ឃើញផ្ទះគ្មានមនុស្សរស់នៅ ស្រាប់តែបោះចោល… ផ្អើលតែម្តង

0
91

ភ្នំពេញ ៖ ផ្ទះ១ខ្នង ដែលត្រូវម្ចាស់ទុកចោល (គ្មានអ្នកស្នាក់នៅ) ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយសារមានអ្នកបោះកន្ទុយបារីចោល បណ្តាលឱ្យរងការខូចខាត សម្ភារ:អស់ជាច្រើន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ផ្ទះដែលទទួលរងការខូចខាត មានទំហំ ១០ម៉ែត្រ គុណនឹង ១៥ម៉ែត្រ មានម្ចាស់ឈ្មោះឃៀង វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ។ សព្វថ្ងៃ ផ្ទះ១ខ្នងនេះ ត្រូវបានម្ចាស់ទុកចោល គ្មានអ្នកស្នាក់នៅនោះទេ។

តាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ច មូលហេតុដែលបណ្តាលឱ្យមានការឆាបឆេះនេះ គឺមកពីការបោះកន្ទុយបារីចោល បង្កជាអគ្គិភ័យឆេះបំផ្លាញផ្ទះ ១ខ្នងទាំងស្រុង  ខូចខាតឆេះសម្ភារ:ទុកចោលអស់មួយចំនួន តែយ៉ាងណា ពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ហើយក៏មិនបង្កឱ្យមានអ្នកណាម្នាក់ទទួលរងគ្រោះ ឬរបួសស្នាមអ្វីនោះដែរ។

ជុំវិញហេតុការណ៍អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យពន្លត់អគ្គិភ័យ ចំនួន ៥គ្រឿង ប្រើប្រាស់ទឹក អស់ ៦ឡាន ស្មើនឹង ២០ម៉ែត្រគូប រហូតដល់ភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