Thursday, April 25, 2024
Homeព័ត៌មានជាតិមិនដឹងថា ពួកគេមានបំណងបែបណានោះទេ... សំណាងប៉ូលិសឃាត់ទាន់

មិនដឹងថា ពួកគេមានបំណងបែបណានោះទេ… សំណាងប៉ូលិសឃាត់ទាន់

ខេត្តកំពង់ឆ្នាំង ៖ ក្មេងទំនើងចំនួន៣នាក់ជិះម៉ូតូដឹកគ្នា ដោយសៀតដាវចំនួន២ដើមជាប់ខ្លួន មិនដឹងជាមានគោលបំណងអ្វីនោះឡើយ ស្រាប់តែគាប់ជួនប៉ះសមត្ថកិច្ចចេញល្បាតប្រទះឃើញក៏ចាប់ក្របួចជាប់២នាក់ នាំយកមកចាត់ការតាមច្បាប់ ខណៈដែលបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ការចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ លាក់ដាវ២ដើមជិះម៉ូតូតាមផ្លូវនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ចំណុចសួនសម្តេចចៅហ្វាយវាំង (សួនស៊ីម៉ាក់) ស្ថិតក្នុងក្រុងកំពង់ឆ្នាំង។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសួន ភាលី ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅភូមិអាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ និងទី២-ឈ្មោះឌឹម ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មានលំនៅភូមិអាទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការចេញល្បាត ក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំងដូចសព្វដង ដោយចេញល្បាតតាមទីសាធារណៈ សួនកម្សាន្ត និងកន្លែងស្មុគស្មាញ លុះមកដល់ត្រង់ចំណុច សួនសម្តេចចៅហ្វាយវាំង (សួនស៊ីម៉ាក់) ក៏បានជួបជាមួយនឹងក្មេងទំនើងមួយក្រុមមានគ្នា៣ នាក់ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយដាវកែច្នៃ ចំនួន២ដើម ពេលនៅកម្លាំងរបស់សមត្ថកិច្ចបានឃាត់ ឱ្យឈប់ ជនសង្ស័យក៏បានជិះម៉ូតូបម្រុងរត់គេចខ្លួន តែពេលនោះសមត្ថកិច្ចក៏បានធ្វើការ ឃាត់បានជនសង្ស័យចំនួន២នាក់ និងដកហូតបានដាវកែច្នៃចំនួន២ដើម ព្រមទាំងម៉ូតូ១គ្រឿងដែលជាមធ្យោបាយធ្វើដំណើរ ចំណែកជនសង្ស័យ ម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរនៅផ្នែកជំនាញ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការ បន្តតាមនីតិវិធី។/

RELATED ARTICLES