សម្តេចប្រធានរដ្ឋសភា ប្រកាសអនុវត្តចត្តាឡីស័ក ក្រោយផ្ទុះព្រឹត្តការណ៍ “សហគមន៍ ២៨វិច្ឆិកា”

0
74

សម្តេចពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃនេះបានប្រកាសអនុវត្តចត្តាឡីស័កក្នុងផ្ទះរបស់សម្តេច ដែលមានរយៈពេល១៤ថ្ងៃ ក្រោយ ផ្ទុះឡើងនូវព្រឹត្តិការណ៍ “សហគមន៍ ២៨វិច្ឆិកា”។

សម្តេចប្រធានរដ្ឋសភា បានសរសេរសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃនេះថា “ជនរួមជាតិជាទីស្នេហា ជំងឺកូវីដ-១៩ បានចូលដល់សហគមន៍ជាលើកដំបូងនៅក្នុងប្រទេសយើង តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន បានជាប់ទាក់ទងដោយប្រយោលនឹងករណីនេះ នៅពេលហូបអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចូលរួមរបស់ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ”។

សម្តេចបន្តថា “អាស្រ័យដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ខ្ញុំនិងភរិយា ព្រមទំាងអ្នកពាក់ព័ន្ធនៅក្នុងគ្រួសារខាងលើ បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយខ្ញុំនិងភរិយា បានធ្វើចត្តាឡីស័ក្កនៅក្នុងគេហដ្ឋានរបស់ខ្ញុំផ្ទាល់ ចាប់ពីថ្ងៃទី២៨វិច្ឆិកាមក”។

សម្តេចបន្តទៀតថា “ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ ដែលពាក់ព័ន្ធទាំងអស់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ រយៈ ១៤ថ្ងៃ គ្រប់ៗគ្នាក្នុងស្មារតីទទួលត្រូវខ្ពស់បំផុត។ ទន្ទឹមនឹងនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិគ្រប់រូប មេត្តាកុំភ័យស្លន់ស្លោ រហូតដល់បាត់បង់ម្ចាស់ការឲ្យសោះ។ ការទប់ស្កាត់និងការពារខ្លួនកុំឱ្យឆ្លងពីជំងឺនេះ ជាកក្តាសំខាន់បំផុតនៅក្នុងកាលៈទេសៈនេះ”។

សម្តេចបានអំពាវនាវថា “សូមជនរួមជាតិចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ត្រូវពាក់ម៉ាសក៍ ឧស្សាហ៍លាងសម្អាតដៃ កាត់បន្ថយការជួបជុំនៅកន្លែងដែលមានមនុស្សច្រើន ពិសេសពុំគួរចេញក្រៅផ្ទះឡើយ បើមិនមានការចំាបាច់នោះ។

ជូនពរបងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អ ជួបតែសំណាងល្អ និងរួចផុតពីជំងឺដ៏កាចសាហាវនេះ”

គួរបញ្ជាក់ថា នៅប្រទេសកម្ពុជា មានការឆ្លងនូវជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង ដែលគិតមកដល់ថ្ងៃនេះមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២០នាក់ហើយ៕