Friday, March 29, 2024
Homeព័ត៌មានជាតិចោរកាត់ស៊យ ប្លន់ឡាន២គ្រឿងមិនបាន ប្លន់ម៉ូតូទើបបង់រំលស់ផ្តាច់

ចោរកាត់ស៊យ ប្លន់ឡាន២គ្រឿងមិនបាន ប្លន់ម៉ូតូទើបបង់រំលស់ផ្តាច់

ខេត្តកំពង់ឆ្នាំង ៖ ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា៤នាក់ ដែលជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងខេត្តកំពង់ឆ្នាំង បច្ចុប្បន្នសមត្ថកិច្ចមិនទាន់វែកមុខឃើញនៅឡើយនោះទេ ខណៈដែលក្រុមជនសង្ស័យនៅតែបន្តដើរធ្វើសកម្មភាពជាច្រើនកន្លែងដដែល។

ជាក់ស្តែងនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមចោរនេះដែលមានគ្នា៤នាក់ប្រដាប់ដោយអាវុធខ្លី ជិះរថយន្តពណ៌ក្រហម មិនស្គាល់ម៉ាក បានមកលួចម៉ូតូរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង អស់១គ្រឿងផងដែរ។

តាមស្ត្រីដែលជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានជនសង្ស័យ១ក្រុម មានគ្នា៤នាក់ ជិះរថយន្តពណ៌ក្រហមមិនស្គាល់ម៉ាក១គ្រឿង មកឈប់នៅពីមុខផ្ទះរបស់នាង បន្ទាប់មកជនសង្ស័យចំនួន៣នាក់ បានចុះពីលើរថយន្តដែលសំដៅមកផ្ទះរបស់នាង និងផ្ទះឪពុករបស់នាងដែលនៅជាប់គ្នា។

ជនរងគ្រោះបន្តថា ក្នុងចំណោមចោរ៣នាក់ ដែលចុះពីរថយន្តមានម្នាក់បានដើរចូលសំដៅមកក្នុងផ្ទះឪពុករបស់នាង និងបានដើរទៅកន្លែងរថយន្តរបស់ឪពុកនាង ដែលចតនៅខាងក្រៅផ្ទះចំនួន២គ្រឿង មួយគ្រឿងម៉ាក ហាយឡែនឌ័រ និងមួយគ្រឿងទៀតម៉ាក LEXUS-330។ ខណៈនោះដែរ ជនសង្ស័យម្នាក់ដែលដៃម្ខាងមានកាន់កាំភ្លើងខ្លីផងនោះ ក៏បានទៅកាច់កសោចង្កូតរថយន្តហាយឡែនឌ័រ ដែលចតពីក្រោយរថយន្ត និងបានផ្តាច់ខ្សែរថយន្តជាច្រើនកំណាត់នៅក្នុងរថយន្ត ក៏ប៉ុន្តែមិនអាចបើកចេញបាន។

ខណៈនោះជនសង្ស័យម្នាក់ក៏ដើរសំដៅទៅផ្ទះរបស់នាងដែលនៅជាប់នឹងការាសរថយន្តរបស់ឪពុកនាង តែចៃដន្យអាក្រក់ដោយយប់នោះ ផ្ទះរបស់នាងមិនបានខ្ទាស់គន្លឹះទ្វារនោះទេ នឹងមានបើកភ្លើងភ្លឺនៅក្នុងផ្ទះទៀតផង ពេលចោរឃើញម៉ូតូក៏បានចូលទៅក្នុងផ្ទះនាងហើយ អូសម៉ូតូចេញយកទៅផ្តាច់សោនៅកន្លែងរថយន្តដែលគេចតចាំគ្នាគេនៅពីមុខផ្ទះ រយៈពេលប្រហែលជាកន្លះម៉ោង ទើបក្រុមចោរទាំងនោះបានជិះម៉ូតូ និងរថយន្តបើកចេញកាត់មុខផ្ទះរបស់នាងដោយសុវត្ថិភាព។

នាងបានបន្តទៀតថា ម៉ូតូដែលត្រូវបានចោរលួចយកទៅនោះគឺម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ឆ្នាំង 1J-1783 ពណ៌ខ្មៅ ម៉ូតូនេះផងដែរ ត្រូវបានប្អូនស្រីទិញបង់រំលស់ទើបតែបងផ្តាច់កាលពីខែមុននេះទេ។ ជនរងគ្រោះបានបញ្ជាក់ថា នៅក្នុងភូមិនេះគឺបាត់ម៉ូតូអស់ជាច្រើនគ្រឿងហើយ  រីឯក្រុមចោរនោះ គឺជាមុខសញ្ញាដដែល គឺពួកគេជិះរថយន្តពណ៌ក្រហមនេះដដែលផងដែរ។

ជាមួយនេះ ជនរងគ្រោះក៏សុំសំណូមពរដល់សមត្ថកិច្ចមេត្តាជួយស្វែងរកក្រុមចោលទាំងនោះ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ បើមិនដូច្នោះទេ ប្រជាពលរដ្ឋនៅក្នុងភូមិនេះ ពួកគាត់នឹងមិនមានភាពកក់ក្តៅនោះឡើយ។

ជុំវិញករណីខាងលើនេះផងដែរ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ករណីដែលក្រុមចោរប្រដាប់អាវុធកំពុងធ្វើសកម្មភាពលួចឆក់ប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខាងលើនេះ លោកបានបាននឹងកំពុងតែបញ្ជាសមត្ថកិច្ចជំនាញ ដើម្បីឱ្យប្រញាប់បើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីវែកមុខជនសង្ស័យទាំងអស់ខាងលើនេះ យកមកផ្តន្ទាទោសទៅតាមច្បាប់ក្នុងពេលឆាប់ៗ ខាងមុខនេះ៕

RELATED ARTICLES