មិនបានលុយមួយរៀលហើយ បែរជាត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រោះតែទង្វើ…

0
66

ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់បានតាមទៅទារលុយពីកូនបំណុលរបស់ខ្លួន លុះទៅដល់ក៏កើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ដោយសារតែកូនបំណុលអត់មានលុយសងតាមការកំណត់ ទើបធ្វើឱ្យឈានដល់អំពើហិង្សា ដោយភាគីម្ចាស់បំណុលខឹងពេក ក៏ស្ទុះទាញអង្កត់អុសចំនួន២ដើម សំពងកូនបំណុលបណ្តាលឱ្យរងរបួសបែកឈាម ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនា ម្ចាស់បំណុលសំពងកូនបំណុល បណ្តាលឱ្យរងរបួសខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង។

ស្ត្រីសង្ស័យជាម្ចាស់បំណុល ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ មក់ យ៉ុង អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង។ ចំណែកស្ត្រីរងគ្រោះជាកូនបំណុល មានឈ្មោះ ឈន បុន អាយុ៥០ឆ្នាំ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុខាងលើ ស្ត្រីសង្ស័យបានទៅទារលុយពីជនរងគ្រោះដែលបានជំពាក់ខ្លួនជាយូរមកហើយ។ លុះទៅដល់ ជនរងគ្រោះ អត់មានលុយសង ទើបធ្វើឱ្យកើតមានជម្លោះតឹងសរសៃកដាក់គ្នា ហើយភ្លាមនោះ ស្ត្រីសង្ស័យជាម្ចាស់បំណុលផ្ទុះកំហឹងខ្លាំងពេក ទប់មិនជាប់ក៏ស្ទុះទាញអង្កត់អុសឈើ ២កំណាត់ ចូលទៅវាយស្ត្រីរងគ្រោះចំក្បាលពីលើ ១អង្កត់អុស បណ្តាលឱ្យពក នឹងវាយចំកំភួនដៃខាងស្តាំចំនួនមួយកន្លែង ដាច់រយះហូរឈាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ នាំយកទៅសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសំពងជនរងគ្រោះជាកូនបំណុលមែន។ មូលហេតុដោយសារតែខឹងជនរងគ្រោះជំពាក់លុយ សងមិនទៀងទាត់តាមកំណត់។

ជនសង្ស័យខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