Friday, April 19, 2024
Homeតារាខ្មែរលោកជា វិបុល ថា អត់បញ្ហា

លោកជា វិបុល ថា អត់បញ្ហា

គង់ សុជាតិ -ជា វិបុល បានបណ្ដើរគ្នាទៅជប់លៀងកម្មវិធីមួយ កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញា ហើយនៅចំពោះមុខអ្នកកាសែតជាច្រើននោះ លោកជា វិបុល បានឱបភរិយាលោក និងអះអាងថា ចំពោះព័ត៌មានផ្សេងៗដែលបោកបក់លើលោកនោះ អត់មានបញ្ហាដល់លោកនិងភរិយានោះទេ ហើយពេលដែលលោកទៅកម្មវិធីជប់លៀង និងទៅបុណ្យទាន ជាដើម គឺត្រូវតែទៅទាំង២នាក់តែម្ដង។

លោកវិបុល ថា ពេលនេះនៅហង្សមាស លោកនិងភរិយាចាប់ដៃគ្នាកាន់កម្មវិធីតន្រ្ដីខារ៉ាបាវ និងកម្មវិធីកុមារ។

ដោយឡែក អ្នកនាងគង់ សុជាតិ វិញថា កម្មវិធីផ្សេងៗដែលគេកក់ អ្នកនាងនិងស្វាមីឲ្យធ្វើជាពិធីករតាំងពីខែ៣, ៤ និងខែ៥នោះ ត្រូវបានលើកពេលទៅធ្វើនៅចុងឆ្នាំនេះវិញ ព្រោះតែកូវីដ-១៩ មិនទាន់ស្ងាត់ អីចឹងប្ដីប្រពន្ធនាងនឹងរវល់ខ្លាំងចាប់ពីខែ១០ ចុងឆ្នាំនេះវិញហើយ។

ដោយឡែក ទាក់ទងរឿងអ្នកនាងសុជាតិ និងប្ដី ចូលចិត្តស្លៀកឈុតខ្មៅដើរតាមកម្មវិធីនោះ ត្រូវបានលោកវិបុល អះអាងថា ដោយសារតែគីឡូលោកមិនទាន់ស្រកទេ អីចឹងឲ្យលោកស្លៀកឈុតស ក្រហម លឿង អី ចូលកម្មវិធីមិនត្រូវនោះទេ គឺមានតែឈុតខ្មៅនេះហើយ ពេញនិយមបំផុត។

គួរបញ្ជាក់ថា គង់ សុជាតិ បានក្រៀមស្រពោនចិត្ត អស់មួយរយៈ ព្រោះតែមានព័ត៌មានថា ស្វាមីរបស់នាង លោកជា វិបុល បានងាកទៅបង្កាត់ភ្លើងស្នេហាជាមួយដៃគូឆ្លងឆ្លើយ អ្នកនាងកែវ ចាន់និមល ធ្វើឲ្យសុជាតិ ចូលពេទ្យសង្រ្គោះជាបន្ទាន់។ ប៉ុន្ដែភ្លាមៗនោះ លោកវិបុល ហាក់ភ្ញាក់ខ្លួន ទើបងាកមកថ្នាក់ថ្នមកាយាអ្នកនាងសុជាតិ ឡើងវិញ នាំឲ្យចំណងស្នេហារបស់ពួកគេស្រស់បំព្រងសាជាថ្មីម្ដងទៀត ស្របពេលដែលលោកថៅកែហង្សមាស បង្ខំចិត្តលែងឲ្យលោកជា វិបុល ចាប់ដៃគ្នាជាមួយកែវ ចាន់និមល ទៀតហើយ ដែលនាំឲ្យសុជាតិ លែងបារម្ភខ្លាចប្ដីបែកឆ្វេង។

ប៉ុន្ដែសុជាតិ នៅតែមិនទាន់បំពេញបំណងស្វាមី តាមរយៈការពពោះកូនភ្លោះប្រុសនោះទេ បន្ទាប់ពីចាប់ដៃគ្នាជិត៧ឆ្នាំ អ្នកទាំង២ ទទួលបានចំណងដៃកូនស្រីម្នាក់ ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៣ឆ្នាំ៕

RELATED ARTICLES