Thursday, April 25, 2024
Homeនយោបាយលោកគង់ គាំ ថាលោកសម រង្ស៊ី ដុតភ្លើង រួចស្រែកឲ្យគេជួយពន្លត់

លោកគង់ គាំ ថាលោកសម រង្ស៊ី ដុតភ្លើង រួចស្រែកឲ្យគេជួយពន្លត់

ភ្នំពេញ ៖ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ (អតីតបក្សប្រឆាំង) លោគង់ គាំ ដែលសព្វថ្ងៃជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា លោកសម រង្ស៉ី អតីតមេបក្សប្រឆាំង និងក្រុមនយោបាយជ្រុលនិយម តែងតែជាដុតភ្លើង រួចស្រែកឲ្យគេជួយពន្លត់។

គង់ គាំ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ដែលមានខ្លឹមសារទាំងស្រុដូចខាងក្រោម ៖

– មេដឹកនាំនយោបាយ សម រង្ស៊ី និងក្រុមនយោបាយជ្រុលនិយម ដែលតែងតែជាអ្នកដុត និងស្រែកឲ្យគេជួយពន្លត់ គឺប្រើការលំបាករបស់ប្រទេសជាតិ របស់ប្រជាពលរដ្ឋ ហើយពឹង (ចំហាយពីអ្នកដទៃ) ជាប្រយោជន៍របស់ខ្លួន និងក្រុមខ្លួនគួរឲ្យអាណោចអាធម័។

លោកគង់គាំ អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ

–  ចិត្តខ្មៅហួសចន្ទោលពេកហើយ ដែលក្រុមសម រង្ស៊ី តែងលើកស្នា កម្លាក្អែក ថាកម្ពុជាត្រូវបាត់បង់ EBA ពី EU ត្រូវទទួលទណ្ឌកម្មមួយចំនួនពីសហរដ្ឋអាមេរិក ហើយអាចមិនបានទទួលវ៉ាក់សាំងការពារមេរោគកូវីដ-១៩ បន្ថែមទៀត បើកម្ពុជា មិនព្រមទម្លាក់ចោលការចោទប្រកាន់ចំពោះអតីត CNRP និងក្រុមខ្លួន តាមការទាមទារឲ្យមានលំហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សទេនោះ។

EU/សហរដ្ឋអាមេរិក / ONU(WHO) ជាអ្នកមានគោលការណ៍មនុស្សធម៌ និងមនុស្សជាតិ ពិតជាមិនភ្ជាប់កម្ពុជា ដែលរងការប៉ះពាល់ជាសកល (ពីមេរោគកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច) ទៅនឹងអតីត CNRP និងក្រុមសម រង្ស៊ី (ជ្រុលនិយម/ហិង្សា/ចិត្តខ្មៅ) នោះទេ។

មិនដេកស្មានដូចក្រុមប្រឆាំងទេ រាជរដ្ឋាភិបាល មានវិធានការ (ជាក់ស្តែង សមស្រប រួមទាំងលទ្ធភាពទិញវ៉ាក់សាំង ដែល WHO ទទួលស្គាល់ពីកន្លែងផ្សេងៗ និងផែនការប្រើប្រាស់យ៉ាងហ្មត់ចត់)។

–  ទោះEU/សហរដ្ឋអាមេរិក/បស្ចិមប្រទេស និងមេដឹកនាំសម រង្ស៊ី ក្រុមជ្រុលនិយមបានប្រមាថគណបក្សនយោបាយចំនួនម្ភៃ និងប្រជាពលរដ្ឋខ្មែរ ជាង ៨០ភាគរយ ថាបំផ្លាញប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស ហើយបានហៅរដ្ឋសភាឯកបក្ស និងរាជរដ្ឋាភិបាលក្រោយការបោះឆ្នោតឆ្នាំ២០១៨ ថាមិនស្របច្បាប់ ថាក្លែងក្លាយ ថាកម្ពុជា ដែលបង្កើនទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសចិន គឺជាការនាំកម្ពុជា ឲ្យជួបមហន្តរាយគ្រប់យ៉ាងក៏ដោយ ក៏EU/សហរដ្ឋអាមេរិក/បស្ចិមប្រទេស នៅតែបន្តទំនាក់ទំនងល្អជាមួយកម្ពុជា ជានិច្ច រួមទាំងជាមួយប្រទេសចិន ផងដែរ (មិនឆោតល្ងង់ដូចក្រុមអ្នកនយោបាយខ្មែរ សាច់មិនបានស៊ី យកឆ្អឹងព្យួរក ដើរស្រែកប្រឆាំងចិន តាមស្ថានទូតចិន គ្រប់ប្រទេស ជំនួសគេដោយមិនដឹងខ្លួននោះទេ)។

