Saturday, April 20, 2024
Homeតារាខ្មែរមាស សុខសោភា ធ្វើថៅកែខ្លួនឯង មិនសូវជោគជ័យ?

មាស សុខសោភា ធ្វើថៅកែខ្លួនឯង មិនសូវជោគជ័យ?

មាស សុខសោភា បានដើរចេញពីផលិតកម្មថោន រយៈពេលជាង៣ខែទៅហើយ ដោយនាងមិនទាន់រកបានទ្រនំថ្មីឡើយ ហើយនាងងាកទៅច្រៀងផលិតកម្មផ្ទាល់ខ្លួន Camtrax ដែលគ្រប់គ្រងដោយស្វាមីរបស់នាង លោកអ៊ឹត រ៉ាដា និងបងប្រុសរបស់នាង លោកមាស សុខរតនៈ ហើយសោភា មានបទចម្រៀងចេញផ្ទាល់ខ្លួនជាបន្ដបន្ទាប់។

ទោះជាយ៉ាងណា គេសង្កេតឃើញថា ការធ្វើជាថៅកែខ្លួនឯង ច្រៀងនៅផលិតកម្មផ្ទាល់ខ្លួននេះ សោភា មិនសូវលេចធ្លោខ្លាំងដូចច្រៀងនៅផលិតកម្មផ្សេង ដែលប្រជុំទៅដោយតារាប្រុសស្រីចម្រុះគ្នានោះទេ បើទោះជាកន្លងមកនាងធ្លាប់ល្បីល្បាញបទ ”ម្នាក់ឯងមិនស្លាប់ទេ”​ នៅផលិតកម្មរបស់នាងក្ដី ប៉ុន្ដែពេលនេះបទចម្រៀងខ្លះសរសេរប៉ារ៉ូល មិនសូវស័ក្តិសមជាមួយសមត្ថភាពរបស់នាង បើទោះជាសោភា ត្រូវបានគេចាត់ទុកថា ជាតារាស្រីម្នាក់ដែលនៅចំណុចខ្ពស់ជាងគេក្ដី តែកន្លងមកនាងធ្លាប់ទទួលស្គាល់ថា បើធ្វើបទចម្រៀងមិនត្រូវ ច្រៀងទៅ ក៏មិនល្បីដែរ។

អ្នកជំនាញសិល្បៈបានព្រមានមាស សុខសោភា ថា នាងមិនអាចច្រៀងនៅផលិតកម្មផ្ទាល់ខ្លួនបានរហូតនោះទេ គឺត្រូវតែទៅឈរជើងនៅផលិតកម្មណាមួយ ដើម្បីប្រជែងទីផ្សារចម្រៀងសាជាថ្មី ព្រោះបើនាងពន្យារពេលចូលផលិតកម្មថ្មីទៀតនោះ នឹងធ្វើឲ្យនាងប្រឈមការធ្លាក់កូដជាមិនខាន។

បុរសដែលធ្វើបទចម្រៀងរាប់រយបទ នៅហង្សមាស តែស្នើមិនឲ្យដាក់ឈ្មោះនោះថា រហូតមកដល់ពេលនេះមិនទាន់មានតារាចម្រៀងស្រីណាខ្លាំងជាងមាស សុខសោភា ទេ តែលោកយល់ថា សោភា មិនអាចច្រៀងនៅផលិតកម្មខ្លួនឯងរហូតបានឡើយ ព្រោះបើធ្វើចឹងបានមែន ម្ល៉េះលោកព្រាប សុវត្ថិ ដែលជាតារាចម្រៀងមានទ្រព្យធនម្នាក់ មិនចាំបាច់ទៅច្រៀងនៅផលិតកម្មគេធ្វើអី គឺលោកបើកផលិតកម្មផ្ទាល់ខ្លួនទៅហើយ។

លោកបន្តថា ការច្រៀងនៅផលិតកម្មធំណាមួយ ដែលអាចប្រជែងទីផ្សារចម្រៀងបាន នឹងធ្វើឲ្យសោភា កាន់តែល្បីជាងនេះថែមទៀតជាមិនខាន ព្រោះផលិតកម្ម គេមានអ្នកដឹកនាំ និពន្ធ និងធ្វើភ្លេងទៅតាមសមត្ថភាពរបស់អ្នកចម្រៀង។

យ៉ាងណា មាស សុខសោភា យល់ថា សម័យនេះហើយ ទោះជាមិនចូលផលិតកម្មណា ក៏អ្នកចម្រៀងអាចធ្វើបទដោយខ្លួនឯងល្បីបានដែរ។

ប៉ុន្ដែថ្មីៗនេះ សោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នឹងទៅចូលច្រៀងនៅផលិតកម្មមួយនាពេលឆាប់ៗខាងមុខនេះ ហើយយ៉ាងយូ២ខែទៀត នឹងដឹងថា នាងច្រៀងនៅផលិតកម្មណាហើយ ប៉ុន្តែពេលនេះនាងមិនទាន់អាចប្រាប់ជាមុនបានទេ ព្រោះចង់ឲ្យអ្នកគាំទ្ររបស់នាង Surprise ។

ថ្វីត្បិតតែមាស សុខសោភា មិនប្រាប់ថា ទ្រនំថ្មីរបស់នាងជាផលិតកម្មអ្វីក៏ដោយ ប៉ុន្ដែគេអាចសន្និដ្ឋានថា គឺមានតែផលិតកម្ម២ប៉ុណ្ណោះ ដែលនាងនឹងជ្រើសរើសនោះ គឺផលិតកម្មហង្សមាស និង Galaxy Navatra ។

យ៉ាងណា ទាក់ទងរឿងស្នេហាវិញ មាស សុខសោភា ដែលភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរ មកពីកាណាដា លោកអ៊ឹត រ៉ាដា រយៈពេល១៣ឆ្នាំទៅហើយនោះ នៅតែគ្មានដំណឹងរៀបការជាក់លាក់នោះទេ ទើបធ្វើឲ្យគេម៉ៃថា សោភា មិនហ៊ានរៀបការដោយសារតែខ្លាចប្រឈមធ្លាក់កូដ។

ប៉ុន្ដែសោភា ថា មិនមែននាងខ្លាចរៀបការទៅលែងល្បីនោះទេ ព្រោះរាល់ថ្ងៃអ្នកណាៗក៏បានដឹងថា នាងកំពុងតែរស់នៅជាមួយអ្នកណាដែរ។ ហើយមិនចង់និយាយរឿងរៀបការទុកជាមុនទេ គឺចាំដល់ថ្ងៃ អ្នកគាំទ្ររបស់នាងនឹងភ្ញាក់ផ្អើលតែម្ដង៕ ហ៊ឹម វិចិត្រ

RELATED ARTICLES