Thursday, April 25, 2024
Homeតារាខ្មែរកូនទាំង៣ របស់លោកព្រាប សុវត្ថិ យ៉ាងណាហើយ ពេលឪពុកដើរចេញ?

កូនទាំង៣ របស់លោកព្រាប សុវត្ថិ យ៉ាងណាហើយ ពេលឪពុកដើរចេញ?

ព្រាប សុវត្ថិ ដែលជាតារាចម្រៀង ដូចជាតំណាងឲ្យផលិតកម្មរស្មីហង្សមាស នោះ បានធ្វើឲ្យថៅកែផលិតកម្មនេះ លោកឧកញ៉ាអ៊ឹង ឆៃងួន ស្រកាំងជាខ្លាំង ព្រោះតែជ្រកនៅទ្រនំលោក ២៣ឆ្នាំ តែកំពូលតារាចម្រៀងរូបនេះ អស់និស្ស័យ ក៏ទៅចូលផលិតកម្ម Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

លោកឧកញ៉ាអ៊ឹង ឆៃងួន ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា លោកមិនចង់និយាយរឿងមូលហេតុដែលព្រាប សុវត្ថិ ចាកចេញនោះទេ ហើយលោកបានបង្វិលសំណួរនេះ ឲ្យអ្នកយកព័ត៌មានយើងទៅសួរព្រាប សុវត្ថិ ដោយផ្ទាល់ល្អជាង។

ប៉ុន្ដែនៅថ្ងៃព្រាប សុវត្ថិ បង្ហាញខ្លួនជាផ្លូវការនៅ Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នោះ​លោកបាននិយាយចំពោះមុខអ្នកសារព័តមានទាំងឡាយថា លោកចេញទៅរកបទពិសោធន៍ថ្មី ធ្វើ្វអ្វីថ្មីមួយទៀត ហើយមិនមែនមានទំនាស់គ្នាជាមួយលោកខេមរៈ សិរីមន្ដ ដូចគេសង្ស័យថា ”ភ្នំ១ មានខ្លា២” នោះទេ។

យ៉ាងណា ក្រោយព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាស នេះ កូនប្រុសទាំង៣របស់លោក គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ គឺនៅតែបន្ដរច្រៀងនៅហង្សមាស ដដែល ដោយពួកគេមិនទាន់ស្ពាយបង្វេចចេញពីហង្សមាស ទៅតាមឪពុករបស់គេនៅ Galaxy នោះទេ ព្រោះតែកុងត្រាមិនទាន់ផុត។

សំណួរដែលមហាជនចង់ដឹងថា តើក្រោយព្រាប សុវត្ថិ ទៅចូល Galaxy ដោយទុកឲ្យកូនប្រុសទាំង៣ នៅច្រៀងហង្សមាស ថៅកែផលិតកម្មធំនេះនៅតែយកចិត្តទុកដាក់ ឬលើកស្ទួយពួកគេដែរឬទេ? ឬមួយក៏ឪពុកចេញហើយ ថៅកែអស់អារម្មណ៍លើកស្ទួយកូនទាំង៣?

អ្នកយកព័ត៌មានយើងបានទូរស័ព្ទសួរ គ្រូភ្លេង (Composer) របស់ហង្សមាស ម្នាក់ ដែលបម្រើការនៅផលិតកម្មនេះ ជាង១០ឆ្នាំទៅហើយនោះ ជុំវិញពីរឿងនេះ តែគ្រូភ្លេងរូបនោះ និយាយដោយសុំមិនឲ្យដាក់ឈ្មោះថា ពេលនេះ​ ហង្សមាស មិនអាចបាត់បង់ព្រាប សុវត្ថិ ទៅ Galaxy ហើយបណ្ដោយឲ្យកូនៗរបស់លោកទាំង៣នាក់ ធ្លាក់ទៅកណ្ដាប់ដៃផលិតកម្មនេះបានទៀតទេ។

គ្រូភ្លេងរូបនេះ និយាយដោយសំណើចថា ”អ្ហែងយកបានឪ អញយកបានកូន” អីចឹងហង្សមាស គេមិនឲ្យកូនៗរបស់គាត់ទៅ Galaxy នោះទេ។

លោកបន្ថែមថា តាមលោកមើលទៅ ហង្សមាស នៅតែយកចិត្តទុកដាក់លើកូនៗព្រាប សុវត្ថិ ដដែលទេ ពោលគឺដូចពេលដែលព្រាប សុវត្ថិ មិនទាន់ចេញអីចឹង​ទាំងការទម្លាក់បទចម្រៀងឲ្យច្រៀង និងMV។ ប៉ុន្តែតាមឆាកតន្ត្រីខ្លះមិនសូវឃើញកូនព្រាប សុវត្ថិ នោះ គឺនៅលើខាង Agency គេចង់បានតួទេ ហើយបើកម្មវិធីប្រគំតន្រ្ដីធំ អ្នករៀបចំកម្មវិធីធ្វើតាមការចង់បានរបស់ Agency។

យ៉ាងណា លោកគ្រូភេ្លងរូបនោះ​ មិនហ៊ាននិយាយថា កូនព្រាប សុវត្ថិ ទាំង៣រូបនោះ ម្នាក់ណាដែលអាចមានភាគរយខ្ពស់សង្ឃឹមស្នងតំណែងព្រាប សុវត្ថិ នៅថ្ងៃអនាគតឡើយ ដោយលោកគ្រាន់តែបង្ហើបថា កូនប្រុសទី២ របស់ព្រាប សុវត្ថិ គឺសុវត្ថិ មុនីនាគ ឡើងជាងមុន ក្រោយពីបានចាប់ដៃច្រៀងសម្ដែងជាមួយរ៉េត ស៊ូហ្សាណា។

តាមព័ត៌មានថា កូនប្រុសទាំង៣ របស់ព្រាប សុវត្ថិ ត្រូវបានផលិតកម្ម Galaxy បើកទ្វារស្វាគមន៍២៤ម៉ោង ប្រសិនណាពួកគេមានការអាក់អន់ចិត្តជាមួយហង្សមាស ឬចង់ចាកចេញដែរនោះ។

ប៉ុន្ដែអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីម្នាក់ បានអះអាងថា ព្រាប សុវត្ថិ ចេញពីហង្សមាស នេះ​ក៏ជាការបើកផ្លូវឲ្យកូនៗរបស់លោកនៅហង្សមាស ស្ទុះឡើងដែរ អីចឹងលោកមិនជឿថា កូនៗទាំង៣ ចង់ចេញពីហង្សមាស ទៅច្រៀងនៅ Galaxy ប្រជែងជាមួយឪពុករបស់ពួកគេនោះទេ។

អ្នករៀបចំកម្មវិធីប្រគំតន្រ្ដី បន្តថា ការច្រៀងតាមឆាកទូរទស្សន៍ ពេលនេះកូនប្រុសទាំង៣ របស់លោកព្រាប សុវត្ថិ មានតម្លៃខ្លួនស្មើគ្នា គឺ១កម្មវិធី ស៊ីថ្លៃ៤០០ដុល្លារ ហើយ៣នាក់ ស្មើ១២០០ដុល្លារ ខណៈដែលពួកគេមិនចង់ឡើងច្រៀងម្នាក់ឯង ឬ២នាក់ទេ គឺចង់ឡើងម្ដង ទាំង៣នាក់ ។

ថ្វីត្បិតតែលោកគ្រូភ្លេងនៅហង្សមាស ថា កូនៗព្រាប សុវត្ថិ ត្រូវថៅកែហង្សមាស យកចិត្តទុកដាក់ដូចឪពុករបស់ពួកគេមិនទាន់ចេញក្ដី ប៉ុន្ដែមជ្ឈដ្ឋានមហាជនមើលឃើញថា ពេលនេះ ហង្សមាស កំពុងតែយកចិត្តលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ជាងតារាណាផ្សេងៗនៅទ្រនំនេះ ដើម្បីឲ្យលោកសិរីមន្ត ទៅប្រជែងជាមួយអតីតតារារបស់ខ្លួន គឺលោកព្រាប សុវត្ថិ នៅ Galaxy៕ ហ៊ឹម វិចិត្រ

RELATED ARTICLES