Friday, March 29, 2024
Homeតារាខ្មែរនាយតាក់ស៊ី ត្រូវចាក់ថ្នាំ១ជីវិត ទើបអាចលេងកំប្លែងឲ្យមហាជនសើចបាន

នាយតាក់ស៊ី ត្រូវចាក់ថ្នាំ១ជីវិត ទើបអាចលេងកំប្លែងឲ្យមហាជនសើចបាន

បើទោះជាតារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី បានរួចផុតពីគ្រោះថ្នាក់ដល់ជីវិតមែន ប៉ុន្ដែនាយបានត្អូញត្អែរថាប្រឈមនឹងការចាប់ថ្នាំអស់១ជីវិតតែម្ដង។ អតីតប្ដីនាងភីម រូបនេះ បានឲ្យដឹងថា នាយខ្វះជាតិស្ករ ហេតុនេះហើយគ្រូពេទ្យតម្រូវឲ្យនាយចាក់ថ្នាំអាំងសាលីន ដើម្បីជំនួយជាតិស្ករ ហើយការប្រើប្រាស់ថ្នាំនេះ គឺពេញ១ជីវិត។

នាយបន្ថែមថា ដោយសារតែត្រូវចាក់ជាប្រចាំនោះ នាយមិនទៅរកគ្រូពេទ្យចាក់ឲ្យនោះទេ គឺនាយចាក់ខ្លួនឯងតែម្ដង ហើយក្នុង១ថ្ងៃ ចាក់២ម្ជុល ទើបនាយអាចមានសុខភាពល្អគ្រាន់បើ បានសម្ដែងកំប្លែងជូនបងប្អូនទស្សនាបាន។

គួររំលឹកថា លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤៣ឆ្នាំ បានលែងលះជាមួយនាងលាប សោភ័ណ្ឌ ហៅភីម កាលពីឆ្នាំ២០១៩ ដោយបន្សល់ចំណងដៃកូនបុ្រសម្នាក់ ឈ្មោះរឿង ជីវ័ន្ដ អាយុ១៥ឆ្នាំ ហើយនាយតាក់ស៊ី ក៏ទៅសាងផ្នួសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តមីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ុន្ដែដោយសារជំងឺខ្វះជាតិស្ករធ្វើទុក្ខខ្លាំងពេក ទើបនាយបានលាចាកសិក្ខាបទវិញ ទាំងតក់ក្រហល់ ដើម្បីទៅព្យាបាលជំងឺ ហើយពេលនេះបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត ប៉ុន្ដែគ្រូពេទ្យតម្រូវឲ្យនាយត្រូវតែចាក់ថ្នាំជំនួយជាតិស្ករនោះ អស់១ជីវិត ទើបអាចបន្ដអាជីពសិល្បៈតទៅទៀតបាន។

ដោយឡែក នៅពេលដែលជួប និងសម្ដែងកំប្លែងនៅឆាក CTN នោះ នាយតាក់ស៊ី និងនាងភីម ពេលខ្លះនិយាយឌឺដងដៀមដាមដាក់គ្នាក៏មានដែរ ទើបធ្វើឲ្យលោកតាវ៉ិចទ័រ ដែលជាអ្នកគ្រប់គ្រងក្រុមកំប្លែងទូរទស្សន៍នេះ មានការព្រួយបារម្ភ រហូតកោះប្រជុំណែនាំ ដើម្បីកុំឲ្យពួកគេលេងសាច់រឿងផ្ទាល់ខ្លួននៅលើឆាក។

ថ្វីត្បិតតែនាយតាក់ស៊ី មានសុខភាពមិនអំណោយផល ព្រោះជាតិស្ករធ្វើទុក្ខលោកខ្លាំងមែន ប៉ុន្ដែនាយក៏មិនបានទុក្ខជីវិតពោះម៉ាយឲ្យនៅយូរនាំតែរងាកាយាតែម្នាក់ឯងដែរ គឺបានភ្ជាប់ស្នេហ៍ជាមួយនារីម្នាក់ អាយុ៤០ឆ្នាំ នៅខេត្តស្វាយរៀង ដោយគ្រោងដឹកដៃគ្នាចូលរោងការនាពេលខាងមុខនេះទៀតផង បន្ទាប់ពីនាយបានការឡើងកូដ ទិញរថយន្ដ Lexus Rx330 ដោយបង់រំលស់ជិះមិនឲ្យចាញ់នាងភីម ឡើយ៕

RELATED ARTICLES