Saturday, April 20, 2024
Homeព័ត៌មានជាតិឯកឧត្តមនេត សាវឿន ហៅប្រធានការិយាល័យប្រឆាំងភេរវកម្ម មកសួរនាំ និងដុសក្អែល

ឯកឧត្តមនេត សាវឿន ហៅប្រធានការិយាល័យប្រឆាំងភេរវកម្ម មកសួរនាំ និងដុសក្អែល

ភ្នំពេញ ៖ បុរសម្នាក់ដែលមានតួនាទីជាប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ និងជាសមាជិកគណៈមេធាវីផង ត្រូវបានប្តីប្រពន្ធថៅកែហាងគុយទាវ អង្គរជុំ ដាក់ពាក្យប្តឹង ក្រោយពីបានដកកាំភ្លើងគំរាមបាញ់សម្លាប់ពួកគាត់។ ជាមួយនេះ ជនបង្កហេតុដែលជាមន្ត្រីនគរបាលខាងលើ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាឱ្យអង្គភាពជំនាញកោះហៅមកសាកសួរ ដើម្បីដុសក្អែល ចាត់ការតាមនីតិវិធីផងដែរ។

ហេតុការណ៍ជម្លោះពាក្យសម្តី រហូតឈានដល់ការដកកាំភ្លើងគំរាមបាញ់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចក្នុងហាងគុយទាវអង្គរជុំ ស្ថិតនៅផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ភាគីជនរងគ្រោះ និងជាដើមបណ្តឹង មានឈ្មោះជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរថៅកែហាងគុយទាវ អង្គរជុំ សព្វថ្ងៃស្នាក់នៅផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

ចំណែកភាគីបង្កហេតុដែលដកកាំភ្លើងគំរាមគេ ក្រោយផឹកស្រាស្រវឹងធ្លាក់ភ្នែក ត្រូវបានភាគីដើមបណ្តឹងអះអាងថា មានឈ្មោះថ្លាង ភិនរ៉ា ជាមន្ត្រីនគរបាល មានតួនាទីជាប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃ និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ថា បន្ទាប់ពីទទួលបានព័ត៌មាននៃសកម្មភាពរបស់ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃខាងលើនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានចេញវិធានការនិងចំណាត់ការតាមផ្លូវច្បាប់ ចំពោះមន្ត្រីនគរបាលរូបនេះ ដោយហៅមកធ្វើកំណត់ហេតុ ឱ្យសារភាពពីទោសកំហុស សម្របសម្រួល ឬសុំទោសចំពោះជនរងគ្រោះ បើសិនពិតជារកឃើញកំហុសមែន។

ហើយប្រសិនបើការសម្របសម្រួលមិនត្រូវគ្នាទេ នឹងបញ្ជូនទៅតុលាការ និងដាក់ពិន័យកងកម្លាំងដោយអគ្គស្នងការដ្ឋាននគរបាលជាតិ មិនបានទុកសកម្មភាពរបស់មន្ត្រីនគរបាលដែលខុសឆ្គង ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិទាំងមូលទេ គឺតែងតែដាក់ទោសទណ្ឌចំពោះនគរបាលដែលប្រព្រឹត្តបទល្មើសជានិច្ច។

គួរបញ្ជាក់ថា លោកជុយ សុខហេង ម្ចាស់ហាងគុយទាវ អង្គរជុំ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានដាក់ពាក្យប្តឹងលោកថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្ម នៃក្រសួងមហាផ្ទៃ ទៅកាន់ស្ថាប័នចំនួន៣ រួមមាន ប្តឹងទៅកាន់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមន្ត្រីនគរបាល ឈ្មោះថ្លាង ភិនរ៉ា បានជេរប្រមាថនិងគំរាមបាញ់សម្លាប់រូបលោកនិងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ទៅលើពួកគាត់ទាំង២នាក់ប្តីប្រពន្ធ ជាជនរងគ្រោះដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាងគុយទាវ អង្គរជុំ។

នៅក្នុងពាក្យបណ្តឹងខាងលើ ថៅកែហាងគុយទាវ អង្គរជុំ បានរៀបរាប់ថា “កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងហាងខ្ញុំបាទ ឈ្មោះអង្គរជុំ មានការរៀបចំហូបចុកស៊ុបទា ដោយមានការចូលរួមពីមិត្តភក្តិប្រមាណចំនួន ៨នាក់ ជាលក្ខណៈមិត្តភាព ដោយសារហាងបិទទ្វារ មិនមានការលក់ដូរគុយទាវទេ ព្រោះជាថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ។

បន្ទាប់ពីទទួលទានអាហារ និងស៊ុបទា មួយរយៈពេលមក ស្រាប់តែឃើញមានវត្តមានលោកថ្លាង ភិនរ៉ា ដើរចូលមក ដោយពុំមានការអញ្ជើញពីខ្ញុំបាទ និងភរិយាទេ ប៉ុន្តែ ដោយសារធ្លាប់ស្គាល់គ្នាផង ទើបមិត្តភក្តិទាំងអស់ដែលកំពុងទទួលទានអាហាររួមតុ ក៏អនុញ្ញាតឱ្យរូបគេ (ថ្លាង ភិនរ៉ា) ចូលរួមទទួលទានជាមួយគ្នាតែម្តងទៅ»។

ពាក្យបណ្តឹងដដែល បន្តថា «ការហូបចុកបន្តរហូតដល់ម៉ោងជិត ២រសៀល នាថ្ងៃដដែល មានមិត្តភក្តិមួយចំនួនបានសុំលាទៅមុនជាបន្តបន្ទាប់ នៅសល់តែមិត្តភក្តិ ចំនួន៣នាក់ រួមទាំងរូបខ្ញុំ និងភរិយា និងរូបគេ សរុបចំនួន ៥នាក់ប៉ុណ្ណោះ។ មួយសន្ទុះក្រោយមក ដោយមានអាការស្រវឹងស្រា លោកថ្លាង ភិនរ៉ា បានប្រើពាក្យសម្តីថា “ហាងអ្ហែងនេះ អញចង់ឱ្យបិទម៉ោងណាក៏បាន ឬចង់ឱ្យសមត្ថកិច្ចមកពិនិត្យជាតិស្រវឹង មុខហាងតែម្តងក៏បាន បើអ្ហែងចង់ខ្លាំង នឹងវ៉ៃខ្នោះម្ចាស់ហាងភ្លាម! ចង់ដឹងសាកមើល អញខលទៅអាថេត (លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ) មកបិទហាងអ្ហែងតែម្តង…” ។

ពេលនោះ ខ្ញុំបានតបតទៅវិញថា តើហាងខ្ញុំបានលក់គ្រឿងញៀនឬ បានជា ភិនរ៉ា ឯងចង់បិទហាងខ្ញុំ…? គឺហាងខ្ញុំលក់តែគុយទាវ និងកាហ្វេទេ…! ពេលនោះ លោកថ្លាង ភិនរ៉ា បានបញ្ចេញអាការច្រងេងច្រងាង និងបានប្រើសម្តីធំៗមកលើរូបខ្ញុំបាទ និងភរិយា ដោយដកកាំភ្លើងខ្លីពីចង្កេះ រួចអាម៉េបញ្ចូលគ្រាប់ ហើយភ្ជង់ខ្ញុំបាទ និងភរិយា ដោយនិយាយគំរាមថា នឹងបាញ់សម្លាប់ឯងទាំងពីរនាក់ប្តីប្រពន្ធឯង អញសុខចិត្តជាប់គុក… ទោះបីពេលនោះ មានការហាមឃាត់ ពីសំណាក់មិត្តភក្តិរួមតុជាមួយយ៉ាងណាក៏ដោយ ក៏បុគ្គលថ្លាង ភិនរ៉ា នេះ នៅតែកាន់កាំភ្លើង ឆ្ការដៃឆ្ការជើង គំរាមសម្លុតបាញ់សម្លាប់រូបខ្ញុំ និងភរិយា ដោយឥតញញើតច្បាប់ឡើយ…”។

ជាមួយគ្នានេះ នៅក្នុងពាក្យបណ្តឹងខាងលើ ជនរងគ្រោះដែលជាថៅកែហាងគុយទាវ អង្គរជុំ បានទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ និងបានស្នើសុំឱ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងបានឡើយ។

ទោះជាយ៉ាងណា ជុំវិញករណីខាងលើនេះ «នគរធំ» មិនអាចសុំការបកស្រាយបំភ្លឺពីលោកថ្លាង ភិនរ៉ា បានទេ កាលពីម្សិលមិញ៕

RELATED ARTICLES