Thursday, April 25, 2024
Homeតារាខ្មែរខ្ញុង ប្រកាសមិនស៊ីដាច់លុយកក់ ម្ចាស់កម្មវិធីលើកពេលរៀបការ

ខ្ញុង ប្រកាសមិនស៊ីដាច់លុយកក់ ម្ចាស់កម្មវិធីលើកពេលរៀបការ

ភ្នំពេញ ៖ តារាកំប្លែងស្រីល្បីល្បាញ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានចេញវីដេអូមួយ បង្ហោះតាមទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា នាងនឹងមិនស៊ីដាច់លុយកក់របស់បងប្អូនប្រជាពលរដ្ឋជាអតិថិជនដែលបានជួលអ្នកនាងទៅច្រៀងសម្តែង ក្នុងពិធីកាត់សក់ក្នុងមង្គលការ ដែលត្រូវរំសាយ ផ្អាក ឬលើកពេល ព្រោះបញ្ហាជំងឺកូវីដ-១៩ នោះទេ គឺអ្នកនាងយោគយល់ដល់បងប្អូនជនរួមជាតិយើងដែលកំពុងប្រឈមបញ្ហាត្រូវផ្អាកពិធីមង្គលការ ដោយសារតែគោរពតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរ ។

អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង និងលោកអ៊ុំ ក្សត្រា ហៅកៃដ ជាស្វាមី បានបញ្ជាក់នៅវីដេអូនោះថា ដោយសារបញ្ហាកូវីដ-១៩ រាជរដ្ឋាភិបាល បានណែនាំឲ្យផ្អាកកម្មវិធីជួបជុំមួយរយៈសិន រួមទាំងពិធីរៀបអាពាហ៍ពិពាហ៍ផងដែរ។ ការណែនាំនេះ ធ្វើឲ្យពួកអ្នកនាងសប្បាយចិត្ត ក៏ដូចជាយល់ស្របតាម។ ដូច្នេះ ពួកអ្នកនាងសុំបញ្ជាក់ជូនបងប្អូនដែលជួលពួកអ្នកនាងទៅច្រៀង សម្តែងក្នុងកម្មវិធីកាត់សក់ ក្នុងពិធីមង្គលការ ជាដើម ដែលបានកក់លុយហើយនោះ កុំមានការភ័យព្រួយបារម្ភខ្លាចពួកអ្នកនាងស៊ីដាច់លុយកក់នេះអី គឺនាងនឹងរក្សាលុយទាំងនេះ ទុកសម្រាប់បងប្អូនដែលទូរស័ព្ទមកប្រាប់ពីការរំសាយកម្មវិធី លើកទៅពេលក្រោយណាមួយ ឬបើត្រូវការឲ្យវេរលុយទៅវិញសិន ក៏ពួកអ្នកនាងវេរជូនវិញគ្រប់ចំនួន ដោយមិនកាត់លុយកក់នេះសូម្បីតែមួយរៀលឡើយ ។

ជាមួយនេះ អ្នកនាងនិងស្វាមីក៏សំណូមពរដល់អ្នកសិល្បៈ ភ្លេងខ្មែរ តន្រ្តីសម័យ សម្អាងការ និងសេវាផ្សេងទៀត ត្រូវរក្សាលុយកក់របស់អតិថិជន ដូចជាពួកអ្នកនាងដែរ ។

បន្ថែមលើការបញ្ជាក់តាមវីដេអូ ខាងលើនេះ អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានបញ្ជាក់ប្រាប់ ”នគរធំ” នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្នុងពេលដែលអ្នកនាងកំពុងជាប់ថតសិល្បៈថា ក្នុងរដូវមង្គលការ ដែលកូវីដ-១៩ កំពុងវាយលុកនេះ អ្នកនាងទទួលលុយកក់ពីម្ចាស់កម្មវិធី បានចំនួនប្រហែល៣០០០ដុល្លារដែរ តែអ្នកនាងមិនបារម្ភពីប្រាក់ចំណូលសិល្បៈធ្លាក់ចុះ ដោយសារតែជំងឺកូវីដ-១៩ នេះទេ ព្រោះក្រៅពីសិល្បៈ អ្នកនាងមានមុខរបរលក់ផលិតផលតាមអនឡាញដែរ ។

អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានថ្លែងថា “ចាសបង! ដូចខ្ញុំនិយាយអ៊ីចឹង ពាក្យពេចន៍ហ្នឹង ខ្ញុំអត់មានអីនិយាយវែងឆ្ងាយទៀតទេ មាននៅក្នុងវីដេអូហ្នឹងទាំងអស់ គ្រាន់តែខ្ញុំចង់បញ្ជាក់ប្រាប់បងកាត់ៗខ្លីៗថា គ្រប់ម្ចាស់កម្មវិធីទាំងអស់ដែលបានជួលខ្ញុំ គឺត្រូវបាន cancel (លុបចោល)  ទាំងអស់ នៅក្នុងឆ្នាំនេះ ដោយសារតែយើងផ្អាកការជួបជុំ តាមរាជរដ្ឋាភិបាលដែលបានណែនាំ ប៉ុន្តែខ្ញុំមិនឲ្យគាត់បាត់លុយកក់ទេ បងប្អូនណាដែលគាត់លើកកម្មវិធី លើកថ្ងៃ គឺខ្ញុំរក្សាលុយកក់ឲ្យគាត់ដដែល តែបើបងប្អូនណាថា ខ្ញុំនឹង cancel កម្មវិធីហ្នឹងចោលតែម្ដង មិនធ្វើទេ អ៊ីចឹងខ្ញុំនឹងបញ្ជូនលុយកក់ ជូនគាត់វិញ អត់យកទេ ។

មកដល់ឥឡូវ ពួកគាត់ទាក់ទងមកទាំងអស់ហ្នឹង គ្រប់រោង ប៉ុន្តែគាត់សុំផ្អាកសិន ប៉ុន្តែគាត់មិនយកលុយកក់វិញទេ អ្នកខ្លះគឺគាត់អត់ធ្វើកម្មវិធី ទុកធ្វើឆ្នាំក្រោយ ប៉ុន្តែគាត់ឲ្យខ្ញុំហ្នឹង យកលុយកក់ហ្នឹងតែម្ដងទៅ តែអ្នកខ្លះគាត់ថា សុំរក្សាលុយកក់សិន ចាំឆ្នាំក្រោយ គាត់ធ្វើ គាត់ដូរថ្ងៃ ចាំលុយកក់ហ្នឹងនៅហ្នឹង ។ អ្នកខ្លះគាត់កក់ច្រើនៗ ហើយខ្ញុំក៏មិនចង់បានដែរ ព្រោះខ្ញុំយល់ណាស់ ព្រោះកម្មវិធីអត់ទាន់បានលេងផង គាត់កក់លុយ តែយើងផ្ដាច់គាត់ធ្វើអី ព្រោះយើងយល់ពីស្ថានភាពប្រទេសយើង អ៊ីចឹងរឿងវាតែប៉ុណ្ណឹងទេ“ ។

អ្នកនាងស្រេង សុកាន់ដា បន្តថា “បើសរុបជាទឹកលុយ ដែលគេបានកក់ខ្ញុំហ្នឹង ចូលជិត៣០០០ដុល្លារហើយ ព្រោះអីមានរោងខ្លះ កក់៥០០ កក់២០០ កក់១០០ ហើយច្រើនរោងដែរ តែខ្ញុំអត់អាចនិយាយបានទេ ព្រោះមិនបានអង្គុយរាប់ផង ជាប់ថត ។ ដូច្នេះអត់អីទេ មានតែផ្ដាំផ្ញើដល់ពួកគាត់ សុខភាពល្អ សំណាងល្អ ហើយសង្ឃឹមថា ឆ្នាំក្រោយ យើងជួបគ្នាក្នុងកម្មវិធីដែលគាត់បានប្រារព្ធធ្វើជាថ្មី ហើយនិងខ្ញុំសំណើសុំឲ្យពួកគាត់គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល កុំទទឹងរឹងរូស កុំព្យាយាមធ្វើលួចលាក់ ព្រោះអីការពារជីវិតយើង ការពារអ្នកដទៃ ហើយណាមួយ ការពារយើងកុំឲ្យខាតផងដែរ ។

ប៉ុន្តែខ្ញុំអត់បារម្ភពីប្រាក់ចំណូលសិល្បៈធ្លាក់ចុះ ក្នុងពេលមានកូវីដ នេះទេ ព្រោះការងាររបស់ខ្ញុំ មិនមែនតែមួយមុខ ការងារសិល្បៈ ត្រូវបាន cancel ខ្លះ អត់បានទៅលេង ប៉ុន្តែខ្ញុំមានការងារជាច្រើនទៀតដែលខ្ញុំធ្វើ ដូចបានដឹងហើយ ខ្ញុំលក់ផ្អក ប្រហុក ក៏ខ្ញុំរកចំណូលបាន ទី១ ។ ទី២ទៀត ឥឡូវនេះ គឺខ្ញុំមានការងារធ្វើច្រើនដែលត្រូវធ្វើ អ៊ីចឹងខ្ញុំអត់សូវបារម្ភទេ“ ៕ កុលបុត្រ

RELATED ARTICLES