–  ជាងបីឆ្នាំ (២០១៨-២០២០) រហូតក្រោយឆ្នាំ២០២២ និងដល់ក្រោយ (ឆ្នាំ២០២៣) ទៀតក៏ដោយ គឺ (មិនយឺត/មិនថោកទាប) នោះទេ ដែលក្រុមអ្នកនយោបាយសម រង្ស៊ីនិយម ងាកមកទទួលថា រាជរដ្ឋាភិបាលកម្ពុជា អាចបញ្ចប់ ឬប្រគល់សុពលភាពលិខិតឆ្លងដែនរបស់ពួកអ្នក និងងាកមកទទួលថា តម្លៃរបស់តុលាការរាជធានីភ្នំពេញ (កម្ពុជា) មានគតិយុត្តចំពោះពួកអ្នក ដូចរដ្ឋាភិបាល និងតុលាការបណ្តាប្រទេសលើលោកទាំងអស់ដែរ។

–  គណបក្សឆន្ទៈខ្មែរ មានមោទនភាពណាស់ដែលបានវាយតម្លៃដំណើរនយោបាយកម្ពុជា ក្រោយការរំលាយ CNRP យ៉ាងត្រឹមត្រូវ និងបានទុកខ្លួនជាប៉ូលនយោបាយថ្មី មានវប្បធម៌នយោបាយថ្មី មានសញ្ញាព្រះអាទិត្យថ្មី ហើយបានចូលរួមការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ឆ្នាំ២០១៨ ព្រមទាំងបានប្រើឆន្ទៈម្ចាស់ឆ្នោត ចូលរួមការដឹកនាំកម្ពុជា តាមរយៈ (ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់) ក្នុងកិច្ចការទាំងបីគឺ ១- ពិគ្រោះ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ សេចក្តីស្នើច្បាប់ និងគោលនយោបាយទាំងឡាយ។ ២- អង្កេតតាមដានការចាត់តាំងអនុវត្តច្បាប់ និងគោលនយោបាយ ព្រមទាំងសេចក្តីសម្រេចទាំងឡាយរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ៣- ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តទាំងឡាយ លើកអនុសាសន៍របស់ប្រតិភូតំណាងរបស់ខ្លួន និងសំណូមពររបស់ថ្នាក់ដឹកនាំមូលដ្ឋាន របស់ប្រជាពលរដ្ឋ ពីភាពអវិជ្ជមាន ដើម្បី (សភានិងរាជរដ្ឋាភិបាល) ពិចារណាជួយសម្រួល កែប្រែតាមផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋ។ គណបក្សឆន្ទៈខ្មែរ បានឆ្លងបទពិសោធន៍ដឹកនាំ និងបម្រើប្រជាពលរដ្ឋ មួយដំណាក់រួចមកហើយ។

លោកគង់គាំ និងមន្ត្រី អតីតបក្សសង្គ្រោះជាតិ

–  នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ គណបក្សឆន្ទៈខ្មែរ ដែលមានគោលជំហរកសាង (អំណាចរបស់ប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋ) មានការជឿជាក់ថា ប្រជាពលរដ្ឋខ្មែរ នឹងចូលរួមឈរឈ្មោះ ព្រមទាំងចូលរួមបោះឆ្នោតគាំទ្រគណបក្សឆន្ទៈខ្មែរ ឲ្យទទួលតំណែងចៅសង្កាត់ ចៅសង្កាត់រង មេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សា ពហុបក្សថ្នាក់ក្រោមជាតិ និងឲ្យទទួលតំណែងជាតំណាងរាស្ត្រ ពហុបក្សថ្នាក់ជាតិ ដើម្បីជួយបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង ជួយការពារ កសាងប្រទេសកម្ពុជា ឲ្យមានលក្ខណៈប្រជាធិបតេយ្យសេរី និងការគោរពសិទ្ធិមនុស្សត្រឹមត្រូវ ពេញលេញ តាមស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ជាដរាបតទៅ។ អរគុណ ២៣តុលា!

–  គណបក្សឆន្ទៈខ្មែរ ប្រមូលផ្តុំ ដោយក្រុមអ្នកចង់ឲ្យមានការផ្លាស់ប្តូរ ក្រុមអ្នកនយោបាយប្រជាធិបតេយ្យបន្តវេនស្រករក្រោយ និងអ្នកនយោបាយវ័យក្មេង (ពិសេសយុវជនជាធនធានដ៏មានសក្តានុពល) សកម្មរ៉ាប់រងជោគវាសនាអនាគតកម្ពុជា (សាមគ្គី គង់វង្ស ថ្កើងថ្កាន)ចម្រើនលូតលាស់ ទាន់បណ្តាប្រទេសជឿនលឿននានានៅក្នុងតំបន់ និងលើពិភពលោក ត្រៀមជួបពិភាក្សាជាមួយបណ្តាគណបក្សនយោបាយចាស់ថ្មី មិនទាន់មានអាសនៈទាំងអស់ ដើម្បីរករូបមន្ត រកមធ្យោបាយ ឲ្យមានពហុបក្ស ក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ ឲ្យមានពហុបក្សក្នុងរដ្ឋសភា នៅឆ្នាំ២០២៣ ឲ្យបានទូទាំងប្រទេស ប្រកបដោយជោគជ័យយ៉ាងពិតប្រាកដ…៕

RELATED ARTICLES