Friday, April 19, 2024
Homeព័ត៌មានជាតិនាំគូស្នេហ៍មកឆែកបន្ទប់ជួល... មានលាក់ទុកក្នុងធុងបាសទៀត

នាំគូស្នេហ៍មកឆែកបន្ទប់ជួល… មានលាក់ទុកក្នុងធុងបាសទៀត

ខេត្តមណ្ឌលគិរី ៖ បុរសនារីជាគូស្នេហ៍១គូ ក្រោយពីត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការរក្សាទុកថ្នាំញៀន២០កញ្ចប់តូចធំ កាលពីប៉ុន្មានថ្ងៃមុននោះ មកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបាននាំជនត្រូវចោទជាគូស្នេហ៍ពីរនាក់នោះ មកបន្តឆែកឆេរក្នុងបន្ទប់ជួលជាលើកទី២ រកឃើញវត្ថុតាងជាគ្រឿងញៀន ចំនួន២កញ្ចប់បន្ថែមទៀត។

លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឱ្យដឹងនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ថា នៅវេលាម៉ោងប្រមាណ១០ព្រឹក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលក្រុងសែនមនោរម្យ និងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ពានមានជ័យ ដឹកនាំសម្របសម្រួលដោយលោកម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះអនុវត្តដីកាបង្គាប់ឱ្យឆែកឆេរលំនៅឋាន និងដីកាបង្គាប់ឱ្យនាំជនត្រូវចោទ មកធ្វើការឆែកឆេរលំនៅឋាន (ផ្ទះជួល) ក្នុងសំណុំរឿងរបស់ជនត្រូវចោទឈ្មោះដារី និងឈ្មោះជា ផាលីណែត នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកអធិការ បានបន្តថា លទ្ធផលនៃការឆែកឆេរជាលើកទី២ បានរកឃើញសារធាតុសង្ស័យថាជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ ស្មើនឹង២០៥,៤០ ក្រាម នៅក្នុងកូនធុងបាស់។ បានដកហូតវត្ថុតាង រួមមាន ១-សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ ស្មើនឹង២០៥,៤០ក្រាម (ថ្លឹងរួច) ២-កូនធុងបាស់ចំនួន១គ្រឿង។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចបានចុះអនុវត្តដីកាឆែកឆេរ និងចាប់ខ្លួនជនសង្ស័យឈ្មោះដារី និងឈ្មោះជា ផាលីណែត ក្នុងបន្ទប់ជួលខាងលើ និងដកហូតគ្រឿងញៀនចំនួន២០កញ្ចប់ ម្តងរួចមកហើយ លុះមកឆែកឆេរលើកទី២ រកឃើញគ្រឿងញៀន២កញ្ចប់បន្ថែមទៀត។

បន្ទាប់ពីនាំខ្លួនមកឆែកឆេរបន្ទប់ជួលរួច ជនត្រូវចោទទាំងពីនាក់ជាគូសង្សារ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តមណ្ឌលគិរី វិញនៅថ្ងៃដដែល៕

RELATED ARTICLES