Wednesday, April 24, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចគ្រប់គ្រងស្ថានការបាន... មិនឲ្យរាលដាលដល់រោងចក្រនៅក្បែរ

សមត្ថកិច្ចគ្រប់គ្រងស្ថានការបាន… មិនឲ្យរាលដាលដល់រោងចក្រនៅក្បែរ

ភ្នំពេញ ៖ រោងចក្រផលិតស្បែកជើងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ។

រោងចក្រផលិតស្បែកជើង ដែលត្រូវភ្លើងឆេះហ្មត់នោះ ឈ្មោះ វ៉ុលស្កូ អ៊ិនធើរណេសិនណល មានទីតាំងស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា រោងចក្រផលិតស្បែកជើង ខាងលើនេះ គឺមានកម្មករធ្វើការតែពេលថ្ងៃទេ ហើយនៅយប់កើតហេតុ មិនមានកម្មករធ្វើការទេ ស្រាប់តែនៅសុខៗក៏លាន់ឮសំឡេងផ្ទុះពីក្នុងរោងចក្រ ក្លាយជាអណ្តាតភ្លើងឆេះចេញពីខាងក្នុងរោងចក្រយ៉ាងសន្ធោសន្ធៅ ភ្លាមនោះក្រុមសន្តិសុខដែលយាមប្រចាំការបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ភ្លើងភ្លាមៗដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយ ទើបប្រញាប់រាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ភ្លាមៗតែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងខាងលើជាអគាររោងចក្រផលិតស្បែកជើង សាងសង់ពីថ្មប្រក់ស័ង្កសី រងការខូចខាតទាំងស្រុងតែម្តង តែពុំបានឆេះរាលដាលដល់រោងចក្រផ្សេងទៀតឡើយ។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៤៣គ្រឿង ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យមកពីការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គិភ័យជំនួយក្រសួងមហាផ្ទៃ រថយន្តពន្លត់អគ្គិភ័យកងពលតូចលេខ៧០ រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា រថយន្តពន្លត់អគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តពន្លត់អគ្គិភ័យទីក្រុងជ្រោយចង្វា រថយន្តពន្លត់អគ្គិភ័យទីក្រុងកោះពេជ្រ និងរថយន្តពន្លត់អគ្គិភ័យបុរីក្តីសង្ឃឹមថ្មី។

ករណីអគ្គិភ័យខាងលើនេះ ក្រោយកើតហេតុភា្លមៗ សមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ដោយកំពុងស្ថិតក្នុងការស្រាវជ្រាវ។ ចំណែកទំហំនៃការខូចខាត ក៏មិនទាន់អាចបូកសរុបបាននៅឡើយ ។

យ៉ាងណា អគ្គិភ័យនេះ មិនបានបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ហើយភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោងប្រមាណជាង៤ទៀបភ្លឺ ថ្ងៃដដែល៕

RELATED ARTICLES