Thursday, April 25, 2024
Homeតារាខ្មែរមាស សុខសោភា ថៅកែស្រីលក់ផលិតផលតាម online ជួយបានឬអត់?

មាស សុខសោភា ថៅកែស្រីលក់ផលិតផលតាម online ជួយបានឬអត់?

មនុស្សជាច្រើនបានសម្ដែងការភ្ញាក់ផ្អើល និងខ្លះងឿងឆ្ងល់ជុំវិញការសម្រេចចិត្តរបស់មាស សុខសោភា ដែលផាត់ចោលផលិតកម្មធំ២ គឺ ហង្សមាស និង Galaxy ហើយស្ពាយបង្វេចចូលផលិតកម្មរាម ដែលសោភា ត្រូវបានអ្នកគាំទ្រនាងកំពុងតែមានការបារម្ភ ជុំវិញការដែលនាងអាចពិបាកប្រកួតប្រជែងក្នុងតំណែងជាតារាចម្រៀងស្រីឈានមុខគេទៀតណាស់ ព្រោះតែគូប្រជែងរបស់នាងសុទ្ធតែឈរជើងនៅផលិតកម្មធំនិងរឹងមាំជាងនាង។

ប៉ុន្ដែសោភា បែរជាបង្ហាញកាយវិការដោយគ្មានកង្វល់រឿងដែលនាងអាចធ្លាក់កូដ ពេលទៅឈរជើងនៅផលិតកម្មថ្មីនោះទេ ដោយនាងមានជំនឿយ៉ាងមុតមាំថា ថៅកែថ្មីរបស់នាង ឈ្មោះស្រីអូន ដែលធ្លាប់តែជោគជ័យរឿងរកស៊ីលក់ផលិតផលនោះ នឹងមិនធ្វើឲ្យនាងធ្លាក់ទឹកឡើយ។

អ្វីដែលសោភា កាន់តែមានមានភាពកក់ក្ដៅថែមទៀតនោះ គឺការទៅដល់ទ្រនំថ្មីនោះ នាងមិនពឹងលើតែអាជីពចម្រៀងតែមួយមុខទៀតឡើយ គឺនាងទៅចាប់ដៃរកស៊ីលក់ផលិតផលជាមួយថៅកែស្រីតែម្ដង។

សោភា ធ្លាប់និយាយថា ក្រុមអ្នកគាំទ្ររបស់នាងជឿជាក់លើនាងថា ទៅដល់ណាក៏ល្បីដែរ អីចឹងនាងមិនគិតច្រើននោះទេ។ នាងថា បទចម្រៀងបើកឆាករបស់នាងនៅផលិតកម្មថ្មីនោះ នឹងចេញជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះហើយ។

អ្នកជំនាញសិល្បៈម្នាក់ នៅហង្សមាស ដែលតារាចម្រៀងជាច្រើនហៅថា “លោកគ្រូៗ” នោះ បានឲ្យដឹងថា លោកក៏មិនយល់ដែររឿងមាស សុខសោភា មិនចូលហង្សមាស នោះ ព្រោះសោភា ជាមុខសញ្ញាដែលហង្សមាស ចង់បានជាយូរឆ្នាំមកហើយ។

លោកបន្តថា សោភា មានសមត្ថភាពខ្ពស់ណាស់ ហើយគិតត្រឹមឆ្នាំ២០២០នេះ មិនទាន់មានតារាណាយកឈ្នះនាងបាន រឿងច្រៀងបទស្លូវនោះទេ។ ហើយសោភា នឹងពិបាកពេលទៅផលិតកម្មថ្មីនោះ ធ្វើបទចម្រៀងខ្លួនឯង ដូចនាងច្រៀងនៅផលិតកម្ម Camtrax របស់នាងដែរ អីចឹងមិនមានអ្នកជួយនាងច្រើនទេ។

ការទៅដល់ផលិតកម្មរាម របស់មាស សុខសោភា ដោយមើលរំលងហង្សមាស និង Galaxy នោះ ធ្វើឲ្យនាងខកខានក្នុងការច្រៀងជាមួយដៃគូដ៏ស័ក្តិសមជាមួយនាង គឺកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ៕

RELATED ARTICLES