Friday, March 29, 2024
Homeព័ត៌មានជាតិអត់លុយបង់ផ្ទះជួល ១ខែ៥៥ដុល្លារ រើអីវ៉ាន់ចេញ... ជួបរឿងហ្នឹងតែម្តង

អត់លុយបង់ផ្ទះជួល ១ខែ៥៥ដុល្លារ រើអីវ៉ាន់ចេញ… ជួបរឿងហ្នឹងតែម្តង

ភ្នំពេញ ៖ បុរសម្នាក់ជាកម្មករអូសរទេះនៅផ្សារដើមគ ព្រោះតែអត់មានលុយបង់ថ្លៃឈ្នួលផ្ទះ ទើបរៀបចំអីវ៉ាន់រើចេញពីផ្ទះជួលជាន់ទី១ ស្រាប់តែអកុសល ជាន់រអិលកាំជណ្តើរ បណ្តាលឱ្យធ្លាក់ផ្ងារក្រោយបោកក្បាលរងរបួសយ៉ាងធ្ងន់ និងបានដាច់ខ្យល់ស្លាប់ ខណៈដែលកំពុងរង់ចាំម៉ូតូកង់បី មកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលលេខ១២ ក្រុមទី៤៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនរងគ្រោះដែលធ្លាក់ពីលើផ្ទះស្លាប់ខាងលើ មានឈ្មោះសេង សាត អាយុ៤៣ឆ្នាំ ជាកម្មករអូសរទេះ នៅផ្សារដើមគ ស្នាក់នៅបន្ទប់B12 ជាន់ទី១ កន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ អត់លុយបង់ថ្លៃផ្ទះ ក៏បានរើអីវ៉ាន់ចេញពីផ្ទះជួលជាន់ទី១របស់ខ្លួន ខណៈពេលនោះជនរងគ្រោះក៏បានដើរចុះឡើងកាំជណ្តើរ ដើម្បីជញ្ជូនអីវ៉ាន់ តែដោយសារជនរងគ្រោះផឹកស្រវឹង ទាំងព្រឹកផង ទើបពេលឡើងជណ្តើរបានប្រមាណ២ទៅ៣កាំ ក៏បានរអិលជើងដួលផ្ងារក្រោយ បណ្តាលឱ្យបោកក្បាលរងរបួសធ្ងន់ ហើយបានស្លាប់នៅលើដងផ្លូវមាត់ប្រឡាយ ខណៈពេលដែលរង់ចាំម៉ូតូកង់៣ ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ។

តាមសម្តីស្ត្រីឈ្មោះមូម ហួយ ជាអ្នកមើលការខុសត្រូវផ្ទះជួលខាងលើ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះបានមកជួលផ្ទះស្នាក់នៅ ចំនួន៣ខែមកហើយដោយថ្លៃឈ្នួល ក្នុង១ខែ៥៥ដុល្លារ។ នៅខែចុងក្រោយនេះ ដោយសារតែជនរងគ្រោះអត់មានប្រាក់ឱ្យ ហើយ លើសប្រមាណកន្លះខែមកហើយ ព្រមទាំងកន្លងមកមានជំងឺប្រចាំកាយ ចេះតែប្រកាច់ និងផឹកស្រវឹងរាល់ថ្ងៃ គាត់ក៏បានសុំឱ្យជនរងគ្រោះរើអីវ៉ាន់ចេញ។ លុះនៅព្រឹកនោះ ជនរងគ្រោះក៏បានយល់ព្រម ហើយបានរៀបចំរើអីវ៉ាន់ចេញដោយខ្លួនឯង។

ស្ត្រីដដែលបានបន្តថា នៅព្រឹកនោះ សន្តិសុខក៏បានជួយជញ្ជូនអីវ៉ាន់ជនរងគ្រោះផងដែរ តែដោយសារគាត់ស្រវឹង និងដើរចុះឡើងហត់នឿយហត់ ទើបរអិលធ្លាក់ពីលើកាំជណ្តើរបោកក្បាល។ ភ្លាមៗនោះ គាត់និងអ្នកភូមិ ព្រមទាំងបងស្រីរបស់គាត់ក៏បាននាំគ្នាជួយសែងមកក្រៅដើម្បីរកម៉ូតូកង់៣ ដឹកទៅមន្ទីរពេទ្យដែរ ដោយពុំមាននរណាហ៊ានដឹកឡើយ ។ ក្រោយមកនៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ ទើបរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ឱ្យចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររអិលជើងធ្លាក់ជណ្តើរដោយខ្លួនឯងប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES