Saturday, April 20, 2024
Homeព័ត៌មានជាតិកុលាលភាជន៍បុរាណ រឹបអូសពីជនជាតិវៀតណាម ប្រគល់ជូនមន្ទីរវប្បធម៌

កុលាលភាជន៍បុរាណ រឹបអូសពីជនជាតិវៀតណាម ប្រគល់ជូនមន្ទីរវប្បធម៌

ខេត្តព្រះសីហនុ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានចុះទៅពិនិត្យ វាយតម្លៃ និងទទួលយកភាជន៍ចំនួន២៨៤ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រឹបអូសបានពីជនជាតិវៀតណាម ។

ការចុះពិនិត្យនិងវាយតម្លៃកុលាលភាជន៍ ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរឹបអូសពីជនជាតិវៀតណាម កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០​ នោះ បានធ្វើឡើងនៅ​ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយក្រុមការងារនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយមន្ទីរវប្បធម៌និងវិចិត្យសិល្បៈ ខេត្តព្រះសីហនុ ។

កុលាលភាជន៍ ចំនួន២៨៤នោះ ត្រូវបានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រឹបអូសពីជនជាតិវៀតណាម ឈ្មោះឡេ វាន់ហួន ដែលបានរុករកនៅបាតសមុទ្រ ក្នុងភូមិសាស្ត្រសមុទ្ររាម ចន្លោះកោះតាគៀវ និងកោះឫស្សី រួចយកមករក្សាទុកនៅក្នុងផ្ទះរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។

ក្រោយពីបានពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់ ក្រុមការងារសន្និដ្ឋានថា ភាជន៍ទាំង២៨៤ ជាភាជន៍បុរាណ ដែលមានអាយុកាលក្នុងចន្លោះពីស.វទី១៥ ដល់១៧ នៃគ.ស។

តាមសេចក្តីសម្រេចរបស់ព្រះរាជអាជ្ញារង និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត បានប្រគល់កុលាលភាជន៍ទាំងនោះ ជូនមន្ទីរវប្បធម៌ខេត្ត យកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិ។

រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

RELATED ARTICLES