Saturday, April 20, 2024
Homeព័ត៌មានជាតិគាត់ទៅឡើងលើ មិនបានកន្លះម៉ោងផង មានគេទៅប្រាប់រឿងបែបនេះ

គាត់ទៅឡើងលើ មិនបានកន្លះម៉ោងផង មានគេទៅប្រាប់រឿងបែបនេះ

ខេត្តបាត់ដំបង ៖ បុរសជាជាងសំណង់ម្នាក់កំពុងជាប់ដៃធ្វើការងារភ្លេចខ្លួនមួយភ្លែត ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពកាច់កម៉ូតូ ជិះទៅបាត់ បង្កឱ្យកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅម្តុំខាងកើតផ្សារ ១៣មករា ឬផ្សារថ្មី ស្ថិតក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

ម្ចាស់ម៉ូតូ មានឈ្មោះឃឹម សាន ភេទប្រុស មានមុខរបរជាជាងសំណង់ រស់នៅភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ចំណែកម៉ូតូដែលបានបាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AK-9460។

តាមសម្តីបុរសជាម្ចាស់ម៉ូតូ បានឱ្យដឹងថា គាត់បានបាត់ម៉ូតូ នៅពេលគាត់កំពុងធ្វើសំណង់នៅផ្នែកខាងលើនៃអគារ លុះពេលចុះមកក្រោម ក៏ផ្អើលឆោឡោតែម្តង ក្រោយពីមិនឃើញម៉ូតូដែលទុកនៅខាងក្រោម។ រាល់ថ្ងៃពេលគាត់ជិះម៉ូតូទៅដល់កន្លែងធ្វើការ គាត់តែងទុកម៉ូតូចាក់សោកត្រឹមត្រូវ នៅក្នុងផ្ទះជាន់ផ្ទាល់ដី ដែលគាត់កំពុងធ្វើ ហើយគាត់ឡើងទៅធ្វើការនៅជាន់ខាងលើ ជាមួយក្រុមជាងដទៃទៀត។

ម្ចាស់ម៉ូតូ បន្តថា លុះមកដល់ព្រឹកកើតហេតុ គាត់ក៏បានទុកម៉ូតូដូចសព្វដងដែរ ប៉ុន្តែនៅពេលគាត់ឡើងដល់ជាន់លើ មិនបានកន្លះម៉ោងផង ស្រាប់តែជាងម្នាក់សួរគាត់ ដោយសារមិនឃើញម៉ូតូនៅខាងក្រោម។ ដោយមានការសង្ស័យ គាត់ក៏ចុះមកមើល ស្រាប់តែបាត់ម៉ូតូ ពីក្នុងផ្ទះ ទើបផ្អើលឆោឡោតែម្តង ក្រោយដឹងថាត្រូវចោរលួច។

គួររំលឹកផងដែរថា បើតាមរបាយការណ៍បឋម នេះមិនមែនជាលើកទី១ទេ សម្រាប់ខែវិច្ឆិកា នេះ ដែលលោកចោរហារយ បានលួចយកម៉ូតូជាងសំណង់។ លើកដំបូង គឺចោរលួចម៉ូតូជាងសំណង់ មួយថ្ងៃ អស់ ២គ្រឿង នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ហើយជិះគេចខ្លួនដោយសុវត្ថិភាព បាត់ស្ងាត់ឈឹងរហូតដល់សព្វថ្ងៃនេះ ហើយលើកនេះ ចោរបានលួចម៉ូតូជាងសំណង់ដែរ នៅម្តុំផ្សារថ្មី។ ដូច្នេះ សរុបទៅ ម៉ូតូជាងសំណង់ ចំនួន​៣គ្រឿងហើយ ត្រូវបាត់បង់ដោយចោរលួចដែលសមត្ថកិច្ចមិនទាន់មានតម្រុយ។

ប៉ុន្តែយ៉ាងណា ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្ត បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនមុខសញ្ញាលូចម៉ូតូនេះ បានប៉ុន្មានករណីផងដែរ តែហាក់គ្មានសញ្ញាថមថយពីសកម្មភាពអំពើចោរកម្មនេះសោះ។

បើតាមការសាកសួរក្រុមចោរលួចម៉ូតូទាំងនោះ សុទ្ធសឹងតែមានប្រវត្តិជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តល្បែងស៊ីសង និងប្រព្រឹត្តគ្រឿងញៀន ។ ជាពិសេស ប្រព្រឹត្តល្បែង (អនឡាញ) ដែលកំពុងរីកលូតលាស់ពេញក្រុងបាត់ដំបង សព្វថ្ងៃនេះតែម្តង៕

RELATED ARTICLES