធីប្រគំតន្រ្ដីល្បីឈ្មោះម្នាក់ ដែលធ្លាប់ធ្វើការជាមួយតារាល្បីៗជាង១០ឆ្នាំមកហើយនោះ និយាយដោយសុំមិនឲ្យដាក់ឈ្មោះថា ចំណូលដ៏ធំបំផុតរបស់ហង្សមាស គឺនៅលើការរៀបចំការប្រគំតន្ត្រីតាមបណ្ដាខេត្ត ហើយពីមុន ព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ នៅជាមួយគ្នា ធ្វើឲ្យបណ្ដាស្ថានីយទូរទស្សន៍ទាំងឡាយ រួមទាំងអ្នករៀបចំការប្រគំតន្ត្រីតាមខេត្តជាច្រើននោះ ពិបាកប្រជែងជាមួយហង្សមាស ណាស់ ព្រោះហង្សមាស មានប្រៀបជាងគេ។

ប៉ុន្ដែលោកយល់ថា ក្រោយពីព្រាប សុវត្ថិ ដើរចេញពីហង្សមាស ភ្លាម ស្ថានីយទូរទស្សន៍ទាំងនោះ រួមទាំងអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីជាច្រើនទៀត អាចចាប់ផ្ដើមធ្វើប្រជែងជាមួយហង្សមាស បានហើយចាប់ពីពេលនេះតទៅ។

លោកបន្តថា តើព្រាប សុវត្ថិ ខាត ឬហង្សមាស ជាអ្នកខាត ព្រោះតាមលោកដឹង ១ឆ្នាំៗ ហង្សមាស ស៊ីភាគរយពីព្រាប សុវត្ថិ ក៏ច្រើនដែរ ហើយឥឡូវតារាចម្រៀងនៅក្រៅផលិតកម្មរស្មីហង្សមាស មានព្រាប សុវត្ថិ , ឆាយ វីរៈយុទ្ធ , ខេម , ខាន់ ជេមស៍​ , នាយចឺម , ងួន ចាន់ដេវីត , មាស សុខសោភា , សុខ ពិសី , តន់ ច័ន្ទសីម៉ា , អ៊ីវ៉ា , រ៉ាប៊ី , ទេព បូព្រឹក្ស , យូរី ជាដើម ដែលលោកឃើញថា តារាទាំងនេះមិនក្រោមតារាទាំងអស់ដែលនៅក្រោមហង្សមាស នោះទេ។

លោកបញ្ជាក់ថា នៅពេលដែលរដ្ឋាភិបាលបើកឲ្យដំណើរការការប្រគំតន្ត្រីឡើងវិញនោះ ក្រុមហ៊ុនកម្សាន្ដ និងទូរទស្សន៍ ដែលចង់រៀបចំការប្រគំតន្ត្រីប្រជែងជាមួយហង្សមាស គឺមានប្រៀបជាងមុន ព្រោះតែគេមានព្រាប សុវត្ថិ ដែលរហូតមកដល់ពេលនេះលោកនៅតែមានប្រៀបជាងខេមរៈ សិរីមន្ដ អីចឹងហង្សមាស គឺចាប់បីពេលនេះទៅ មានគូប្រជែងទាំងផលិតកម្ម និងការរៀបចំការប្រគំតន្ត្រីធំៗហើយ។

ថ្វីត្បិតតែមានការអះអាងពីអ្នកជំនាញសិល្បៈបែបនេះក្ដី ប៉ុន្ដែការដើរចេញពីហង្សមាស រយៈពេលជាង១ខែនេះ ព្រាប សុវត្ថិ នៅតែមិនទាន់មានបទចម្រៀងណាមួយផ្ទុះខ្លាំងដូចមុនឡើយ បើទោះជាលោកបានចេញបទរហូតដល់ទៅ៥បទជាប់ៗគ្នា មានដូចជាបទ ”ខែភ្ជុំ ជ្រូកយំពេញទ្រុង”, ”ភូមិខ្ញុំUpdate”, ”អូនជាឆ្មា បងជាកណ្ដុរ”, ”បងស្រណោះឆ្នាំទៅ” និងបទ ”ចង់ឲ្យការស្រលាញ់ដូចញ៉ែគ្នាដំបូង”ក្ដី។

អ្នកជំនាញសិល្បៈរូបនោះ បានឲ្យដឹងដែរថា ការចេញ៥បទនេះ មិនទាន់គ្រប់តម្រូវការទេសម្រាប់ព្រាប សុវត្ថិ ព្រោះលោកត្រូវការយកឡើងឆាកតន្រ្ដីធំៗ ដែលអាចច្រៀង១កម្មវិធី ៥ទៅ៦បទអីចឹង បទភ្ជុំមិនអាចច្រៀងបានតាមគ្រប់កម្មវិធីទូទៅឡើយ ហេតុនេះហើយលោកយល់ថា ព្រាប សុវត្ថិ នឹងចេញបទសម័យយ៉ាងហោចណាស់៦បទទៀត នាពេលខាងមុខនេះ ហើយគេអាចមើលដឹងកាន់តែច្បាស់ថា ព្រាប សុវត្ថិ នៅតែខ្លាំង ឬចុះខ្សោយ គឺប្រើពេលចាប់ពី៦ខែទៅ១ឆ្នាំ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES