Thursday, March 28, 2024
Homeព័ត៌មានជាតិម្តាយខំដើម្បីកូនស្រីតែម្នាក់ មិនគួរឲ្យគាត់ខកបំណងបែបនេះ

ម្តាយខំដើម្បីកូនស្រីតែម្នាក់ មិនគួរឲ្យគាត់ខកបំណងបែបនេះ

ខេត្តស្វាយរៀង ៖ ស្ត្រីមេម៉ាយម្នាក់ហេតុតែមានជីវភាពខ្វះខាត ទើបសម្រេចចិត្តធ្វើចំណាកស្រុកចេញទៅធ្វើជាពលករឆ្លងដែននៅប្រទេសម៉ាឡេស៊ី ដើម្បីបម្រើការងារតាមផ្ទះ ស្វែងរកប្រាក់ចំណូលចិញ្ចឹមកូនស្រីម្នាក់នៅឯស្រុកកំណើត ក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ស្រាប់តែនៅសុខៗកូនស្រីបានបាត់ចេញពីផ្ទះ ដោយគ្មានដំណឹងអស់រយៈពេលជិត ១សប្តាហ៍មកហើយ ធ្វើឱ្យស្ត្រីជាម្តាយភ័យឆោឡោប្រកាសរកកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនចេញពីផ្ទះខាងលើ មានឈ្មោះម៉ៅ គន្ធា អាយុ២០ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង។

ស្ត្រីឈ្មោះម៉ៅ សាវ៉េត អាយុជាង៤០ឆ្នាំ ត្រូវជាម្តាយរបស់យុវតីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា គាត់ជាស្ត្រីមេម៉ាយ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ជាង១០ឆ្នាំមកហើយ ដោយបានទុកកូនស្រីជាទីស្រឡាញ់ ផ្ញើជាមួយយាយតាឱ្យមើលថែនៅស្រុកកំណើត ហើយបានផ្ញើលុយកាក់ឱ្យកូនរៀន រហូតចប់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យស្វាយរៀង។

ស្រ្តីជាម្តាយ បានបន្តថា គាត់បានបែកពីស្វាមីតាំងតែពីកូននៅក្នុងផ្ទៃពោះមកម៉្លេះ ហើយបានតស៊ូចិញ្ចឹមកូន រហូតបានចូលរៀនតាំងពីសាលាបឋមសិក្សា រហូតដល់ថ្នាក់សាកលវិទ្យាល័យ។ នៅពេលថ្មីៗនេះ កូនស្រីរបស់គាត់បានធ្វើការនៅឱ្យក្រុមហ៊ុនមួយ ហើយក៏មានគូដណ្តឹងផងដែរ។ ដោយក្តីស្រលាញ់កូនគាត់តែងតែតេទូរស័ព្ទជួបកូនជារៀងរាល់ថ្ងៃ ព្រោះគាត់ជាម្តាយមិនអាចវិញមកស្រុកខ្មែរ បានទេ ដោយសារជំងឺកូវីដ-១៩ ហើយមានការនឹករឭកដល់កូនជាពន់ពេក។

ស្រីជាម្តាយ បានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កូនស្រីឈ្មោះម៉ៅ គន្ធា អាយុ២០ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានចាកចេញពីផ្ទះ ដោយមិនដឹងមូលហេតុ និងមិនឃើញវិលត្រឡប់មកផ្ទះវិញនោះទេ ធ្វើឱ្យសាច់ញាតិក៏ដូចជារូបគាត់ជាម្តាយ មានការបារម្ភជាខ្លាំង ខ្លាចកូនមានគ្រោះថ្នាក់ដោយប្រការណាមួយ។

ជាចុងក្រោយ ស្រ្តីជាម្តាយខាងលើ សូមអំពាវនាវដល់សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានឃើញកូនស្រីគាត់ មានភិនភាគដូចក្នុងរូបថតនេះ សូមជួយប្រាប់ឱ្យវិល ត្រឡប់មកផ្ទះវិញផង ព្រោះម្តាយមានការព្រួយបារម្ភយ៉ាងខ្លាំង និងសូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៧ ៨០៧០ ២២៥ និង ០៧១ ៧ ៧៧៥ ១៥២ ៕

RELATED ARTICLES