ភ្នំពេញ ៖ គួរឲ្យសង្វេគណាស់ សម្រាប់ប្តីប្រពន្ធវ័យក្មេងមួយគូនេះ ដែលទើបរៀបការបានជាង១០ថ្ងៃ ស្រាប់តែបុរសជាប្តី បានស្លាប់ដោយសារខ្សែភ្លើងឆក់ ធ្វើឲ្យនារីជាប្រពន្ធ ទួញយំឱបសព រៀបរាប់ថា «លឿនពេកហើយប្តីសម្លាញ់ អូនទទួលយកមិនបានទេ» ហើយការស្លាប់របស់បុរសជាប្តីនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលនារីជាប្រពន្ធបានបញ្ចេញសារបញ្ជាក់ពីក្តីស្នេហារបស់នាងចំពោះបុរសរងគ្រោះជាប្តីថា «ស្រលាញ់បងមិនមែន១ម៉ោង មិនមែនមួយខែ គឺស្រលាញ់បងមួយជីវិត»។

បុរសជាប្តីដែលត្រូវខ្សែភ្លើងឆក់ស្លាប់ចោលប្រពន្ធដែលទើបរៀបការថ្មោងថ្មីនោះ មានឈ្មោះយ៉ុង រ៉ុយ៉ អាយុជាង២០ឆ្នាំ ។ ចំណែកស្ត្រីប្រពន្ធ មានអាយុជាង២០ឆ្នាំ ទើបតែរៀបការ កាលពីថ្ងៃទិ១២ ខែកញ្ញា ឆ្នាំ២០២០។

មុនពេលកើតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ គឺនៅវេលាម៉ោង១០និង០៨នាទីប្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ត្រីជាប្រពន្ធ បានបង្ហោះរូបភាពនាងនិងបុរសជាប្តី ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរបញ្ជាក់ពីទឹកចិត្តស្នេហារបស់ខ្លួនទៅលើបុរសជាប្តីថា «ស្រលាញ់បង មិនមែន ១ម៉ោង មិនមែនមួយខែ គឺស្រលាញ់បងមួយជីវិត»។

បន្ទាប់ពីបានបង្ហោះប្រយោគបញ្ជាក់ពីទឹកចិត្តស្នេហាចំពោះប្តី ខាងលើនេះ បានប៉ុន្មានម៉ោងក្រោយមកស្រាប់តែស្រ្តីជាប្រពន្ធដដែល បានបង្ហោះរូបភាពសពប្តីដែលស្លាប់ដោយខ្សែភ្លើងឆក់ ជាមួយសំណេរថា «លឿនពេកហើយប្តីសម្លាញ់ ស្លុតចិត្តណាស់ អូនស្ទើតែមិនជឿទេប្តីសម្លាញ់ អូនទទួលយកអត់បានទេប្តី»។

ស្ត្រីជាប្រពន្ធដដែល បានសរសេរបន្ថែមថា «លឿនពេកហើយ… សូមឲ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគិតភព មានជាតិក្រោយ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត… មូលហេតុឆក់ខ្សែភ្លើង»។
ក្រោយពីទទួលបានដំណឹងអកុសលនេះ មានមិត្តភក្តិជាច្រើន បានសម្តែងការភ្ញាក់ផ្អើល សឹងតែមិនគួរឲ្យជឿថាជនរងគ្រោះ បាត់បង់ជីវិតលឿនបែបនេះ ហើយសម្តែងការសោកស្តាយជាខ្លាំង ជាពិសេស ពួកគេសម្តែងនូវការអាណិតដល់ស្ត្រីជាប្រពន្ធដែលត្រូវបាត់បង់ប្តី ក្លាយជាស្ត្រីមេម៉ាយ កាយរងា ទាំងវ័យក្មេង ខណ:ទើបរៀបការបានថ្មីៗ។

ចាក់ស្តែង គណនីហ្វេសប៊ុក មួយ បានសរសេរថា «លឿនពេកហើយ… សូមឲ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគិតភព មានជាតិក្រោយ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត ទើបតែការហើយថ្មីៗផងអាណិតប្រពន្ធបងណាស់…»។
ចំណែកគណនីហ្វេសប៊ុក មួយទៀត បានសរសេរថា «លឿនពេកហើយបងប្រុស… ស្លុតចិត្តណាស់ ខ្ញុំស្ទើតែមិនជឿទេ ទើបតែជួបគ្នាថ្ងៃភ្ជុំធំនេះទេ បងលាប្អូន ដូចលារហូតអ៊ីចឹង បងប្រុសល្អនឹងប្អូនណាស់ ហេតុអ្វីមនុស្សល្អៗដូចបង បែរមកជួបរឿងបែបនេះទៅវិញ? សូមឲ្យវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព មានជាតិក្រោយ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត ទើបតែការហើយថ្មីៗ មិនទាន់បាន ១ខែផង បងបែរជាជួបរឿងបែបនេះ បងប្រុសអើយ! បងប្រុស… »៕