Friday, April 26, 2024
Homeព័ត៌មានជាតិអុញ... គ្រាន់តែមកដល់មុខហាងផឹកស៊ី គាត់ដាក់មួយប្រាវតែម្តង

អុញ… គ្រាន់តែមកដល់មុខហាងផឹកស៊ី គាត់ដាក់មួយប្រាវតែម្តង

ភ្នំពេញ ៖ ជនសង្ស័យជាខ្មាន់កាំភ្លើង២នាក់បានធ្វើសកម្មភាពជិះម៉ូតូដឹកគ្នាមកដល់ត្រង់ចំណុចមុខហាងផឹកស៊ីមួយកន្លែង ក៏ដកកាំភ្លើងបាញ់មេឃចំនួន៤គ្រាប់ (មិនដឹងបាញ់គំរាមអ្នកណា) បណ្តាលឱ្យផ្អើលពេញផ្លូវ និងត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗដែរ តែខ្មាន់កាំភ្លើងបានគេចខ្លួនបាត់ ទើបសមត្ថកិច្ចបានត្រឹមរើសសំបកគ្រាប់៣គ្រាប់យកទៅរក្សាទុកប៉ុណ្ណោះ។

ករណីបាញ់បោះសេរីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ២៨៧ កែងផ្លូវ៥២៨ នៅមុខចំណុចស៊ីកនេតឈ័រ ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញបុរសដែលជាខ្មាន់កាំភ្លើង ជិះម៉ូតូ១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិច បើកដល់ផ្លូវបែកជាបួន ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែជនល្មើសដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក បាញ់ឡើងទៅលើចំនួន៤គ្រាប់ រួចហើយជិះរត់គេចខ្លួនបាត់ស្រមោល។

ដោយឡែក តាមប្រភពីសាក្សីដែលជាអ្នកបើកម៉ូតូកង់បី បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់ឃើញនៅក្នុងហាងស៊ីកនេតឈ័រខាងលើ មានគេឈ្លោះប្រកែកគ្នា ហើយដកកាំភ្លើងមួយសារួចមកហើយ តែមិនបានផ្ទុះអាវុធភ្លាមៗនោះទេ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខខ្មាន់កាំភ្លើង២នាក់ ដកកាំភ្លើងបាញ់មុខហាងចំនួន៤គ្រាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះធ្វើការស្រាវជ្រាវជុំវិញករណីដែលផ្ទុះអាវុធចំនួន៤គ្រាប់ នឹងបន្តតាមចាប់ជនល្មើសមកផ្តន្ទាទោសទៅតាមនីតិវិធី។

ដោយឡែក នៅទីតាំងកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍បឹងកក់១ បានរើសយកសំបកគ្រាប់ចំនួន៣គ្រាប់យកទៅរក្សាទុក ដើម្បីធ្វើការកំណត់មុខសញ្ញាចាប់ជនសង្ស័យ៕

RELATED ARTICLES