Friday, March 29, 2024
Homeតារាខ្មែរសុខ ពិសី រដូវភ្ជុំបិណ្ឌ ធ្វើបុណ្យមិនក្រោម៧វត្ត ដើម្បីឧទ្ទិសជូនម្តាយ

សុខ ពិសី រដូវភ្ជុំបិណ្ឌ ធ្វើបុណ្យមិនក្រោម៧វត្ត ដើម្បីឧទ្ទិសជូនម្តាយ

សុខ ពិសី បានគ្រងឈុតប្រពៃណីយ៉ាងស្រស់ស្អាត ទៅធ្វើបុណ្យជាបន្ដបន្ទាប់ នៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗផងដែរ ដើម្បីឧទ្ទិលកុសលផលបុណ្យជូនអ្នកគុណរបស់នាង ដែលបានលាចាកលោកទៅ ពិសេស គឺអ្នកម្ដាយជាទីស្រលាញ់របស់នាង អ្នកស្រីរស់ សុគន្ធារី ទទួលមរណភាពកាលពីខែមេសា ឆ្នាំ២០០៨ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ៤។

តារាចម្រៀងសាន់ដេ រូបនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នាងទៅវត្តធ្វើបុណ្យចាប់ពី៧វត្តឡើងទៅ គឺជារៀងរាល់ឆ្នាំតែម្ដង។

ក្រុមគ្រួសារសុខ ពិសី មិនដែលរំលឹកពីការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យម្ដាយរបស់ពិសី ទទួលមរណភាពចោលនាង១២ឆ្នាំទៅហើយនោះទេ ព្រោះខ្លាចប៉ះពាល់អារម្មណ៍នាង ខណៈកំពុងសម្ងំព្យាបាលរបួស ហើយមុនដឹងការពិតថា ម្ដាយស្លាប់នោះ ពិសី ត្រូវបានសាច់ញាតិរបស់នាងកុហកជាច្រើនខែថា ម្ដាយនាងទៅព្យាបាលរបួសនៅក្រៅស្រុក។ លុះដឹងការពិត ពិសី រឹតតែរន្ធត់ ហើយពេលខ្លះនាងមានអារម្មណ៍តូចចិត្តខ្លាំងណាស់ តែត្រូវបានក្រុមគ្រួសារ និងមិត្តភក្ដិលួងលោម ទើបនាងអាចរឹងមាំរហូតមកដល់ពេលនេះ។

សុខ ពិសី មានកំណើតកើតនៅថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ១៩៩០ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល មានន័យថា ឆ្នាំនេះនាងអាយុ៣០ឆ្នាំហើយ។ ឪពុករបស់ពិសី ឈ្មោះសុខ ហេង អាយុ៥៣ឆ្នាំ ជាមន្រ្ដីទាហាន ចំណែកម្ដាយឈ្មោះរស់ សុគន្ធារី (ស្លាប់) ពិសី មានបងប្អូន៣នាក់ (ស្រី១) នាងជាកូនទី២ កម្ពស់១,៦៧ម៉ែត្រ ទម្ងន់៤៥គ.ក្រ។

ក្រៅពីសម្រុកទៅវត្តនៅរដូវបុណ្យភ្ជុំនេះ ពិសី ក៏ធ្លាប់នាំយកអំណោយទៅចែកជូនតាមមណ្ឌលកុមារកំព្រាមួយចំនួនផងដែរ ស្របពេលដែលអាជីពចម្រៀងរបស់នាងនៅសាន់ដេ នៅតែស្ថិតក្នុងចំណោមតារាចម្រៀងស្រីឈានមុខគេ ហើយថែមទាំងត្រូវប៉ាន់ស្ពតធំៗទៀតផង។

ដោយឡែក រឿងរៀបការវិញ ពិសី មិនទាន់កំណត់ថ្ងៃលាភាពនៅលីវទេ បើទោះនាងប៉ះស្នេហ៍ថៅកែសាន់ដេ លោកឡាយ សុខចំរើន ជាច្រើនឆ្នាំក្ដី៕

RELATED ARTICLES