Friday, March 29, 2024
Homeព័ត៌មានជាតិម្តាយមកដល់អូរបារាយណ៍ទឹកថ្លា ភ្លាម ស្រែកយំហៅកូន

ម្តាយមកដល់អូរបារាយណ៍ទឹកថ្លា ភ្លាម ស្រែកយំហៅកូន

ខេត្តសៀមរាប ៖ ក្មេងប្រុសចំនួន៣នាក់បាននាំគ្នាទៅលោតទឹកលេង ខណៈដែលទឹកកំពុងឡើងនិងហូរខ្លាំង ទើបបណ្តាលឱ្យក្មេងប្រុសម្នាក់ក្នុងចំណោមនោះ ត្រូវទឹកហូរកួចលិចបាត់ខ្លួនអស់រយៈពេលជាង២ម៉ោង ទើបរាវរកឃើញ តែអកុសល ក្មេងប្រុសរូបនោះបានលង់ទឹកស្លាប់បាត់ទៅហើយ។

ករណីក្មេងប្រុសលង់ទឹកស្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចអូរបារាយណ៍ទឹកថ្លា ស្ថិតក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប។ លុះមកដល់វេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃដដែល ទើបរាវរកសាកសពក្មេងប្រុសរងគ្រោះឃើញ។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះម៉ង់់ សមុទ្រ អាយុ១០ឆ្នាំ (ឆ្នាំកំណើត ១៤ មិនា ២០១០) មានលំនៅក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី៣០ ខែកពា ឆ្នាំ២០២០ ក្មេងប្រុសរងគ្រោះ រួមនឹងមិត្តភក្តិ២នាក់ទៀត រួមមាន ទី១-ឈ្មោះគង់ វណ្ណៈ ភេទប្រុស អាយុ៧ឆ្នាំ និងទី២-ឈ្មោះណាង ស៊ីម ភេទប្រុស អាយុ១២ ដែលរស់នៅក្នុងភូមិជាមួយគ្នា បាននាំគ្នាទៅលោតហែលទឹកលេងនៅក្នុងទឹកអូរ ដែលកំពុងឡើងនិងហូរខ្លាំង។

លុះពេលកំពុង លោតទឹកលេងយ៉ាងសប្បាយនោះ ស្រាប់តែក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានទឹកហូរកួចលិចបាត់ខ្លួនឈឹងតែម្តង ទើបក្មេងប្រុស២នាក់ទៀត បានប្រញាប់រត់ទៅប្រាប់ឪពុកម្តាយក្មេងប្រុសរងគ្រោះ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកដល់ទីតាំងកើតហេតុ ដើម្បីអន្តរាគមន៍ភ្លាមៗ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ កម្លាំងប្រជាការពារភូមិ រួមនឹងសមត្ថកិច្ច ព្រមទាំងប្រជាពលរដ្ឋបាននាំគ្នាចុះរាវរកក្មេងប្រុសរងគ្រោះខាងលើ រហូតដល់វេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃដដែល ពោលគឺជិត២ម៉ោងក្រោយមក ទើបរាវរកសពឃើញនៅចម្ងាយ ប្រហែល៦០ម៉ែត្រ ពីកន្លែងដែលពួកគេលោតទឹកលេង។

ក្រោយស្រង់សាកសពឡើងមកលើគោករួច សមត្ថកច្ចិជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់នោះទេ។

សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជាមួយនេះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ច ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទូទៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវវស្សានេះ ដើម្បីការពារកូនចៅកុំឱ្យរងគ្រោះដោយសារទឹកជំនន់៕

RELATED ARTICLES