Friday, March 29, 2024
Homeព័ត៌មានជាតិស្គាល់គ្នាតែ២ថ្ងៃសោះ ទុកចិត្តគេដល់ថ្នាក់នេះ សំណាងហើយ ចេះរកឃើញ

ស្គាល់គ្នាតែ២ថ្ងៃសោះ ទុកចិត្តគេដល់ថ្នាក់នេះ សំណាងហើយ ចេះរកឃើញ

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជននេះធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ហើយក៏ពិនិត្យឃើញមានផ្ទុកនូវសារធាតុញៀនក្នុងខ្លួន ផងដែរ។ ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី២០ ខែតុលា។

បើតាមប្រភពមន្ត្រីនគរបាលប៉ុស្តិ៍ស្លក្រាម បានឱ្យដឹងថា ជនសង្ស័យនោះឈ្មោះម៉ៅ ណាវ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។ ចំណែកជនរងគ្រោះដែលជាម្ចាស់ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AD-1057 ឈ្មោះអុល ស្រីនិច ភេទស្រី អាយុ២៦ឆ្នាំ ឪពុកឈ្មោះផ្លុង សំអូន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរយាមដីឱ្យគេ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានយកម៉ូតូកូនជិះទៅយាមដីឱ្យគេ។

មន្ត្រីដដែលបានបន្ថែមថា ជនរងគ្រោះស្គាល់ជនសង្ស័យខាងលើ បានប្រហែល២ទៅ៣ថ្ងៃ ដោយសារជនសង្ស័យតែងតែទិញស្រាបៀរឱ្យផឹក ហើយក៏បានទំនាក់ទំនងគ្នាសុំលេខទូរស័ព្ទគ្នាទៅវិញទៅមក។ នៅថ្ងៃទី១៨ ខែតុលា វេលាម៉ោង១យប់ ជនសង្ស័យបានទូរស័ព្ទមកឈ្មោះផ្លុង សំអូន ឱ្យមកដឹករូបគេដើម្បីទៅទិញនំប៉័ងហូបទាំងអស់គ្នា។ ក្រោយទិញនំប៉័ងរួចហើយ ជនរងគ្រោះក៏បានជិះម៉ូតូឌុបជនសង្ស័យត្រឡប់មកផ្ទះវិញ។

លុះមកដល់ចំណុចកើតហេតុ ឈ្មោះផ្លុង សំអូន បានចុះនោមដោយពន្លត់ម៉ាស៊ីនម៉ូតូ តែមិនបានដកសោចេញពីម៉ូតូនោះទេ។ ពេលនោះ ជនសង្ស័យបានបញ្ឆោះម៉ូតូជិះយកទៅបាត់តែម្តង។ លុះយប់ ថ្ងៃទី១៩ ខែឆ្នាំដដែល ជនរងគ្រោះប្រទះឃើញម៉ូតូ និងជនសង្ស័យ ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងបានមកវិញ។

ក្រោយសាកសួរ និងធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូពីឈ្មោះ ផ្លុង សំអូន ប្រាកដមែន។

យោងតាមចម្លើយសារភាព និងវត្ថុតាង ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២០ ខែតុលា ផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES