Friday, April 19, 2024
Homeព័ត៌មានជាតិសមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាព ស្គាល់មុខច្បាស់ក្រឡែត

សមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាព ស្គាល់មុខច្បាស់ក្រឡែត

ខេត្តកណ្តាល ៖ ជនសង្ស័យ១ក្រុមបានធ្វើសកម្មភាពជិះម៉ូតូកង់បី ដើរលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ត្រូវអស់លក្ខណ៍ ទើបនឹងលួចម៉ូតូធំបាន១គ្រឿង មិនទាន់បានយកទៅលក់ផង ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីនេះកើតឡើងកាលពីវេលាម៉ោង២និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះជួល ក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ។

ជនរងគ្រោះ មានឈ្មោះវិត ប៊ុនធឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរចុងភៅ មានស្រុកកំណើតនៅភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ។

ចំណែកជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖
ទី១- ឈ្មោះញ៉ាញ់ បញ្ញឹម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ។
ទី២- ឈ្មោះអឿ ឈឿន ហៅថន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។
ទី៣- ឈ្មោះកុល ខេមរា ហៅខ្លា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាម្ចាស់ម៉ូតូកង់បី)។
និងទី៤- ឈ្មោះសែស មេសា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

រីឯសម្ភារបាត់បង់ រួមមាន ម៉ូតូ ១គ្រឿង ម៉ាក់ ជព្រ ពណ៌សលាយខៀវ ពាក់ស្លាកលេខ សៀមរាប 1X-3266 (រកឃើញវិញ)។ ចំណែកវត្ថុតាងចាប់យក រួមមាន ១-កង់១គ្រឿង ពណ៌ស និងស្បែកជើងផ្ទាត់មួយគូ (ជារបស់ជនសង្ស័យ)។ ២- ម៉ូតូកង់បី១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IH-2768 (ជារបស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួន ម៉ាក HONDA CBR 250CC ពណ៌សលាយខៀវ ពាក់ស្លាកលេខសៀមរាប 1X-3266 នៅមុខបន្ទប់ជួលនៅចំណុចកើតហេតុខាងលើ (ម៉ូតូធំមិនអាចយកចូលក្នងបន្ទប់កើត) ធម្មតាទុកនៅមុខបន្ទប់ ជារៀងរាល់ថ្ងៃ។

លុះមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ជនគ្រោះបានក្រោកពីដេក ចេញមកខាងក្រៅបន្ទប់មិនឃើញម៉ូតូរបស់ខ្លួន ដឹងថាមានចោរលួច ក៏ប្រាប់ទៅម្ចាស់ផ្ទះជួលឱ្យជួយឆែកមើលកាមេរ៉ាសុវត្ថិភាព បានមើលឃើញសកម្មភាពជនសង្ស័យខាងលើ ធ្វើសកម្មភាពលួចម៉ូតូចេញពីមុខបន្ទប់ជួលរបស់ខ្លួន។

ប្រភពដដែល បន្តថា ក្រោយពីឆែកកាមេរ៉ាសុវត្ថិភាពរួចហើយ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ឱ្យជួយអន្តរាគមន៍។ លុះពេលទទួលបណ្តឹងរួច កម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍ចុះទៅដល់កន្លែងកើតហេតុ ដើម្បីសុំឆែកកាមេរ៉ាសុវត្ថិភាព ក្រោយពីឆែករួច កម្លាំងជំនាញនឹងប៉ុស្តិ៍បានកំណត់មុខសញ្ញាជនសង្ស័យជាមនុស្សនៅក្នុងមូលដ្ឋាន រួចបានចុះទៅដល់ផ្ទះជនសង្ស័យ តែជនសង្ស័យបានគេចខ្លួនបាត់ មិននៅក្នុងមូលដ្ឋានទេ។ បន្ទាប់មក កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត បន្តតាមរកមុខសញ្ញាខាងលើ ដោយមានកិច្ចសហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាម៉ោង១១និង៥៥នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ នៅចំណុចក្បែរវត្តសំពោងផលអណ្តែត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយកម្លាំងជំនាញស្រុក បាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការនគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំគ្នាចូលទៅលួចម៉ូតូម៉ាក HONDA CBR 250CC នៅចំណុចផ្ទះជួលក្នុងភូមិ ឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ប្រាកដមែន ដោយឈ្មោះញាញ់ បញ្ញឹម ជាចូលអ្នកចូលទៅមុន រួចហើយបានហៅឈ្មោះអឿ ឈឿន ហៅថន ឱ្យចូលទៅជួយរុញម៉ូតូចេញមកក្រៅ ហើយឈ្មោះសែស មេសា ជាអ្នកបើកម៉ូតូកង់បី ចាំមើលផ្លូវខាងក្រៅ។

ពេលរុញម៉ូតូមកដល់ខាងក្រៅផ្លូវ ឈ្មោះញាញ់ បញ្ញឹម បានជិះម៉ូតូរបស់ជនរងគ្រោះ ចំណែកឈ្មោះអឿ ឈឿន អង្គុយលើម៉ូតូខាងមុខចំហៀងខាងឆ្វេង យកជើងរុញម៉ូតូពីក្រោយ ដោយឈ្មោះសែស មេសា ភេទប្រុស ជាអ្នកបើកម៉ូតូកង់បីជិះរុញម៉ូតូជនរងគ្រោះ មកដល់ចំណុចក្បែររបងវត្តកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ ភ្នំពេញ ម៉ូតូកង់បី បានអស់សាំង ទើបឈ្មោះសែស មេសា បានយកទូរស័ព្ទដៃខលទៅឈ្មោះកុល ខេមរា ហៅខ្លា ឱ្យទិញសាំង ហើយជិះម៉ូតូយកមកឱ្យពួកខ្លួនដើម្បីចាក់ម៉ូតូកង់បី ។

ក្រោយពីចាក់សាំងរួច ក៏នាំគ្នារុញម៉តូរបស់ជនរងគ្រោះរហូតមកដល់ផ្ទះឈ្មោះកុល ខេមរា ហៅខ្លា ស្ថិតនៅភូមិនិរោធ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ លុះព្រឹកឡើងរហូតដល់ម៉ោង ១១និង៥៥ ថ្ងៃដដែល ទើបកម្លាំងសមត្ថកិច្ចស្រុកកៀនស្វាយ ចុះឃាត់ខ្លួនបានបន្តបន្ទាប់ ព្រមទាំងដកហូតវត្ថុតាង (ម៉ូតូ) មកកាន់អធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធី។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច មុខសញ្ញានេះ គឺជាក្រុមធ្លាប់ដើរធ្វើសកម្មភាពលួចឆក់ និងគាស់ផ្ទះ យ៉ាងសកម្ម ពិសេសឈ្មោះញ៉ាញ់ បញ្ញឹម កាលពីថ្ងែទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១រសៀល បានលួចម៉ូតូ ១គ្រឿង ម៉ាកស្មាស់ រ៉េវូ ពណ៌ខ្មៅ (ម៉ូតូបងប្រុសបង្កើតរបស់ខ្លួន) យកទៅលក់ម្តងរួចមកហើយ។

ជនសង្ស័យទាំង៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES