Thursday, April 25, 2024
Homeព័ត៌មានជាតិលោកតាវ័យ៦៤ឆ្នាំ សារភាពមុខសមត្ថកិច្ចថា ជីវភាពទីទ័លក្រ ទើបលួចម៉ូតូគេ ដើម្បីយកទៅរត់ឌុបយកលុយចិញ្ចឹមជីវិត

លោកតាវ័យ៦៤ឆ្នាំ សារភាពមុខសមត្ថកិច្ចថា ជីវភាពទីទ័លក្រ ទើបលួចម៉ូតូគេ ដើម្បីយកទៅរត់ឌុបយកលុយចិញ្ចឹមជីវិត

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ម្នាក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង បានសម្រេច ប៉ុន្តែរត់គេចមិនរួច ត្រូវម្ចាស់ម៉ូតូតាមទាន់ក៏ចាប់ក្របួចជាប់ប្រគល់ឱ្យសមត្ថកិច្ច ស្រាប់តែបុរសចំណាស់បានឆ្លើយដោះសាថា ដោយសារគាត់ទីទ័លក្រខ្លាំងពេក ទើបដាច់ចិត្តលួចម៉ូតូគេ ដើម្បីយកទៅរត់ឌុប ចិញ្ចឹមជីវិត។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅ ចំណុចក្នុងផ្សារកាច់ជ្រុង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះអាន បុណ្យ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់កាហ្វេ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ ចាន់ ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ និងមានលំនៅមិនពិតប្រាកដ។ រីឯវត្ថុតាងចាប់យក រួមមាន កូនសោម៉ូតូ ចំនួន៣ (របស់ជនសង្ស័យ) និងម៉ូតូ ១គ្រឿង ម៉ាកហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1A-4762 (របស់ជនរងគ្រោះ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួន នៅមុខបន្ទប់ជួល ពេលនោះ ស្រាប់តែជនសង្ស័យបានយកកូនសោរបស់ខ្លួន ចាក់សោម៉ូតូរបស់ជនរងគ្រោះ ត្រូវហើយ បើករត់មកដល់មុខការ៉ាស់សាំង មុខហាងសូភី ក៏ស្រាប់តែជនរងគ្រោះមកទាន់ ហើយចាប់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយដោះសាថា គាត់ជាជនទុរគត គ្មានញាតិសន្តាន ទើបបានជាលួចម៉ូតូរបស់ជនរងគ្រោះ គ្រាន់ទុករត់ម៉ូតូឌុប ចិញ្ចឹមជីវិត តែទើបតែលួចលើកទី១ នេះទេ ហើយក៏ត្រូវម្ចាស់គេទាន់ នៅពេលគាត់ជិះចុះឡើង ដើម្បីរត់ម៉ូតូឌុប។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង អនុវត្តតាមនីតិវីធី៕

RELATED ARTICLES