Friday, April 19, 2024
Homeបច្ចេកវិទ្យាMpay បានដាក់ឱ្យដំណើរការនូវការបង់ប្រាក់តាមរយៈ QR Code របស់ UnionPay ដល់ដៃគូអាជីវកម្មជាង ៣,០០០ កន្លែង

Mpay បានដាក់ឱ្យដំណើរការនូវការបង់ប្រាក់តាមរយៈ QR Code របស់ UnionPay ដល់ដៃគូអាជីវកម្មជាង ៣,០០០ កន្លែង

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ ៖ បណ្តាញទូទាត់ប្រាក់លំដាប់ពិភពលោក UnionPay បានប្រកាសនៅថ្ងៃនេះថា បានធ្វើកិច្ចសហការក្នុងភាពជាដៃគូបែបស៊ីជម្រៅជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលមានភាពច្នៃប្រឌិត Mpay ក្នុងការចេញនូវកាត Contactless Prepaid Cardដំបូងបង្អស់របស់ UnionPay នៅក្នុងទីផ្សារ និងដាក់ឱ្យដំណើរការនូវ QR Code សម្រាប់ធ្វើការទូទាត់ប្រាក់ដល់ដៃគូអាជីវកម្មខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់និងអាជីវករនៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែទទួលបាននូវសេវាកម្មទូទាត់ប្រាក់ដែលមានភាពច្នៃប្រឌិតជាងមុនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏នឹងទទួលបាននូវបទពិសោធន៍ទូទាត់ប្រាក់ដែលមានភាពងាយស្រួល និង ប្រសើរជាងមុនផងដែរ។

តាមរយៈកិច្ចសហការក្នុងភាពជាដៃគូជាមួយ UnionPay ទាំងការចេញនិងទទួលបាននូវសេវាកម្ម MPay នឹងចេញនូវកាតបង់ប្រាក់ជាមុនចំនួន ២ ប្រភេទ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ប្រាក់យ៉ាងងាយស្រួល តាមរយៈភ្នាក់ងារលក់ (Point-of-Sale) ដែលមាននៅទូទាំងប្រទេស ដោយគ្រាន់តែធ្វើការដាក់កាតពីលើឧបករណ៍ទូទាត់ប្រាក់ ឬ ធ្វើការទិញទំនិញតាមប្រព័ន្ធអនឡាញពីដៃគូអាជីកម្មជាង ១០ លានកន្លែង ដែលទទួលយកកាត UnionPay ។

លើសពីនេះ Mpay បានដាក់ឱ្យដំណើរការ UnionPay QR Code សម្រាប់ធ្វើការទូទាត់ប្រាក់ដល់ដៃគូអាជីវកម្មជាង ៣,០០០ កន្លែង ដែលរួមមានដៃគូអាជីវកម្មខ្នាតតូចនិងមធ្យមសម្រាប់ធ្វើការទូទាត់ប្រចាំថ្ងៃ ។ ដៃគូអាជីវកម្មទាំងនោះ រួមមាន ក្រុមហ៊ុនE-Gets ក្រុមហ៊ុនNHAM24 ភោជនីយដ្ឋានLao Di Fang ភោជនីយដ្ឋានDe Yue Lou ក្រុមហ៊ុនXiaomi ក្រុមហ៊ុនអាកាសចរCambodia Airline និង JC Airline ។

ការដាក់ឱ្យដំណើរការទទួលយក UnionPay QR Code ក្នុងការទូទាត់ប្រាក់របស់ដៃគូអាជីវកម្មយើង នឹងជួយឱ្យមានការកើនឡើងនៃអ្នកប្រើប្រាស់ក្នុងស្រុកដែលនឹងទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យាថ្មី និង ប្រកបដោយភាពច្នៃប្រឌិតនេះ ។

យោងទៅតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ចំនួននៃអ្នកប្រើប្រាស់សកម្មនៃកាបូបអេឡិចត្រូនិក (e-wallet) ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានកើនឡើង ចំនួន៦៤% ត្រូវជា៥.២២ លាននាក់នៅក្នុងឆ្នាំ២០១៩ ប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ។

ការសហការរវាង UnionPay និង Mpay នេះគឺធ្វើឡើងស្របនឹងពេលដែលសហគមន៍ផ្នែកធនាគារនិងហិរញ្ញវត្ថុ (Banking and Financial Sector: BFIs) ដែលមានតំណាងពីសមាគមធនាគារនៅកម្ពុជា (Association of Banks in Cambodia: ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (Cambodia Microfinance Association: CMA) សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជា (Cambodian Association of Finance and Technology: CAFT) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និង មិនចាំបាច់ប្រើសាច់ប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជម្ងឺរាតត្បាតដែលកំពុងតែកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កញ្ញាលាង ចិន្តា នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា នៃក្រុមហ៊ុន UnionPay International South East Asia បានមានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយដៃគូយុទ្ធសាស្រ្តនិងមានគំនិតដូចគ្នាដូចជា Mpay ដើម្បីពង្រីកកម្រិតនៃការប្រើប្រាស់ផលិតផលនិងសេវាកម្មទូទាត់ប្រាក់របស់ UnionPay ដែលផ្តល់ឱ្យអតិថិជនក្នុងស្រុករបស់យើងទទួលបាននូវជម្រើសច្រើនជាងមុន ក្នុងការទូទាត់ប្រាក់ប្រកបដោយភាពងាយស្រួល និង សុវត្ថិភាព”។

