Thursday, April 25, 2024
Homeតារាខ្មែរសុខ ពិសី ពេលវេលាមិនស័ក្តិសម ឬមិនទាន់ហ៊ាន?

សុខ ពិសី ពេលវេលាមិនស័ក្តិសម ឬមិនទាន់ហ៊ាន?

ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ស្រីស្អាតសុខ ពិសី បានតេស្ដការថតរូបសម្រាប់តាំងក្នុងពិធីអាពាហ៍ពិពាហ៍ (Pre-Wedding) ដល់ទៅ២លើក ដែលការតែងខ្លួនធ្វើកូនក្រមុំរបស់ពិសី នៅពេលនេះ ត្រូវបានអ្នកគាំទ្រនាងសរសើរមិនដាច់ពីមាត់ឡើយថា នាងស្អាតលេចធ្លោខ្លាំងណាស់ ហើយពួកគេជឿថា មិនយូរទេ ពិសី នឹងគ្រងឈុតកូនក្រមុំមែនទែនជាមិនខានឡើយ។

ទោះជាយ៉ាងណា ការដែលពិសី ដឹកដៃប្រុសសង្ហាទៅតែងខ្លួនថតរូបតាំងរោងការនោះ នាងមិនបានបណ្ដើរបុរសដែលគេតែងតែសង្ស័យថា ជាគូស្នេហ៍របស់នាង លោកឡាយ សុខចំរើន ជាថៅកែសាន់ដេ ទៅកៀកកើយគ្នាជាមួយនាងឡើយ គឺនាងបែរជាជ្រើសយកតារាបង្ហាញម៉ូដប្រុសផ្សេង តំណាងទៅវិញ។

ក្រុមអ្នគគាំទ្រតារាចម្រៀងសុខ ពិសី ហាក់អន្ទះសារចង់ឃើញ Idol របស់ពួកគេ ក្លាហានហ៊ានដឹកដៃគូស្នេហ៍ចូលរោងការ ដូចតារាចម្រៀងឱក សុគន្ធកញ្ញា, សុគន្ធ និសា និងសួស វីសា ជាដើម ប៉ុន្ដែពិសី នៅតែរារែកចិត្តដដែល ហើយទោះជាចំណងស្នេហានាង និងលោកថៅកែ បែកធ្លាយជាច្រើនឆ្នាំក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ ស្រីស្អាតរូបនេះនិងលោកថៅកែ មិនដែលហ៊ានសារភាពស្នេហ៍ឡើយ។

សុខ ពិសី ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងឃើញអ្នកសិល្បៈរួមអាជីព រៀបការ មានតែត្រេកអរ និងរំភើបជំនួសគេ ដែលគេរកគូឃើញ។ ប៉ុន្តែសម្រាប់រូបនាងវិញ ពេលវេលាមិនទាន់អំណោយផលទេ។ នាងថា អំឡុងពេលនេះត្រូវការពង្រឹងអាជីពចម្រៀង និងមុខរបរក្រៅសិល្បៈឲ្យរឹងមាំសិន។

ក្រៅពីសុខ ពិសី តារាប៉ះស្នេហ៍ថៅកែផលិតកម្ម មានដូចជា ម៉ាក សែនសូនីតា ,ឡាយ សានិកា , តេង លក្ខិណា និងលីងលីង ជាដើម ខណៈដែលឱក សុគន្ធកញ្ញា បានប្ដីលោកអ៊ឹង សុខលី ជាប្អូនថៅកែផលិតកម្មហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន។

ដោយឡែក ពិសី ត្រូវបានគេចាត់ទុកថា ជារាជិនីសម្រស់ក្នុងពិភពសិល្បៈ ហេតុនេះហើយនាងមានជ្រើសស្នេហ៍ច្រើនណាស់ ហើយបើលោកថៅកែសាន់ដេ នៅតែពន្យារពេលរៀបការតទៅទៀត អាចប្រឈមគូប្រជែងស្នេហ៍កាន់តែច្រើនជាមិនខាន ខណៈដែលក្នុងនោះ មានបុរសម្នាក់ត្រូវបានគេស្គាល់ថា ជាកូនលោកឧកញ៉ាមហាសេដ្ឋី​រកស៊ីផ្នែកសណ្ឋាគារ និងប្រេងសាំង ក៏ធ្លាប់បានតាមស្នេហាពិសី យ៉ាងស្អិតជាច្រើនឆ្នាំមកហើយដែរ។

ប៉ុន្ដែគេជឿថា ពិសី អាចនឹងមានភាគរយខ្ពស់ជ្រើសគូស្នេហ៍ជាអ្នកនៅក្នុងរង្វង់សិល្បៈ ដូចឱក សុគន្ធកញ្ញា ជាមិនខាន ព្រោះថា ចំណងស្នេហាបែបនេះ ធ្វើឲ្យនាងរក្សារបានភាពយូរអង្វែង ជាងយកប្ដីជាប្រុស ក្រៅពីអ្នកដែលយល់ច្បាស់ពីអាជីពសិល្បៈ។

ពិសី ក៏ធ្លាប់បង្ហើបដែរថា កន្លងមកមានបុរសធ្វើការជាមន្រ្ដីរាជការខ្លះ ក៏បង្ហាញសញ្ញាសុំចូលចែរចូវនាងដែរ ប៉ុន្ដែនាងមិនចង់គិត តែពេលខ្លះនាងថា ពិបាកគេចការរៀបការដែរ ព្រោះលោកឪពុករបស់នាងចង់ឲ្យមានគូស្រករដូចគេឆាប់ៗ។

ពិសី បញ្ជាក់ថា មិនមែនការពន្យារពេលរៀបការ ព្រោះខ្លាចធ្លាក់កូដ ឬបារម្ភលែងមានអ្នកគាំទ្រនោះទេ តែមកពីពេលវេលាមិនទាន់ស័ក្តិសម។

ទោះជាយ៉ាងណា សុខ ពិសី សារភាពថា បុរសដែលធ្លាប់តាមស្រលាញ់នាងមានច្រើនមែន ទាំងអ្នកនៅក្រៅនិងក្នុងរង្វង់សិល្បៈ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES