Friday, April 19, 2024
Homeព័ត៌មានជាតិដើម្បីបំបិតភស្តុតាង កាយដីកប់គំនរឈើ សមត្ថកិច្ចបង្ក្រាបបាន

ដើម្បីបំបិតភស្តុតាង កាយដីកប់គំនរឈើ សមត្ថកិច្ចបង្ក្រាបបាន

ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មន្ត្រីបរិស្ថាន សហការជាមួយមន្ត្រីនគរបាលស្រុកអូររាំង បានបើកប្រតិបត្តិការចុះបង្ក្រាបករណីគាស់កាយដីព្រៃឈើ និងកាយកប់គល់ឈើធំៗដើម្បីលុបបំបាត់ភ័ស្តុតាង លើផ្ទៃដីទំហំជាង៦០ហិកតារ នៅភ្នំអណ្តូងស្នេហ៍ ជាប់នឹងរបៀងអភិរក្សជីវចម្រុះ និងដីព្រៃអចិន្ត្រៃយ៍របស់រដ្ឋបាលព្រៃឈើ ស្ថិតក្នុងភូមិសាស្ត្រភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចចាប់រឹបអូសបានគ្រឿងចក្រចំនួន២គ្រឿង ក្នុងនោះមាន អេស្កាវ៉ាទ័រ១គ្រឿង និងត្រាក់ទ័រ១គ្រឿង រួមទាំងម៉ូតូ២គ្រឿង ដែលជនសង្ស័យបានរត់ចោល។ វត្ថុតាងបទល្មើសទាំងនេះត្រូវបានប្រគល់ឱ្យមន្ត្រីបរិស្ថាន យកទៅកសាងសំណុំរឿងតាមនីតិវិធី។

គួរបញ្ជាក់ថា ស្របពេលដែលសំណុំរឿងដ៏កក្រើកនៃការបង្ក្រាបបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋ របស់គណៈកម្មការថ្នាក់ជាតិ ចំណុចភ្នំក្បាលខ្មោច ក្នុងភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង មិនទាន់បានបញ្ចប់ការស៊ើបអង្កេត និងចាប់ខ្លួនអ្នកពាក់ព័ន្ធអស់ផង បែរជាមានការកាប់ទន្ទ្រានព្រៃដែលមានទំហំផ្ទៃដីធំៗបែបនេះ នៅក្បែរចំណុចកើតហេតុនោះបន្តទៀត។

លទ្ធផលនៃការបង្ក្រាបកន្លងមក ឃើញថា មេខ្លោងនិងបក្ខពួកដែលត្រូវចាប់ខ្លួនបានខ្លះនោះ រួមមាន ទី១- ឈ្មោះចាន់ ធី ជាមន្ត្រីយោធាពាក់ស័ក្តិ៥។ ទី២- ឈ្មោះពៅ សុធារ៉ាន់ ជាមន្ត្រីនគរបាល។ ទី៣- ឈ្មោះហង់ ជុង ជាមន្ត្រីនគរបាល។ ទី៤- ឈ្មោះម៉ា ម៉េងធី ជាចាងហ្វាងកាសែតព្រហ្មខ័ន្ធ អនឡាញ ជាដើម។

ឯអ្នកនៅសេសសល់ពីនេះ កំពុងគេចខ្លួន ហើយភាគច្រើនជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទៀតផង ដែលជនទុច្ចរិតខាងលើឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ទោះបីជាយ៉ាងណា ពលរដ្ឋក្នុងមូលដ្ឋានខាងលើ សង្ឃឹមជឿជាក់ថា ប្រតិបត្តិការបង្ក្រាបការឈូសឆាយផ្ទៃដីព្រៃរដ្ឋ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ច នឹងស្រាវជ្រាវរកឃើញមេខ្លោងដែលគេដឹងតម្រុយថា ជាជំទាវម្នាក់ រួមទាំងអ្នកពាក់ព័ន្ធមកផ្តន្ទាទោស ដូចករណីភ្នំក្បាលខ្មោចដែរ៕

RELATED ARTICLES