កញ្ញាចិន្តា បន្ថែមថា​ “យើងសង្ឃឹមថាកិច្ចសហការជាមួយ Mpay នឹងចូលរួមធ្វើឱ្យបរិយាប័ន្នហិរញ្ញវត្ថុមានភាពប្រសើរជាងមុន ដែលនឹងអនុញ្ញាតឱ្យទីកន្លែងដែលមិនទទួលបាននូវសេវាធនាគារអាចប្រើប្រាស់កាត UnionPay Prepaid cards ជួយដល់ពួកគេទទួលបាននូវសេវាកម្មធនាគារ និង ការទូទាត់ប្រាក់ដ៏សម្បូរបែប និង ពេញលេញ។ បច្ចុប្បន្ននេះ ប្រតិបត្តិការភាគច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែធ្វើឡើងក្រោមរូបភាពជាសាច់ប្រាក់ ហើយប្រជាពលរដ្ឋភាគច្រើនមិនអាចនឹងទទួលបានសេវាធនាគារ ។ ធនាគារជាតិនៃកម្ពុជាបានធ្វើការផ្តួចផ្តើមជាច្រើនក្នុងការបង្កើននូវបរិយាប័ន្នហិរញ្ញវត្ថុ និង លើកតម្កើងចរាចរហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានភាពទូលំទូលាយជាងមុន”។

លោក Sun Lei នាយកប្រតិបត្តិក្រុមហ៊ុន Mpay បានមានប្រសាសន៍ថា “ក្រុមហ៊ុន Mpay បានខិតខំប្រឹងប្រែងក្នុងការផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់ឱ្យមានលក្ខណៈជាប្រព័ន្ធ និងប្រសើរជាងមុនដល់អតិថិជនរបស់យើង ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ភាពជាដៃគូរបស់ពួកយើងជាមួយ UnionPay គឺជាការបោះជំហានឆ្ពោះទៅមុខថ្មីមួយ ដោយហេតុថា UnionPay មិនមែនគ្រាន់តែជាម៉ាកយីហោសេវាទូទាត់ប្រាក់អន្តរជាតិដែលធំជាងគេបង្អស់នៅលើពិភពលោកក្នុងការចេញកាតទូទាត់ប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំពិភពលោកទាក់ទងទៅនឹងសេវាកម្មទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតដូចជា QR Code និង wallet សម្រាប់ការទូទាត់ប្រាក់។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងជួយពន្លឿនដល់ការផ្លាស់ប្តូររបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីក្លាយជាសង្គមមួយដែលលែងប្រើប្រាស់សាច់ប្រាក់”។

កាតបង់ប្រាក់ជាមុនរបស់ Mpay UnionPay មានពីរប្រភេទ៖ កាតគ្មានឈ្មោះ និង កាតមានឈ្មោះ ដែលនឹងចាប់ផ្តើមបើកដំណើរការជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១ ។ អ្នកដែលចង់ដាក់ពាក្យស្នើសុំកាតបង់ប្រាក់ជាមុនដែលមានឈ្មោះត្រូវធ្វើការឆ្លងកាត់ដំណើរការ Know Your Customer (KYC)។ Mpay អាចកែសម្រួល កាតបង់ប្រាក់ជាមុនទាំងពីរប្រភេទរបស់ UnionPay សម្រាប់ប្រភេទអតិថិជនផ្សេងៗគ្នា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ពួកគេ។ តាមរយៈការទាញយក Mpay app អ្នកកាន់កាត UnionPay Prepaid Card អាចធ្វើការបញ្ចូលកាតរបស់ពួកគេទៅនឹង app ហើយនឹងឃើញនូវរាល់ការចំណាយរបស់ពួកគេ។

នៅពេលអនាគត ពួកគេអាចប្រើប្រាស់ Mpay app ដើម្បីធ្វើការស្កេន UnionPay QR Code នៅតាមដៃគូអាជីវកម្មនានា។  ជាផ្នែកមួយនៃប្រូម៉ូសិនក្នុងការដាក់ឱ្យដំណើរការនេះ អ្នកប្រើប្រាស់ថ្មីទាំងអស់ នឹងទទួលបាននូវការមិនគិតថ្លៃសេវាចំនួន ៦ ខែ(សម្រាប់កាតដែលគ្មានឈ្មោះ) និងមិនគិតថ្លៃសេវាចំនួន ១២ ខែ (សម្រាប់កាតដែលមានឈ្មោះ) សម្រាប់សេវាប្រចាំឆ្នាំ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ http://www.unionpayintl.com/kh/

RELATED ARTICLES