Friday, March 29, 2024
Homeព័ត៌មានជាតិជិះតាក់ស៊ីទៅលេងស្រុក អង្គុយកៅអីក្បែរគ្នា ស្រាប់តែផ្អើលតែម្តង

ជិះតាក់ស៊ីទៅលេងស្រុក អង្គុយកៅអីក្បែរគ្នា ស្រាប់តែផ្អើលតែម្តង

ខេត្តពោធិ៍សាត់ ៖ បុរស២នាក់កំពុងជិះក្នុងរថយន្តតាក់ស៊ី អង្គុយកៅអីក្បែរគ្នា មិនដឹងជាមានរឿងអ្វី នៅសុខៗស្រាប់តែភាគីម្ខាងបានទាញប្រដាប់សាកថ្មទូរស័ព្ទ វាយសំពងភាគីម្ខាងទៀត បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនបង្កហេតុ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣៨នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ។

ជនសង្ស័យដែលវាយគេរយះក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ សុវណ្ណ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៩និង៣៨នាទីយប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង រវាងអ្នកជិះរថយន្តឈ្នួលដូចគ្នា ដោយជនបង្កហេតុ ឈ្មោះសុខ សុវណ្ណ នៅសុខៗ បានយកដុំសាកថ្មទូរស័ព្ទ (Power Bank) វាយក្បាលជនរងគ្រោះ ដោយគ្មានមូលហេតុ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងនាំទៅធ្វើតេស្តទឹកនោម រកសារធាតុញៀន ឃើញវិជ្ជមាន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES