Saturday, April 20, 2024
Homeព័ត៌មានជាតិចំណាត់ការលោកអភិបាលខេត្តកណ្តាល ឲ្យផ្អាកបន្ទាន់ ចាក់ខ្សាច់រំលោភដីចំណីទន្លេ

ចំណាត់ការលោកអភិបាលខេត្តកណ្តាល ឲ្យផ្អាកបន្ទាន់ ចាក់ខ្សាច់រំលោភដីចំណីទន្លេ

ខេត្តកណ្តាល ៖ អភិបាលខេត្តកណ្តាល បានបញ្ជាឱ្យផ្អាកសកម្មភាពការចាក់ខ្សាច់រំលោភដីចំណីទន្លេជាបន្ទាន់ ដែលប្រព្រឹត្តដោយឈ្មោះសុខ សីលា បានបញ្ជាឱ្យកម្មករចាក់ខ្សាច់បំពេញដីចំណីទន្លេបំណងព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន តាមរយៈការលាក់បាំងរបស់អាជ្ញាធរខ្លះ ប៉ុន្តែករណីនេះបានបែកធ្លាយដល់អភិបាលខេត្ត។ 

បើតាមប្រភពបានរាយការណ៍ថា លោកសុខ សីលា ដែលប្រជាពលរដ្ឋនៅតំបន់នោះហៅថា លោកឧកញ៉ាៗ បានសាងសង់អគាររំលោភយកដីសាធារណៈរបស់រដ្ឋ ហើយព័ទ្ធយកដីចំណីទន្លេក្បែរនោះទៀត ដែលទំហំធំក្នុងបំណងសាងសង់អគារបន្តបន្ទាប់ ប៉ុន្តែត្រូវបានអភិបាលខេត្តដឹង និងបញ្ជាឱ្យផ្អាកតាមបណ្តឹងរបស់ប្រជាពលរដ្ឋ។

លោកអេង សុវិចិត្រ អភិបាលស្រុកកោះធំ បានបញ្ជាក់ប្រាប់ថា លោកមិនស្គាល់ថា របស់អ្នកណាទេ ប៉ុន្តែត្រូវបានរដ្ឋបាលខេត្តចុះផ្អាកហើយ។ រីឯសំណួរពាក់ព័ន្ធផ្សេងទៀត ដែលត្រូវបានចោទសួរនោះ លោកអភិបាលស្រុកមិនបានឆ្លើយតបនោះឡើយ។

គួរបញ្ជាក់ថា នាពេលកន្លងទៅ ស្ថិតនៅក្នុងវេទិការសាធារណៈនៅស្រុកលើកដែក លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានព្រមានថានឹងចាត់ការតាមផ្លូវច្បាប់ដល់មន្ត្រីថ្នាក់ក្រោម ដែលឃុបឃិតជាមួយឈ្មួញទុច្ចរិត ក្នុងការសហការគ្នាលក់ដីរដ្ឋទៅឱ្យឯកជន ហើយថាត្រូវផ្អាកជាបន្ទាន់ព្រោះសកម្មភាពទាំងនេះ គឺខុសច្បាប់។

បើតាមការឱ្យដឹងពីសំណាក់ពលរដ្ឋស្រុកកោះធំ ករណីរំលោភយកដីចំណីទន្លេធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសាងសង់សំណង់រឹងមាំ កើតមានជាយូរមកហើយ និងកំពុងកើតមានជាបន្តបន្ទាប់ ដោយពលរដ្ឋស្នើសុំលោកគង់ សោភ័ណ្ឌ និងលោកបណ្ឌិតម៉ៅ ភិរុណ ប្រធាន ក្រុមប្រឹក្សាខេត្តជួយទប់ស្កាត់។

ដោយឡែកលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា “ករណីនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យមើល”។

ចំណែកលោកសុខ សីលា មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES