Saturday, April 20, 2024
Homeព័ត៌មានជាតិរួចរាល់ការងារអស់ហើយ ទៅលាងដៃមួយភ្លែត ស្រាប់តែមានរឿងបែបហ្នឹងតែម្តង

រួចរាល់ការងារអស់ហើយ ទៅលាងដៃមួយភ្លែត ស្រាប់តែមានរឿងបែបហ្នឹងតែម្តង

ភ្នំពេញ ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ ក្រោយពីជួសជុលរថយន្តរួច ដើរទៅលាងសម្អាតដៃ ស្រាប់តែត្រូវចរន្តអគ្គិសនីឆ្លងចេញពីម៉ូទ័របាញ់ទឹក ឆក់ស្លាប់យ៉ាងអាណោចអាធ័ម ធ្វើឱ្យស្ត្រីជាប្រពន្ធតក់ស្លុតរន្ធត់ចិត្តទួញយំសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចយានដ្ឋានជួសជុលរថយន្តមួយកន្លែង យីហោ សុខ ចាន់ មានទីតាំងស្ថិតនៅតាមផ្លូវ២១៧ ក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

បុរសរងគ្រោះខាងលើ មានឈ្មោះហាំ ចាន់ដេត អាយុ២៤ឆ្នាំ មុខរបរជាងរថយន្ត (ជំនាញជួសជុលធុងទឹក) មានប្រពន្ធនិងកូនម្នាក់ក្នុងបន្ទុក និងមានលំនៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រោយពីជួសជុលរថយន្តរួចហើយ ជនរងគ្រោះបានដើរទៅលាងសម្អាតដៃរបស់ខ្លួន ស្រាប់តែត្រូវចរន្តអគ្គិសនីឆ្លងចេញពីម៉ូទ័របាញ់ទឹក ឆក់បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ បន្ទាប់ពីទទួលបានដំណឹងថា ប្តីរបស់ខ្លួនត្រូវចរន្តអគ្គិសនីស្លាប់ ស្ត្រីជាប្រពន្ធបានមកដល់ ទួញយំសោកបោកខ្លួនយ៉ាងខ្លាំង។

បន្ទាប់ពីចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារចរន្តអគ្គិសនីឆក់ប្រាកដមែន មិនពាក់ព័ន្ធករណីឃាតកម្មឡើយ។ មូលហេតុ ឆ្លងចរន្តអគ្គិសនីម៉ូទ័របាញ់ទឹក ពេលជនរងគ្រោះទៅលាងដៃ ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES