Saturday, April 20, 2024
Homeតារាខ្មែរពេជ្រ សោភា មិនជ្រួលជ្រើមនឹងការចែចូវ របស់ផលិតកម្មមួយ

ពេជ្រ សោភា មិនជ្រួលជ្រើមនឹងការចែចូវ របស់ផលិតកម្មមួយ

ពេជ្រ សោភា នៅតែមិនដាច់អាល័យពីហង្សមាស បើទោះជាមុននេះលេចឮថា អ្នកមេម៉ាយរូបនេះត្រូវបានផលិតកម្មមួយតាមទិញ ដោយឲ្យតម្លៃរាប់សែនដុល្លារ និងថែមកាដូផ្ទះវីឡា និងរថយន្ដទំនើបឲ្យក្ដី ប៉ុន្ដែគិតមកដល់សប្ដាហ៍ទី៣ នៃខែតុលា នេះ សោភា នៅតែជាអ្នកចម្រៀងហង្សមាស ដដែល ខណៈដែលហង្សមាស ចាប់ផ្ដើមចំណាយលុយធំ ធ្វើ MV ឲ្យនាង ដោយសម្រិតសម្រាំង តាមរយៈការថតបទចម្រៀងទាក់ទងបុណ្យកឋិននេះ។

ប៉ុន្ដែសោភា បានប្រាប់ថា អាជីពសិល្បៈ គឺត្រូវធ្វើទៅតាមពេលវេលា ហើយដោយសារតែនាងមិនមែនជាតារាចម្រៀងចុះកុងត្រានៅហង្សមាស ហេតុនេះហើយបានជាគេយល់ថា ឱកាសនៃការចាកចេញអាចកើតមានគ្រប់ពេលវេលាទាំងអស់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ទោះជាសោភា មិនទាន់ទទួលបានកាដូពីថៅកែធំផលិតកម្មមួយក្ដី ក៏ពេលនេះគេកត់សម្គាល់ថា រយៈពេលចុងក្រោយនេះ គេឃើញនាងមានជីវភាពផ្លាស់ប្ដូរដូចមេឃនិងដី បើប្រៀបធៀបកាលពីប៉ុន្មានឆ្នាំមុន និងឆ្នាំ២០២០នេះ។

សោភា មានរថយន្ដទំនើបៗមិនក្រោម៥គ្រឿង ជិះឆ្លាស់គ្នា មានដូចជា Porsche, Range Rover និងថ្មីៗនេះលេចឮថា នាងទើបទិញរថយន្ដទំនើប Mercedes ១គ្រឿងទៀតផងដែរ ខណៈដែលរថយន្ដមួយចំនួនទៀត ចតចោលក្បែររបងផ្ទះនាង ដោយគ្មានអ្នកជិះ។

ដោយឡែក ផ្ទះវីឡាវិញ សោភា ដែលមិនសូវចេះបង្ហាញអួតអាងដូចគេនោះ ត្រូវបានគេបង្ហើបថា នាងមានលើសពី២កន្លែងផ្សេងគ្នាទៀតផង ទើបធ្វើឲ្យគេគិតថា សោភា ជាអ្នកចម្រៀងម្នាក់ដែលមានទ្រព្យដោយសម្ងាត់។

ទាក់ទងពេជ្រ សោភា កើនទ្រព្យចំរដូវកូវីដ-១៩ នេះ តារាចម្រៀងហង្សមាស រូបនេះ វាចាថា នាងមិនចង់ធ្វើអត្ថាធិប្បាយលើរឿងទាំងនេះទេ។ នាងថា ដឹងចរិតនាងហើយ តើចង់បង្ហាញបញ្ចេញអីរបស់ទាំងអស់នេះ ព្រោះមនុស្សជាច្រើនកំពុងតែមានកង្វល់ ដោយសារកូវីដ-១៩ អីចឹងនាងមិនចង់និយាយច្រើនទេ។

មិនមែនមានតែផ្ទះវីឡា និងរថយន្ដទំនើបៗ មិនចាញ់តារាប្រទេសជិតខាងនោះទេ ប៉ុន្ដែពេជ្រ សោភា ក៏ជាអ្នកចូលចិត្តពាក់នាឡិកា ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ក្នុង១គ្រឿងផងដែរ។ កន្លងមក គេឃើញនាងពាក់នាឡិកាដៃ ម៉ាកល្បីៗ ដូចជា Rolex និង Richard Mile  ជាដើម ដែលនាឡិការប្រភេទនេះ ច្រើនតែជាត្រកូលអភិជន ឬអ្នកជំនួញ និងថ្នាក់ដឹកនាំធំៗ ទើបមានសមត្ថភាពទិញពាក់ តែពេលនេះតារាចម្រៀងស្រុកខ្មែរ មានដែរ ហើយនោះគឺពេជ្រ សោភា នេះឯង៕       ហ៊ឹម វិចិត្រ

RELATED ARTICLES